បាងកក៖ រដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃពុធទី១១ មករា ២០២៣ ថា ប្រទេសថៃគ្រោងនឹងចាប់ផ្តើមប្រមូលកម្រៃ ៣០០ បាត (ប្រហែល៩ ដុល្លារសហរដ្ឋអាមេរិក) ពីភ្ញៀវទេសចរបរទេសម្នាក់ដែលចូលមកក្នុងប្រទេសថៃចាប់ពីខែមិថុនា ឆ្នាំ២០២៣តទៅ។ការគៀរគរប្រាក់ពីភ្ញៀវទេសចរណ៍បរទេសនេះគឺសម្រាប់ជួយដល់ភ្ញៀវទេសចរដែលជួបគ្រោះថ្នាក់ផ្សេងៗ និងអភិវឌ្ឍគោលដៅទេសចរណ៍។
វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលបានរួមចំណែកប្រហែល 12 ភាគរយនៃផលិតផលក្នុងស្រុកសរុប កាលពីមុនមានជំងឺរាតត្បាតកូវីដ១៩។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Phiphat Ratchakitprakarn បាននិយាយថា “កម្រៃសេវានឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានប័ណ្ណការងារ និងលិខិតចូលច្រកព្រំដែន(border passes)” លោករដ្ឋមន្រ្តីបានបន្ថែមថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួន 25 លាននាក់នៅឆ្នាំ២០២៣នេះ។
គម្រោងយកកម្រៃពីភ្ញៀវទេសចរនេះត្រូវបានមេដឹកនាំថៃពិចារណាជាលើកដំបូងកាលពីឆ្នាំមុន ហើយត្រូវបានអនុម័តពីគណៈរដ្ឋមន្ត្រី។
លោក Phiphat បាននិយាយថា ការចំណាយលើវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងឡើងដល់យ៉ាងហោចណាស់ ២,៣៨ ពាន់ពាន់លានបាតនៅឆ្នាំ២០២៣នេះ។ក្នុងឆ្នាំ 2019 ប្រទេសថៃបានទទួលភ្ញៀវទេសចរជិត 40 លាននាក់។
ប្រភព៖ C N A ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣