en     km
en     km

ស្ដ្រីម្នាក់គត់នៃកងទ័ពមួកខៀវកម្ពុជាផ្សេងទៀតវិលមកប្រទេសក្រោយបញ្ចប់បេសកកម្មក្រោមព្យុះខ្សាច់សាហារ៉ានៅម៉ាលី

Share

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មានកងទ័ពមួកខៀវកម្ពុជាចំនួន ៤៦នាក់ ក្នុងនោះមានស្ដ្រីម្នាក់តែប៉ុណ្ណោះបានហោះហើរជាមួយកងទ័ពបុរសដទៃទៀត ត្រឡប់មកមាតុប្រទេសវិញ ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី។


បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិរក្សាសន្ដិភាព កងទ័ពមួកខៀវទាំង៤៦នាក់នេះ ជាកងកម្ទេចគ្រឿងផ្ទុះកម្ពុជាលេខ ២៨៨ បានបំពេញបេសកកម្មក្រោមព្យុះខ្សាច់សាហារ៉ាដែលមានអាកាសធាតុដ៏ក្តៅហួតហែង រហូតដល់ ៥៣ អង្សារ។

លោក សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ដំណើរបេសកកម្មរក្សាសន្តិភាពរបស់កងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី គឺជាឆ្នាំទី ៨ ហើយកងកម្ទេចគ្រឿងផ្ទុះលេខ២៨៨ គឺជាកងទី៨ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ច ទទួលបានជោគជ័យបាននាំមកនូវកិត្តិយស និងកិត្យានុភាពជូនមាតុភូមិកម្ពុជា។

លោក សែម រតនា បានវាយតម្លៃបានថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានប្រើប្រាស់នូវជំនាញវិជ្ជាជីវៈខ្ពស់ ស្មារតី សាមគ្គីភាព សហប្រតិបត្តិការគោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីរបស់ខ្លួន គ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម ពិសេសក្នុងបរិបទនៃការរស់នៅថ្មី។
សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្លាប់បានផ្ដាំផ្ញើទៅកងកម្លាំងដែលបំបេញបេសកកម្មថា ត្រូវរក្សាសុវត្ថិភាព ដោយនិយាយថា ទៅគ្រប់ មកគ្រប់។

បើតាមមជ្ឈមណ្ឌលជាតិរក្សាសន្ដិភាពដដែលថា ក្រៅពីការងារប្រតិបត្តិការក្នុងបេសកកម្មខាងលើ កងកម្ទេចគ្រឿងផ្ទុះលេខ២៨៨នេះ បានចូលរួមចំណែកលើការងារមនុស្សធម៌មួយចំនួនក្នុងតំបន់ឈរជើងដូចជា ការបរិច្ចាគថ្នាំពេទ្យដល់មន្ទីពេទ្យក្នុងតំបន់ចំនួន ៣ លើក បានបញ្ចូនក្រុមគ្រូពេទ្យស្ត្រីចុះពិនិត្យព្យាបាលជំងឺដល់ប្រជាជនចំនួនមួយលើក ចុះចែកសម្ភារសិក្សា សំលៀកបំពាក់ និងចំណីអាហារដល់កុមារកំព្រាចំនួនជាង៣០០នាក់ ចំនួនមួយលើកផងដែរ។


សូមជម្រាបថា ការវិលមកវិញរបស់កងទ័ពមួកខៀវកម្ពុជានេះ គឺក្រោយពេលបំពេញបេសកកម្មជោគជ័យរយៈពេលមួយឆ្នាំ ទើបត្រលប់មកវិញ៕

Share

ព័ត៌មានទាក់ទង

Image