ខណៈក្រសួងព័ត៌មាន កំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន សង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធបញ្ហានេះ បានស្នើទៅកាន់ក្រសួងព័ត៌មាន ឲ្យដាក់បញ្ចូលមាត្រាដាច់ដោយឡែកមួយ ស្តីពីពាក្យបណ្តឹង ហើយក្នុងមាត្រានោះដែរ សង្គមស៊ីវិលចង់ឱ្យបង្កើតសា្ថប័ន ឬគណៈកម្មការឯករាជ្យមួយ ដើម្បីទទួលពាក្យបណ្តឹងរបស់អ្នកព័ត៌មាន នៅពេលដែលគ្មានការផ្តល់ព័ត៌មានតាមការស្នើសុំរបស់ពួកគេ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយរូបនេះ បានឱ្យដឹងទៀតថា អាជ្ញាធរសាធារណៈមានសិទ្ធិផ្សព្វផ្សាយ និងផ្តល់ព័ត៌មានតាមការស្នើសុំរបស់អ្នកសាព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ ហេតុដូច្នេះលោកចង់ឱ្យសេចក្តីព្រាងច្បាប់ ដែលកំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន គួរតែមានមាត្រាមួយដាច់ដោយឡែក និយាយឱ្យកាន់តែច្បាស់ពីការដាក់ពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន ហើយជាពិសេសនោះគួរតែបង្កើតឱ្យមានស្ថាប័ន ឬគណៈកម្មការឯករាជ្យមួយ ដើម្បីទទួល និងដោះស្រាយពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន។
មន្ត្រីទំនាក់ទំនង និងតស៊ូមតិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក សូ សោទ្ធី បានថ្លែងថា អ្នកសារព័ត៌មានគឺជាបណ្តាញប្រមូលព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ។ លោកថា ការខ្វះនូវសិទ្ធិទទួលព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន គឺជាកង្វះនូវសិទ្ធិទទួលព័ត៌មានសម្រាប់ប្រជាពលរដ្ឋទូទៅ។
លោកសូ សោទ្ធីបន្តថា កន្លងមក អ្នកសារព័ត៌មានពិបាកក្នុងការទទួលបានព័ត៌មានពីអ្នកពាក់ព័ន្ធ ដោយសំណើសុំព័ត៌មានពីមន្ត្រី ឬអាជ្ញាធរត្រូវបានគេទុកចោល ឬបដិសេធមិនឆ្លើយតែម្តង។
លោក សូ សោទ្ធីបន្ថែមថា បើតាមសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលកំពុងធ្វើសេចក្ដីព្រាងនេះ បានកំណត់ថា មន្ត្រីរដ្ឋាភិបាលមិនអាចបដិសេធចំពោះការស្នើសុំព័ត៌មានរបស់អ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋបាននោះទេ។
លោកថ្លែងទៀតថាប្រសិនបើជាព័ត៌មាន ដែលអ្នកសារព័ត៌មានស្នើហើយ មន្ត្រីទទួលបន្ទុកព័ត៌មានមិនដោះស្រាយ ឬយកទៅទុកចោល ហើយគ្មានការដាក់ទោសទណ្ឌទៅលើមន្ត្រីទាំងនោះទេ មន្ត្រីដែលប្រព្រឹត្តខុសទាំងនោះ នឹងនៅតែបន្តធ្វើបែបហ្នឹង។ ដូចនេះលោកស្នើឱ្យមានដាក់វិន័យចំពោះមន្ត្រីទទួលបន្ទុកព័ត៌មានទៅតាមផ្លូវច្បាប់ បើសិនជាពួកគេទទួលការសុំព័ត៌មានហើយ ប៉ុន្តែបែរជាមិនព្រមផ្តល់ព័ត៌មានឱ្យក្នុងកាលកំណត់ណាមួយឱ្យច្បាស់។ លោកថា រដ្ឋាភិបាល គួរតែបង្កើតស្ថាប័នឯករាជ្យមួយ ដើម្បីវិនិច្ឆ័យលើការបដិសេធមិនផ្តល់ព័ត៌មាន ពីមន្ត្រីទទួលបន្ទុកព័ត៌មានផងដែរ។
ចំណែកលោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា លោកគាំទ្រចំពោះការស្នើឱ្យបង្កើតស្ថាប័នឯករាជ្យមួយ ក្នុងការដោះស្រាយបញ្ហាពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន៖«ក្នុងក្របខ័ណ្ឌច្បាប់ហ្នឹង បើសិនជាយើងមានយន្តការមួយផ្សេងទៀតសម្រាប់ដោះស្រាយរាល់បញ្ហាដែលកើតឡើង ដែលថាយើងដាក់ទៅវាមិនបានដូចចិត្តអីត្រូវដោះស្រាយតាមយន្តការអីមួយផ្សេងទៀត ដែលវាងាយស្រួលជាងទៅតុលាការ ខ្ញុំគិតថាល្អយើងក៏គាំទ្រ ហើយយើងចង់បានយន្តការបែបហ្នឹងដែរ»។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ចុងក្រោយ នៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននាពេលបច្ចុប្បន្ននេះ មានចំនួន៩ជំពូក និង៣៤មាត្រា៕