លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយ លើកឡើងថា គណបក្សកាន់អំណាច បានទុកការវិវឌ្ឍរបស់គណបក្សភ្លើងទៀន ក្នុងខ្សែភ្នែកជាប់ជានិច្ច ។ រាល់ធនធានមនុស្សសំខាន់ៗ ដែលនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ត្រូវរងព្យុះភ្លៀងនៅពេលនេះ និងពេលខាងមុខ។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច បានច្រានចោល ដោយចាត់ទុកថា ជាការវិភាគងាកទៅរកបក្សប្រឆាំង។
លោក គីម ចាន់ចាវ រាយការណ៍
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា បានរំលឹកពីការដែលដែលមានការបំបែកអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិជាពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា គឺជាយុត្តិសាស្ត្ររបស់គណបក្សកាន់អំណាចដែលធ្វើយ៉ាងណាដើម្បីកុំឱ្យឥទ្ធិពល នៃអ្នកដែលគាំទ្រឱ្យមានការផ្លាស់ប្តូរមានភាពលឿនរលូនទៅមុខ។ លោកចាត់ទុកការដែលគណបក្សភ្លើងទៀនទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់នេះ ជាការទទួលបានទ្រព្យដើមរបស់គណបក្សសម រង្ស៊ី ដែលតែងស្ថិតក្នុងក្រសែភ្នែករបស់បក្សកាន់អំណាច។
«នៅពេលដែលគណបក្សភ្លើងទៀន ខ្ញុំគិតថាភ្លើងទៀនអាចដណ្ដើមបានអាសនៈ នៃទ្រព្យដើមនៃគណបក្សសមរង្ស៊ី ឡើងវិញ វាជាសញ្ញាមួយ ប្រាប់ទៅគណបក្សកាន់អំណាចហើយ បើទោះបីជាចំនួនមិនទាន់កើនដល់ចំនួនដែលអាចប្រកួតប្រជែងបានមែន ក៏ប៉ុន្តែនេះជាសញ្ញាមួយប្រាប់ថាគណបក្សកាន់អំណាចមិនទាន់មានសមត្ថភាពនៃការទាញយកប្រជាប្រិយភាពពីអ្នកគាំទ្រអតីតគណបក្សប្រឆាំង គណបក្សលោកសម រង្ស៊ី នៅឡើយទេ។ អានេះបើតាមការមើលឃើញរបស់ខ្ញុំ ដែលតាមទិន្នន័យដែលយើងទទួលបានពីការបោះឆ្នោត២០២២»
លើបញ្ហានេះ លោកមាស នី យល់ថា គណបក្សកាន់អំណាច បានទុករឿងនេះ និងការវិវឌ្ឍរបស់គណបក្សភ្លើងទៀន ក្នុងខ្សែភ្នែកជាប់ជានិច្ច ។ រាល់ធនធានមនុស្សសំខាន់ៗ ដែលនៅក្នុងជួរថ្្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងត្រូវរងព្យុះភ្លៀងនៅពេលនេះ និងពេលខាងមុខ។ តួយ៉ាងដូចជាករណីប្ដឹងផ្ដល់ចំពោះលោកសុន ច្ឆ័យ ប្រធានគណបក្សភ្លើងទៀន ពីគណបក្សកាន់អំណាច និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និង ការព្រមានចំៗលើលោក គង់ គាំ ដែលទើបក្លាយជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្មីៗនេះ។
«យើងឃើញឧទាហរណ៍ សូម្បីលោក សុន ច្ឆ័យក៏ជាប់បណ្ដឹងដែរ ហើយបើចង់មិនចង់បើសិនលោក គង់ គាំ គាត់ និយាយអីច្រើននៅពេលខាងមុខ គាត់នឹងជាប់បណ្ដឹងមួយទៀត ហើយការដែលមានបណ្ដឹងនេះ វានឹងអាចធ្វើឱ្យក្បាលម៉ាស៊ីនរបស់គណបក្សភ្លើងទៀន មានការលំបាកក្នុងការរំកិលខ្លួន ទៅរកឥទ្ធិពលឱ្យខ្លាំងថែមទៀតបាន ចង់មិនចង់ក៏ត្រូវទទួលរងនូវផលប៉ះពាល់»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងរបស់លោក មាស នី ដោយចាត់ទុកថាគ្រាន់តែជាអ្នកវិភាគដែលលម្អៀតទៅរកបក្សប្រឆាំង។ លោកបានឆ្លើយតបថា បើសិនបើមានការគៀបសង្កត់ពីគណបក្សកាន់អំណាចមែន ប្រធានគណបក្ស នឹងមិនប្រាប់ឱ្យដឹងមុននោះទេ ប៉ុន្តែលោកបញ្ជាក់ថា បុគ្គលណា ឬគណបក្សនយោបាយណាដែល វាយប្រហារលើគណបក្សប្រជាជនកម្ពុជារបស់ខ្លួន ដោយអយុត្តិធម៌ គណបក្សនឹងដាក់ពាក្យផ្ដឹងដើម្បីរកយុត្តិធម៌របស់ខ្លួន។
«ពីគ្រោះអ្នកណាក៏ដោយ មិនថាគណបក្សនយោបាយ ឬបុគ្គលណាក៏ដោយបើសិននិយាយស្ដីវ៉ៃប្រហារ មកលើគណបក្សប្រជាជនដោយអយុត្តិធម៌ គឺគណបក្សប្រជាជនត្រូវតែដាក់ពាក្យផ្ដឹងមកតុលាការ ដើម្បីស្វែងរកយុត្តិធម៌របស់ខ្លួន មិនអាចបណ្ដែតបណ្ដោយឱ្យជនមួយក្ដាប់តូច ឬគណបក្សណាមួយប្រមាថមើលងាយដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ គណបក្សប្រជាជនកម្ពុជាទេ»
ថ្មីៗនេះ សម្តេច ហ៊ុន សែន បានព្រមានលោក គង់ គាំ ដែលទើបក្លាយឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ចំពោះការរិះគន់របស់អ្នកនយោបាយជើងចាស់រូបនេះ មកលើគណបក្សកាន់អំណាច ដោយព្រមានចាត់វិធានការច្បាប់។ ចំណែក លោក លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀនបានទទួលរងការប្តឹងផ្តល់នៅសាលាដំបូងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ តុលាការក៏បានកាត់ក្តីឱ្យអ្នកនយោបាយប្រឆាំង រូបនោះចាញ់ភាគីដើមបណ្តឹងគឺគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសំណុំរឿងចំនួន២ និងបានបង្កើនប្រាក់ពិន័យក្នុងសំណុំរឿងនីមួយៗ រហូតដល់១០លានរៀល និងសំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន ៤ពាន់លានរៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក។ ទោះយ៉ាងណាមេធាវីការពារក្តីឱ្យលោក សុន ឆ័យ បានដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដើម្បីប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍៕