en     km
en     km

​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​នឹង​ប្រជុំ​បន្ទាន់​ ថា​តើ​ដើរ​ហែ​ក្បួន​ ឬ​មិន​ដើរ​ហែ​ក្បួន​ នៅ​ថ្ងៃ​សិទ្ធិ​មនុស្ស​១០​ធ្នូ​

Share

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ លោក​សួន​ ប៊ុ​ន​ស័​ក្ត​ ឲ្យ​ដឹង​ថា​ មក​ដល់​ថ្ងៃ​ទី​៨​ ខែធ្នូ​នេះ​ ក្រសួងមហាផ្ទៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​មក​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​ ថា​តើ​នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ ធ្នូ​ខាង​មុខ​នេះ​ ក្រសួងមហាផ្ទៃ​នឹង​អនុញ្ញាត្ត​ ឬ​ក៏​មិន​អនុញ្ញាត​ ឲ្យ​ពួក​គេ​ដើរ​ហែ​ក្បួន​នោះ​ទេ​។​ លោក​សួន​ ប៊ុ​ន​ស័ក្តិ​បន្ត​ថា​ បើ​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ទេ​ នោះ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ ធ្នូ​នឹង​ប្រជុំ​សម្រេច​បន្ទាន់​មួយ​ ថា​តើ​ត្រូវធ្វើ​តាម​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ​ ឬ​ក៏​ត្រូវធ្វើ​តាម​បំណង​របស់​ពួក​គេ​។​
​លោក​ណុ​ល​ ដា​រ៉ា​ រាយការណ៍​ព័ត៌មាន​លម្អិត​

​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ ធ្នូ​ ដែល​មាន​អង្គការ​សង្គម​ស៊ី​វិល​ជាង​២០០​នៅ​ក្នុង​នោះ​ នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខានស្អែក​នេះ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​វេលា​ម៉ោង​៨​ព្រឹក​។​

​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​មាន​ដូច​ជា​ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ CHRAC​ អង្គការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ CCC​ អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ អង្គការ​សម្ព័ន្ធភាព​សុខភាព​ អង្គការ​សម្ព័ន្ធភាព​កុមារ​ និង​អង្គការ​ជា​ច្រើន​ផ្សេង​ទៀត​។​
human-rights-day
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​លោក​ សួន​ ប៊ុ​ន​ស័ក្តិ​ បាន​ឲ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ដឹង​នៅ​ថ្ងៃ​អង្គារ​ ទី​៨​ ខែធ្នូ​ នេះ​ថា​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​ឆ្នាំ​នេះ​ ក្រោម​ប្រធានបទ​ សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិ​មនុស្ស​ទូទៅ​ ហើយ​ទិវា​នេះ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​៣៥០០​នាក់​ ក្នុង​នោះ​មានកម្ម​ករ​មក​ពី​វិស័យ​កាត់ដេរ​ វិស័យ​សំណង់​ និង​ផ្នែក​ចំណីអាហារ​ ប្រមាណ​២០០០​នាក់​ ហើយ​មន្ត្រីរាជការ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ​១៥០០​នាក់​។​

​លោក​សួន​ ប៊ុ​ន​ស័ក្តិ​ឲ្យ​ដឹង​បន្ត​ថា​ កាលពី​ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ធ្នូ​ បាន​ដាក់​ពាក្យ​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ហែ​ក្បួន​នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ធ្នូ​នោះ​ ពី​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី​ ទៅ​រដ្ឋសភា​ ប៉ុន្តែ​លោក​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​នេះ​ សាលា​រាជធានី​បាន​ប្រាប់​ដល់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ធ្នូ​ថា​ មិន​អនុញ្ញាត្ត​ឲ្យ​ហែ​ក្បួន​ទេ​ គឺ​គ្រាន់តែ​ឲ្យ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​ ដោយ​សំអាង​លើ​ការ​រក្សា​សន្តិសុខ​សាធារណៈ​។​

​យ៉ាងនេះ​ក្ដី​ លោក​សួន​ ប៊ុ​ន​ស័ក្តិ​បន្ថែម​ថា​ សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ធ្នូ​ នៅ​តែ​ទទូច​ទាមទារ​សុំ​ហែ​ក្បួន​ដដែល​។​ លោក​បន្ត​ថា​ សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​លិខិតស្នើ​សុំ​ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នោះ​ ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៨​ ខែធ្នូ​នេះ​ ក្រសួងមហាផ្ទៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ទេ​។​

​ទាក់ទង​នឹង​ការ​ឆ្លើយ​តប​របស់​ក្រសួងមហាផ្ទៃ​នេះ​ លោក​សួន​ ប៊ុ​ន​ស័ក្តិ​បញ្ជាក់​ថា​ បើសិនជា​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ទេ​ នោះ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ី​វិល​១០​ធ្នូ​ នឹង​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​សម្រេច​គ្នា​ថា​តើ​ត្រូវ​តែ​ដើរ​ហែ​ក្បួន​ ឬ​ក៏​មិន​ដើរ​ហែ​ក្បួន​ទេ​។​

​លោក​សួន​ ប៊ុ​ន​ស័ក្តិ​បាន​កត់​សម្គាល់ថា​ រាជរដ្ឋាភិបាល​ក៏​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នោះ​ដែរ​ ប៉ុន្តែ​គឺ​ដើម្បី​ពង្រួម​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ខណៈ​អង្គការ​សង្គម​ស៊ី​វិល​ប្រារព្ធ​ទិវា​នេះ​ ដើម្បី​ពង្រីក​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​

​បើ​តាម​សេចក្ដី​ព្រាង​របៀបវារៈ​សម្រាប់​កម្មវិធី​សិទ្ធិ​មនុស្ស​១០​ធ្នូ​ ដែល​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ទទួល​បាន​ ឲ្យ​ដឹង​ថា​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នោះ​ នឹង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ដូច​ជា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ខៀវ​ កា​ញ៉ា​រី​ទ្ធ​ អគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ និង​អគ្គរាជទូត​ជា​ប៉ុន​ជាដើម​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង