ភ្នំពេញ៖ នៅថ្ងៃទី១២ និងទី១៣ខែមករាឆ្នាំ២០២៣នេះ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានបើកវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់ជនមានពិការភាពចំនួនប្រមាណ៣០នាក់(ស្រី១០នាក់) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែកនិងសមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្គោលនៃ WMC បានចែករំលែកចំណេះដឹងស្តីពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ការគិតបែបស៊ីជម្រៅ ការផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយ និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិត។
ក្នុងការបង្រៀននេះ សិក្ខាកាមដែលបានចូលរួមបានចូលរួមឆ្លើយសំណួរ និងពិភាក្សាក្រុមយ៉ាងសកម្ម ពិសេសបានលើកឡើងនូវចម្ងល់ជាច្រើនទាក់ទងនឹងព័ត៌មានដែលសង្ស័យថាមិនពិត ហើយតែងជួបប្រទះកន្លងមកលើបណ្តាញសង្គម។ ជាងនេះសិក្ខាកាម បានចែករំលែកពិសោធន៍ដែលមានជនខិលខូចធ្លាប់ឆបោកតាមហ្វេសប៊ុកមកបង្ហាញក្នុងកម្មវិធីផងដែរ។
លោក ម៉ាណាត់ សិក្ខាកាមមួយរូបដែលបានចូលរួមកម្មវិធីនេះបានសម្តែងក្តីរីករាយដែលបានទទួលចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ។ លោកថា កន្លងមកលោកតែងចែករំលែកព័ត៌មានដោយមិនបានដឹងថា ជាព័ត៌មានពិតឬក្លែងក្លាយនោះទេ។ លោក ម៉ាណាត់ សន្យាថានឹងជួយចែករំលែកចំណេះដឹងនេះដល់មិត្តភក្តិ បងប្អូន និងអ្នកជិតខាងក្នុងសហគមន៍ដើម្បីឱ្យពួកគេបានយល់ដឹងពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ ពិសេសចេះយល់ដឹងពីព័ត៌មានពិតនិងក្លែងក្លាយ។
ដោយឡែកសិក្ខាកាមផ្សេងៗទៀតបានលើកឡើងប្រហាក់ប្រហែលគ្នាថា បន្ទាប់ពីបានសិក្សាយល់ដឹងពីព័ត៌មានពិតនិងក្លែងក្លាយនេះ ហើយពួកគេនឹងមិនចែករំលែកព័ត៌មានដែលសង្ស័យថាមិនពិត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)និងបើកវគ្គបណ្តុះបណ្តាលចំនួន ៨លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនប្រមាណ៣០នាក់ចូលរួម៕
កម្រងរូបភាពនៃសកម្មភាពក្នុងវគ្គបណ្តុះបណ្តាល៖