en     km
en     km

អ.ប.ព បញ្ជូនមន្ដ្រីសេដ្ឋកិច្ចម្នាក់ទៅកាន់សាលាដំបូង ករណីកិបកេងលុយក្រសួង

Share

អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) បានបញ្ជូនបុគ្គលម្នាក់ដែលជាមន្ដ្រីនៃក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៣ ក្រោយស៊ើបអង្កេតរកឃើញថា បុគ្គលឈ្មោះ ឡាយ សំណាង ជាមន្ដ្រីនៃក្រសួងនេះ បានកិបកេងលុយក្រសួងចំនួនជាង២៦ម៉ឺនដុល្លាអាមេរិក។

ផ្អែកតាមអ.ប.ពបានបញ្ជាក់ថា មន្ដ្រីរូបនេះ បានកេងប្រវ័ណ្ចលុយក្រសួងចំនួន៤ គម្រោងនៅឆ្នាំ២០១៩ និងចំនួន៣ គម្រោងនៅឆ្នាំ២០២០។ អ.ប.ព បានអះអាងថា បុគ្គល ឡាយ សំណាង តែងតែមានលេសដោះសាររហូត ពេលបេឡាករសួរនាំអំពីថវិកាដែលបានបើក និងឯកសារអមនានា។

ក្រៅពីបានកិបកេងលើលុយគម្រោងរបស់ក្រសួង បុគ្គលឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញបទល្មើសមួយទៀត លើគម្រោងចំនួន៤បន្ថែម ដែលមានអាណត្តិបើកប្រាក់ជាង១២ម៉ឺនដុល្លា និងមានការលាងសម្អាតប្រាក់ គឺជាលុយដែលបានមកពីអំពើពុករលួយនេះដែរ។ សរុបលុយដែលបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចកាន់តំណែង ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងជាភ្នាក់ងារបើកផ្ដល់ទទួលបន្ទុកការងារលើថវិកាពីធនាគារជាតិទៅទុកនៅបេឡាក្រសួង និងបញ្ជូនទៅកាន់គោដៅនានា សរុបចំនួនជាង៣៦ម៉ឺនដុល្លាអាមេរិក។

យ៉ាងណាបុគ្គលឈ្មោះ ឡាយ​ សំណាង ខាងលើ ត្រូវបានអ.ប.ព ស៊ើបអង្កេតអស់រយៈពេលជាង១៣ខែ ដែលមានការស្ដាប់ចម្លើយ ៤២លើកមកហើយ និងមានចម្លើយពីអ្នកពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតទ្រព្យសម្បត្តិបុគ្គលរូបនេះផងដែរ ទើបមន្ដ្រីយុត្តិធម៌នៃអ.ប.ព ធ្វើការឃាត់ខ្លួននៅថ្ងៃទី១០ ខែមករា ព្រមទាំងបញ្ជូនទៅកាន់តុលាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ ពោលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង

Image