en     km
en     km

ផ្ទះសសរ១០០ខេត្តក្រចេះបើកទទួលទេសចរ តែក្រសួងវប្បធម៌ស្វែងរកថវិកាសាងសង់សសរបន្ថែម

Share

ផ្ទះសសរ១០០នៃក្រុងក្រចេះ ដែលជាសារមន្ទីដាក់សម្ភារៈបុរាណ បានបើកទទួលភ្ញៀវទេសចរក្រោយការជួលជុលតម្លើងជាថ្មី។ តែផ្ទះបុរាណអាយុ១៥០ឆ្នាំនេះ នៅសល់សសរតែ៤០ប៉ុណ្ណោះ ដោយសារអាយុកាលច្រើនជំនាន់ គ្រោងឆ្អឺង និងសសរផ្ទះខ្លះបានពុកផុយ។ យ៉ាងណាក្រសួងវប្បធម៌ ថាកំពុងស្វែងរកថវិកាសម្រាប់បង្គ្រប់សសរឱ្យបាន១០០ឡើងវិញ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សំណង់ផ្ទះឈើបុរាណសសរ១០០ ដែលមានអាយុកាលជាង១៥០ឆ្នាំ ត្រូវបានក្រសួងវប្បធម៌បើកទទួលទេសចរឡើងវិញក្រោយធ្វើការជួលជុល នឹងតម្លើងនៅក្នុងបរិវេណវត្តរការកណ្ដាល ខេត្តក្រចេះ។ ក្រោយពិនិត្យស្ថានភាពផ្ទះ ដោយលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ខេត្តបានបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។

យ៉ាងណាសំណង់បុរាណមានអាយុកាលលើសពីមនុស្សទូទៅនេះ នៅសល់សសរតែ៤០ប៉ុណ្ណោះ ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងក្នុងឱកាសពិនិត្យផ្ទះសសរ១០០នេះ ដោយឱ្យមន្ដ្រីជួយផ្សព្វផ្សាយ និងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានាដែលនៅក្នុងវត្ត បំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណ ព្រោះមរតកទាំងនោះគឺអាចជាតំបន់ទេសចរទាក់ទាញភ្ញៀវមកចូលទស្សនាបាន។

យ៉ាងណានាពេលថ្មីៗនេះ មានករណីវាយកម្ទេចសំណង់បុរាណមួយចំនួននៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ ដែលមានអាយុកាលរាប់រយឆ្នាំ ក្រោមហេតុផលដែលមិនអាចទទួលយកបាន គឺការភ័ន្ដច្រលំ។ ក្រសួងវប្បធម៌ អ្នកតាមដានការអភិវឌ្ឍន៍សង្គម និងអ្នកប្រវត្តិសាស្ដ្របានបង្ហាញការសោកស្ដាយ ចំពោះការបាត់បង់នេះ តែក៏ដាក់ការព្រួយបារម្ភខ្លាចក្រែងថាអាចនឹងមានសម្បត្តិបេតិភណ្ឌផ្សេងទៀតនៅកម្ពុជាត្រូវបានបំផ្លាញ ដោយហេតុមិនបានយល់ដឹងពីសារៈសំខាន់នៃសម្បត្តិបេតិភណ្ឌ។

រដ្ឋមន្ដ្រីវប្បធម៌ ថាប្រជាពលរដ្ឋគ្រប់រូប មានកាត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។

ផ្អែកតាមក្រសួងដដែល លោកស្រី ភឿង សកុណា ថាសកម្មភាពនៃការបំផ្លាញសំណង់បុរាណ គឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់ពន្ធនាគារ។ តែមកដល់ពេលនេះ មិនទាន់ឃើញការផ្ដន្ទាទោសជាសាធារណណាមួយ ចំពោះរឿងបំផ្លាញសំណង់បុរាណនៅវត្តបទុមវត្តី និងវត្តឧណ្ណាលោម ក្រុងភ្នំពេញនៅឡើយទេ។ សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ ឌៀប សុផល បានផ្ដល់បទសម្ភាន៍ដល់វិទ្យុស្ដ្រីថាគួរតែមានកិច្ចអន្តរាគមន៍ដោះស្រាយឱ្យបានម៉ត់ចត់ បើពុំដូច្នោះទេ សារាចររបស់រដ្ឋាភិបាលដែលចេញហាមវាយកំទេចអាគារបុរាណនោះនឹងលែងមានតម្លៃ។

សូមជម្រាបដែរថា ផ្ទះសសរ១០០ ដែលបើកទទួលភ្ញៀវទេសចរនេះ ត្រូវបានមន្ទីរវប្បធម៌ខេត្តក្រចេះទិញពីគ្រួសារមួយដែលរស់នៅ៧ជំនាន់តគ្នា ពីភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង នៅឆ្នាំ២០២០។ ផ្ទះសសរសល់តែ៤០នេះ បានតម្លើងឱ្យក្លាយជាសារមន្ទីរសម្រាប់លម្អសម្ភារៈចាស់ៗដូចជា ឧបករណ៍កសិកម្ម និងឧបករណ៍នេសាទចាស់ៗជាដើម។

សូមបញ្ជាក់ផងដែរថានៅក្នុងបរិវេណវត្តរការកណ្ដាលមិនត្រឹមតែមានផ្ទះសសរ១០០ទេ មានអគារវត្ត និងកុដិផងដែរ។ លោកស្រីរដ្ឋមន្ដ្រីក៏បានអំពាវនាយដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងរស់នៅ ឬឆ្លងកាត់ខេត្តក្រចេះ សូមឆៀងចូលទស្សនាផ្ទះសសរ១០០ដែលក្រសួងទើបដាក់ឲ្យដំណើរការនេះដូចគ្នា៕

Share

ព័ត៌មានទាក់ទង

Image