en     km
en     km

លោកស្រី ឱ វណ្ណឌីន៖ វីរុសបំប្លែងថ្មីXBB ឆ្លងលឿនជាងមុន តែមិនច្បាស់ពីអាការយ៉ាងណានោះទេ

Share

នាពេលថ្មីៗ វីរុសកូវីដ១៩ ប្រភេទអូមីក្រុងបានបំប្លែងខ្លួនជាថ្មី ប្រភេទXBB។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសបំប្លែងថ្មីនេះ មានការជ្រៀតលឿនខ្លាំងចូលក្នុងសរីរាង្គរបស់មនុស្ស និងមិនទាន់ដឹងថា វាមានភាពធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរកម្រិតណានោះទេ។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា អាការៈនៃអ្នកជំងឺដែលឆ្លងមេរោគបំប្លែងថ្មីនេះ គឺតឹងច្រមុះ និងរមាស់លើសរីរាង្គកាយ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន បានថ្លែងដោយផ្អែកទៅតាមវេជ្ជបណ្ឌិតប្រធានផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ សាំងភីតទ័រ សហរដ្ឋអាមេរិក ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទXBB។ តែយ៉ាងណា កាលពីឆ្នាំ២០២២ កន្លងទៅក៏មានអ្នកជំងឺផ្ទុកវីរុសកូវីដ១៩ មានអាការៈប្រហាក់ប្រហែលគ្នានេះដែរនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងបន្ថែមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

ស្របពេលនៃការរកឃើញវីរុសបំប្លែងខ្លួនថ្មីXBB លោកស្រីឱ វណ្ណឌីន ក៏បាននិយាយដល់ការទទួលវ៉ាក់សាំង ដើម្បីការពារខ្លួនពីវីរុសបំប្លែងខ្លួនថ្មីដូចគ្នា។ លោកស្រីថា ការទទួលវ៉ាក់សាំងចម្រុះគ្នា នឹងជួយបង្កើនភាពសាំក្នុងរាង្គកាយបានល្អ ជាជាងទទួលវ៉ាក់សាំងតែមួយមុខ។

រាជរដ្ឋាភិបាលកន្លងទៅបានប្រកាសឱ្យដឹងថាវ៉ាក់សាំងក្នុងស្ដុកសល់ជាង៧លានដូស ហើយបដិសេធមិនទាន់ទទួលពីប្រទេសដទៃទៀត ដោយសារវ៉ាក់សាំងក្នុងស្ដុកសល់ច្រើន។ ទន្ទឹមគ្នានេះ ទាំងរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយបន្ដទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ដូស។

របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មានអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន៩នាក់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង