ភ្នំពេញ៖នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានចេញសេចក្តីជូនព័ត៌មាន ជុំវិញការស្រាវជ្រាវរកឃើញថា ពិតមានករណីមន្ត្រីការិយាល័យទី ២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះអនុវត្តការងារល្មើសនឹងវិន័យ វិជ្ជាជីវៈ និងបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមែន។
កាលចុះស្រាវជ្រាវនេះ បន្ទាប់ពីអង្គភាពប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានផ្សព្វផ្សាយពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាពនៅកើតឡើងនៅភូមិតាងួន ២ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបានផ្សាយពីហេតុការណ៍ ក្រុមសមត្ថកិច្ចចុះឃាត់ខ្លួន ឆែកឆេរលើអ្នករត់ តុក តុកម្នាក់ដោយសង្ស័យថាមានលួចលាក់គ្រឿងញៀន និងបានប្រមូលលុយដែលមានក្នុងកាបូបរបស់អ្នករត់ តុក តុក នោះទៀតផង។
ករណីនេះ មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវរកឃើញថា ក្រុមមន្ត្រីការិយាល័យទី ២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅអនុវត្តន៍វិធាន ញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំ សម្របសម្រួល ពីលោកព្រះរាជអជ្ញារងរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ការចុះអនុវត្តន៍ការងារនេះ ក្រុមសមត្ថកិច្ចបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
តាមការផ្សាយលើគណនី Tik Tok សុជាតា បានរៀបរាប់ថា មានសមត្ថកិច្ចមួយក្រុមចុះបង្រ្កាបករណីគ្រឿងញៀនលើអ្នករត់ តុក តុក ម្នាក់ ដោយឃាត់ខ្លួនវាយខ្នោះនិងរឹបអូសវត្ថុតាងនានាជាមួយលុយក្នុងកាបូបផងដែរ។ នារីដែលផ្សាយក្នុងគណនី Tik Tok សុជាតា បានបន្ថែមថា ដោយករណីនេះបានកើតឡើងញឹកញាប់ប្រជាពលរដ្ឋក៏សម្រេចនាំគ្នាឃាត់សមត្ថកិច្ចនឹងតម្រូវឱ្យដោះលែងអ្នករត់ តុក តុក ព្រោះយល់ថា អ្នករត់ តុក តុក ដែលពួកគេស្គាល់ជាមនុស្សស្អាតស្អំ។
នារីដែលផ្សាយហេតុការណ៍នោះបានបញ្ជាក់ថា ក្រោយពេលប្រជាពលរដ្ឋឃាត់មិនឱ្យសមត្ថកិច្ចចាកចេញ គ្រានោះក្រុមសមត្ថកិច្ចបានដោះលែងអ្នករត់តុក តុក និងប្រគល់សម្ភារៈមកវិញ តែកាបូបបានបាត់លុយចំនួន ៤០ ដុល្លារអាមេរិក។ នៅគ្រានោះដែរ ក្រុមប្រជាពលរដ្ឋនៅតែមិនព្រមឱ្យសមត្ថកិច្ចចាកចេញដោយតម្រូវឱ្យប្រគល់លុយចំនួន ៤០ដុល្លារនោះមកវិញទើបព្រមឱ្យចាកចេញ។ ពេលនោះក្រុមសមត្ថកិច្ចក៏យល់ព្រមប្រគល់លុយជូនអ្នករត់ តុក តុក វិញ ហើយក្រុមប្រជាពលរដ្ឋរដ្ឋទើបព្រមឱ្យសមត្ថកិច្ចទាំងនោះចេញពីទីនោះ។
ក្នុងសេចក្តីជូនព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន និងមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មានទាន់ពេលវេលាចូលរួមក្នុងការរក្សាសន្តិសុខ និងស្ថិរភាពសង្គម៕