សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសមាគម និងអង្គការមិនមែនរដ្ឋា្ភភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាពការងារស្របតាមច្បាប់ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេសដែលមានជាធរមាន។ សម្តេច ស ខេង ក៏អំពាវនាវស្ថាប័នក្រៅរដ្ឋាភិបាលទាំងអស់ត្រូវជៀសវាងសកម្មភាពណាដែលនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះ ដោយការលាងលុយ ឬហិរញ្ញប្បទានភេរវកម្ម។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តសកម្មភាពខ្លួនឱ្យបានសមស្រប ត្រឹមត្រូវ ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិ និងស្របតាមលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ និងនៅក្រសួងការបទេស។
ការអំពាវនារនេះ ខណៈសម្ដេចបានចូលរួមបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី ៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចបានឱ្យដឹងបន្ថែមថា ត្រឹមដំណាច់ខែ ធ្នូ ឆ្នាំ២០២២កន្លងទៅ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួន ៦១០៩។ បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមានកាលពីឆ្នាំ២០១៥ សម្ដេចបន្ថែមថាក៏មានNGOs ក្នុងស្រុកសរុប ១ ៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះសមាគមមានចំនួន ៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលមានចំនួន ៦៨៨ ផងដែរ។
បើតាមការបញ្ជាក់ពីសម្ដេចឧបនាយករដ្ឋមន្ដ្រីថា រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានឯកភាពគ្នាធ្វើវិសោធនកម្មច្បាប់ចំនួន ៩ មាត្រា ហើយក្នុងចំណោមខ្លឹមសារស្នើសុំចំនួន ១៦។
ក្រៅពីអំពាវនាវឱ្យអនុវត្តសកម្មភាពស្របតាមច្បាប់ សម្ដេចក៏បានអំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចៀសវាងឱ្យបាននូវការធ្វើសកម្មភាពទាំងឡាយណាដែលអាចពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីចៀសឱ្យផុតពីការដាក់កម្ពុជា ក្នុងបញ្ជីប្រផេះដែលផ្ដល់បច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម៕