បាងកក៖ មន្ត្រីថៃបានរកឃើញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិកូនៗរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា អំឡុងពេលវាយឆ្មក់ចូលផ្ទះមហាសេដ្ឋីមីយ៉ាន់ម៉ាម្នាក់នៅទីក្រុងបាងកក ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។
ប័ណ្ណកម្មសិទ្ធិខុនដូនៅក្រុងបាងកកនិងសៀវភៅធនាគាររបស់កូនៗឧត្ដមសេនីយ៍ Min Aung Hlaing ត្រូវបានរកឃើញនៅផ្ទះរបស់លោក Tun Min Latt អាយុ 53 ឆ្នាំដែលត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីបាងកកប្រទេសថៃកាលពីខែកញ្ញាឆ្នាំ២០២២ រួមជាមួយនឹងជនជាតិថៃចំនួន 3 នាក់ទៀត ដោយត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់។
បើតាមរ៉យទ័របានឱ្យដឹងពីប្រភពអាណាមិកកាលពីឆ្នាំមុនថា លោក Tun Min Latt គឺមនុស្សជិតស្និទ្ធរបស់លោក Min Aung Hlaing។ប្រភពបានឱ្យដឹងបន្ថែមថា លោក Tun Min Latt ជាអ្នកទិញគ្រឿង
សម្ភារៈភស្តុភាផ្គត់ផ្គង់យោធាភូមាទាំងមូល។
លោក Tun Min Latt កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ មេធាវីរបស់លោកមិនអាចទាក់ទងសុំការអធិប្បាយបានទេ។កូនពីរនាក់របស់លោក Min Aung Hlaing អាចមិនប្រឈមមុខចំពោះវិធានការផ្លូវច្បាប់លើទ្រព្យសម្បត្តិនេះទេ។នេះបើយោងតាមមនុស្សពីរនាក់ដែលបានដឹងអំពីករណីនេះ។ប្រភពបានបន្ថែមថា អាជ្ញាធរថៃមិនបានចាត់ទុកកូនៗរបស់ Min Aung Hlaing ពាក់ព័ន្ធនឹងករណីលោក Tun Min Latt ទេ។
កូនប្រុសរបស់ Min Aung Hlaing ឈ្មោះ Aung Pyae Sone(អ៊ុង ស្វេ សន) និងកូនស្រីឈ្មោះ Khin Thiri Thet Mon(ឃិន ធីរី ថេតម៉ុន) ត្រូវបានដាក់ទណ្ឌកម្មជាមួយឳពុកដោយសហរដ្ឋអាមេរិក និងប្រទេសកាណាដាផងដែរ។ សហរដ្ឋអាមេរិកបាននិយាយថាពួកគេមានអាជីវកម្មដែល “ទទួលបានផលប្រយោជន៍ផ្ទាល់ពីតំណែងឪពុកពួកគេ”។
អ្នកនាំពាក្យក្រុមសកម្មជន Justice for Myanmar បាននិយាយថា ការរកឃើញទ្រព្យសម្បត្តិនេះក៍បានបង្ហាញផងដែរថា គ្រួសាររបស់ Min Aung Hlaing កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទាន់ដើម្បីចៀសវាងការចោទប្រកាន់ថាបានការពារឧក្រិដ្ឋជនសង្គ្រាមមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបង្វែរសំណួររបស់ Reuters ទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ ដែលមិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ។ ក្នុងអំឡុងពេលនៃការវាយឆ្មក់ទៅលើផ្ទះ Tun Min Latt កាលពីខែកញ្ញា ឆ្នាំ២០២២ ក្នុងទីក្រុងបាងកក ប៉ូលីសបាននិយាយថា ពួកគេបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ ជិត៩លានដុល្លាររួមទាំងរថយន្តទំនើប នាឡិកា និងកាបូបថ្លៃៗ រួមនឹងប្រាក់ចំនួន $239,091(ជិត២៤ម៉ឹនដុល្លារសហរដ្ឋអាមេរិក)។ យោងតាមកំណត់ត្រារឹបអូសទ្រព្យសម្បត្តិផ្លូវការចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ពួកគេក៏បានរកឃើញប័ណ្ណកម្មសិទ្ធិខុនដូដែលមានបន្ទប់គេង៤ ដាក់ឈ្មោះ Aung Pyae Sone ជាកូនប្រុសមីងអ៊ុងឡាំងកាលពីឆ្នាំ ២០១៧ រួមជាមួយនឹងសៀវភៅធនាគារ Siam Commercial Bank( SCB) ចំនួនពីរ មានឈ្មោះគណនី ឃិន ធីរី ថេតម៉ុន ជាកូនស្រីរបស់លោកឧត្ដមសេនីយ៍មីងអ៊ុងឡាំងផងដែរ។ ចាប់តាំងពីរដ្ឋប្រហារមកកងកម្លាំងរបស់លោក Min Aung Hlaing បានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើអ្នកប្រឆាំងយ៉ាងឃោរឃៅ នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់កងទ័ពមីយ៉ាន់ម៉ាពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ តែក្រុមយោធានិយាយថា ខ្លួនកំពុងធ្វើសង្គ្រាមជាមួយក្រុម “ភេរវករ”។ Reuters បានបញ្ជាក់ថា គណនីធនាគាររបស់លោកស្រី Khin Thiri Thet Mon ត្រូវបានបិទតាំងពីពេលនោះមក ប៉ុន្តែមិនដឹងថាអ្នកណាបិទ ឬនៅពេលណានោះទេ។ម្ចាស់ធនាគា SCB និងម្ចាស់ខុនដូ Belle Grand Rama 9 មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ប៉ូលីសថៃ ការិយាល័យត្រួតពិនិត្យគ្រឿងញៀន(ONCB) និងការិយាល័យប្រឆាំងការលាងលុយកខ្វក់(AMLO) ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ។
ប្រភព៖ Reuters ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣