នៅប្រទេសប៊ូគីណាហ្វាសូសង្គ្រាមស៊ីវិលបានអូសបន្លាយបន្ថែមទៀតធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់អាហារ។មានស្ត្រីជាច្រើនបានចូលបេះបន្លែ ផ្លែឈើក្នុងព្រៃ ‘ព្រោះគ្មានអាហារបរិភោគ’។មន្ត្រីក្នុងតំបន់ និងអ្នកស្រុកបាននិយាយថា គេសង្ស័យថាក្រុមជីហា បានចាប់ពង្រត់ស្ត្រីប្រហែល 50 នាក់នៅក្នុងតំបន់ក្រុមបះបោរ កាន់កាប់នៅភាគខាងជើងប្រទេស Burkina Faso ។
ប្រភបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ស្រ្តីប្រហែល 40 នាក់ត្រូវបានចាប់ពង្រត់នៅចម្ងាយប្រហែល 12 គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង Arbinda កាលពីថ្ងៃព្រហស្បតិ៍ទី១២ មករា ២០២៣ ហើយប្រហែល 20នាក់ផ្សេងទៀតត្រូវបានចាប់កាលពីថ្ងៃសុក្រទៅកាន់ភាគខាងជើងទីក្រុង។
ពួកគេបាននិយាយថា មនុស្សជាច្រើននាក់បានរត់គេចខ្លួនត្រឡប់ទៅភូមិពួកគេវិញដើម្បីប្រាប់ដំណឹង។
ចាប់តាំងពីឆ្នាំ 2015 ប្រទេសអាហ្រ្វិកខាងលិចក្រីក្របំផុតមួយនេះ បាននឹងកំពុងប្រឈមមុខនឹងការបះបោរដែលដឹកនាំដោយក្រុមជីហាដដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងមនុស្សប្រហែល 2 លាននាក់ផ្លាស់ទីលំនៅ។អ្នកស្រុកម្នាក់បាននិយាយថា៖«ស្ត្រីបានប្រមូលផ្ដុំគ្នាដើម្បីចូលព្រៃបេះបន្លែ ផ្លែឈើព្រៃ ព្រោះគ្មានអ្វីសម្រាប់បរិភោគ» សាក្សីបានបន្ថែមថាក្រុមស្រ្តីទាំងនោះបានជិះរទេះចូលព្រៃកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រុកម្នាក់ទៀតបាននិយាយថា៖ «នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១២ មករា ២០២៣ ពួកគេមិនត្រឡប់មកភូមិវិញទេ យើងគិតថារទេះរបស់ពួកគេមានបញ្ហា»។ «ប៉ុន្តែអ្នកនៅរស់មានជីវិតបីនាក់បានត្រឡប់មកវិញដើម្បីប្រាប់យើងពីអ្វីដែលបានកើតឡើង»។ប្រភពដដែលបាននិយាយថាស្ត្រីប្រហែល 20 នាក់ត្រូវបានចាប់ពង្រត់ដំបូងនៅចម្ងាយ 8 គីឡូម៉ែត្រខាងជើងទីក្រុង Arbinda ។អ្នកស្រុកបានបន្ថែមថា៖ «ក្នុងក្រុមទាំងពីរ មានស្ត្រីខ្លះបានរត់គេចខ្លួនត្រឡប់មកភូមិវិញដោយថ្មើរជើង»។ «យើងជឿថាក្រុមចាប់ជំរិតបាននាំពួកគេទៅមូលដ្ឋានកងទ័ពរបស់ពួកគេ»។
ទីក្រុងArbinda ស្ថិតនៅក្នុងតំបន់ Sahel នៃភាគខាងជើង Burkina Faso ដែលជាតំបន់ស្ថិតក្រោមការកាន់កាប់ដោយក្រុមជីហាដ និងមានការផ្គត់ផ្គង់អាហារដោយមានកំណត់។ទីប្រជុំជន និងតំបន់ជុំវិញត្រូវបានលោមព័ទ្ធនិងវាយប្រហារជាញឹកញាប់ដោយពួកជីហាដ ដែលជារឿយៗការវាយប្រហារសំដៅទៅលើជនស៊ីវិល។
នៅខែធ្នូ ឆ្នាំ 2019 ជនស៊ីវិល 35 នាក់ក្នុងចំណោម 42 នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារទីក្រុងគឺជាអ្នកស្រុករស់នៅក្នុងតំបន់។
ប្រជាជននៅតំបន់ Arbinda ពឹងផ្អែកលើការផ្គត់ផ្គង់អាហារពីខាងក្រៅ។នៅខែវិច្ឆិកា ឆ្នាំ 2022 លោក Idrissa Badini អ្នកនាំពាក្យសង្គមស៊ីវិលបានលើកឡើងថា៖ «ប្រជាជនបានប្រើប្រាស់ស្បៀងបម្រុងរបស់ពួកគេគឺជិតដល់គ្រោះមហន្តរាយមនុស្សធម៌ហើយ»។
អង្គការសហប្រជាជាតិ និយាយថា ប្រជាជនជិត ១លាននាក់ កំពុងរស់នៅក្នុងតំបន់បិទខ្ទប់ នៅភាគខាងជើង និងខាងកើតប្រទេស។មន្ត្រីកងទ័ពដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល Burkina Faso បានធ្វើរដ្ឋប្រហារចំនួនពីរដងក្នុងឆ្នាំនេះ ដើម្បីបង្ហាញពីកំហឹងចំពោះការបរាជ័យក្នុងការបង្រ្កាបក្រុមបះបោរជីហាដ។
ប្រភព៖ The Guardian ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣