en     km
en     km

សកម្មជនស្រ្តីអ៊ីរ៉ង់ម្នាក់សរសេររ៉ាយរ៉ាប់ពីទង្វើព្រៃផ្សៃដែលកើតមាននៅក្នុងគុកអ៊ីរ៉ង់

Share

សកម្មជនស្រ្តីម្នាក់មានសញ្ជាតិអ៊ីរ៉ង់ បានសរសេរសំបុត្ររៀបរាប់ពីរបៀបធ្វើទារុណកម្មរបស់មន្រ្តីពន្ធធនាគារនៃគុកដ៏ល្បីល្បាញមួយក្នុងប្រទេសអ៊ីរ៉ង់ដែលបង្ខិតបង្ខំអ្នកទោសឱ្យសារភាព។

 

(កញ្ញា កែវ សុជាតា រាយការណ៍នូវព័ត៌មាននេះ)

យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា អ្នកស្រី Sepideh Qolian ជាសកម្មជននយោបាយអ៊ីរ៉ង់ម្នាក់ ដែលត្រូវបានតុលាការអ៊ីរ៉ង់កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ពីបទប្រឆាំងនឹងសន្តិសុខជាតិចំពោះការគាំទ្រការធ្វើកូដកម្មរបស់កម្មកររោងចក្រស្ករមួយក្នុងខេត្ត Khuzestan ប្រទេសអ៊ីរ៉ង់។

តាមប្រភពដដែលបានបន្តថា អ្នកស្រី Qolian ត្រូវបានគេឃុំឃាំងក្នុងគុក Evin ដែលជាទីតាំងដំបូងរបស់អ្នកស្រីក្នុងការចាប់ផ្តើមសរសេរពិព័ណ៌នាពីហេតុការណ៍ខុសប្រក្រតីក្នុងពន្ធនាគារ ថាមានសកម្មភាពព្យាបាទនិងធ្វើទង្វើអសីលធម៌ឥតស្រាកស្រាង់មកលើរូបនាង និងអ្នកជាប់ឃុំផ្សេងទៀតដើម្បីឱ្យសារភាពទោសទាំងបង្ខំ។ ជាពិសេស ការសារភាពទោសទាំងអស់សុទ្ធតែត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ។

អ្នកស្រីបានសរសេររ៉ាយរ៉ាប់ពីព្រឹត្តិការណ៍ក្នុងឆ្នាំ២០១៨ អំឡុងពេលមន្រ្តីពន្ធនាគារសួរចម្លើយអ្នកស្រីផ្ទាល់ដោយលើកឡើងថា ដ្បិតតែមន្រ្តីពន្ធនាគារជាស្រ្តីដូចគ្នា ក៏ប៉ុន្តែគេហាក់មិនឱ្យតម្លៃ និងព្យាយាមប្រើប្រាស់ហិង្សា ក្នុងចេតនាបង្ខំឱ្យផ្តល់ចម្លើយតាមអ្វីដែលគេចង់បាន។ អ្នកស្រីបន្តថា បន្ទាប់ពីត្រូវបានគេសួរចម្លើយអស់ជាច្រើនម៉ោង អ្នកស្រីបានសុំគេទៅបង្គន់ ពេលនោះហើយអ្នកសួរចម្លើយបានរុញអ្នកស្រីទៅខាងក្នុង ហើយចាក់សោជាប់ក្នុងន័យបង្ខាំងធ្វើទារុណកម្ម។បន្ទាប់មក មន្ត្រីពន្ធនាគាររូបនោះបានដោះលែងអ្នកស្រីពីបង្គន់វិញ រួចបន្តសួរចម្លើយរយៈពេល ៣ថ្ងៃបន្ថែមទៀត មុនពេលនាំអ្នកស្រីទៅបន្ទប់បំពាក់កាមេរ៉ា។

អ្នកស្រី Qolian បញ្ជាក់ច្បាស់ៗថា ខណៈអ្នកស្រីមានស្មារតីមិននឹងនរ មន្រ្តីពន្ធនាគារបានហុចក្រដាសសំណេរមួយឱ្យអ្នកស្រីអាន។ ផ្អែកតាមចម្លើយសារភាពទាំងនេះហើយ តុលាការបានសម្រេចកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារអស់រយៈពេល៥ឆ្នាំ។មកទល់នឹងពេលនេះ អ្នកតវ៉ាយ៉ាងតិច ៥១៩ នាក់ ក្នុងនោះមានកុមារចំនួន ៦៩ នាក់ ត្រូវបានស្លាប់ និង មនុស្សជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងទិន្នន័យរបស់តាមទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ។

សូមបញ្ជាក់ថា អ្នកដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ហើយរហូតមកដល់ពេលនេះ អ្នកតវ៉ាបួននាក់ត្រូវបានព្យួរក បន្ទាប់ពីចម្លើយសារភាពរបស់ពួកគេត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍។
ដោយឡែក សកម្មជនសិទ្ធិមនុស្ស និងមេធាវី បាននិយាយថា ការកាត់ក្តីត្រូវបានធ្វើឡើងដោយគ្មានតំណាងផ្លូវច្បាប់ ឬបន្ទាប់ពីធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើជនជាប់ចោទ។ ក៏ប៉ុន្តែ អាជ្ញាធរអ៊ីរ៉ង់បានបដិសេធទាំងស្រុងលើអះអាងទាំងនេះ៕

ប្រភព៖ BBC ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image