en     km
en     km

កីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខ ជាព្រឹត្តិការណ៍កីឡាគ្មានផ្សែងថ្នាំជក់

Share

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានសម្រេចហាមការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រនិចនានា និងមិនទទួលការឧបត្ថម្ភណាមួយពីក្រុមហ៊ុនបារីនោះឡើយ។

គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងរៀបចំឡើងនៅខែឧសភា និងខែមិថុនា ឆ្នា២០២៣ខាងមុខ គឺមានបម្រាបមិនឱ្យមានការជក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ទាំងមូល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

នេះបើយោងតាមសេចក្ដីណែនាំនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣នេះ។
ខ្លឹមសារនៃសេចក្តីណែនាំបានឱ្យដឹងថា ការហាមមិនឱ្យមានផ្សែងថ្នាំជក់ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ីអាគ្នេយ៍នេះ បំណងដើម្បីបន្តរក្សាវប្បធម៌កីឡាគ្មានថ្នាំជក់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវរៀបចំឡើងនាប៉ុន្មានខែខាងមុខនេះ។ព្រមជាមួយគ្នានេះ ក៏ដើម្បីអនុវត្តទៅតាមច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ផងដែរ។

ដោយឡែកប្រភេទផ្សែងថ្នាំជក់ ដែលហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡារួមមាន ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី (HTPs)។លើសពីនេះ គណៈកម្មាការក៏បានហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំជក់បារីអេឡិចត្រូនិក និង ផលិតផលអេចណ៍ ធី ភី (HTPs) គ្រប់ទម្រង់ផងដែរ។
គណៈកម្មាការរៀបចំការប្រកួតបន្តឱ្យដឹងថា កម្មវិធីមិនទទួលការឧបត្ថម្ភនានា របស់ក្រុមហ៊ុនថ្នាំជក់ឡើយ ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ។
យ៉ាងណាមិញប្រភពបន្តថា កម្មវិធីប្រកួតកីឡានេះត្រូវបានបញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិក ព្រមទាំងមានការផ្សព្វផ្សាយអំពី «កីឡាគ្មានថ្នាំជក់» ឱ្យបានទូលំទូលាយដល់ប្រតិភូកីឡា អ្នកពាក់ព័ន្ធក្នុងការរៀបចំ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទៅ តាមរយៈការបណ្តុះបណ្តាល ការជូនដំណឹង និងតាមបណ្ដាញព័ត៌មាន សង្គមជាដើម។

សូមរំលឹកថា របាយការណ៍របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១ម៉ឺននាក់ (១៥,០០០នាក់) ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពី ជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ៕

Share

Image
Image
Image