ភ្នំពេញ៖ ក្រុមអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានប្រមូលផ្តុំគ្នាបង្ហោះប៉ោងប៉ោងនៅខាងមុខពន្ធនាគារព្រៃស ដើម្បីបង្ហាញសារដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធពីគោលជំហររបស់បាតុករថា នៅតែបន្តធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយ ឱ្យមានការដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ និងទម្លាក់រាល់បទចោទប្រកាន់ទាំងឡាយ។
(លោក គីម ចាន់ចាវ រាយការណ៍ពីព័ត៌មាននេះ)
ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រី បាននាំគ្នាប្រមូលផ្ត។ និងចង់ប៉ោងប៉ោងចំនួនប្រហែល១០០ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅវត្តអង្គមេត្រីដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីពន្ធនាគារព្រៃសផងនោះ ដើម្បីយកទៅបង្ហោះនៅខាងមុខពន្ធានាគារ ជាសារបង្ហាញដល់កញ្ញា ឈឹម ស៊ីថរ ថាពួកគេនឹងនៅជាមួយ ឈឹម ស៊ីថរ រហូតដល់ទទួលបានបានសិទ្ធិសេរីភាពពេញលេញ។ ប៉ោងប៉ោង ទាំងនោះមានពណ៌ស ពណ៌ទឹកក្រូច និងពណខៀវ។ បើតាមអ្នកចូលរួមទាំងនោះបានឱ្យដឹងថា ពណ៌សគឺតំណាងឱ្យភាពស្អាតស្អំគ្មានទោសពៃ។ ចំណែកពណ៌ខៀវ គឺតំណាងឱ្យការអនុញ្ញាតឱ្យចេញពីពន្ធនាគារ ដូចភ្លើងសញ្ញាចរាចរណ៍ពណ៌ខៀវ គឺតំណាងឱ្យចេញដំណើរទៅ។ រីឯពណ៌ទឹកក្រូចគឺតំណាងឱ្យឈុតសម្លៀកបំពាក់អ្នកទោសដែលជាប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ។
ក្រោយការរៀបចំប៉ោងប៉ោង និងបដារួច ពួកគេបានធ្វើដំណើរឆ្ពោះទៅខាងមុខពន្ធនាគារព្រៃសរ។ ប៉ុន្តែនៅចម្ងាយប្រមាណត្រឹម ៥០ ម៉ែត្រពីក្លោងទ្វារ មន្ត្រីពន្ធនាគារព្រៃស បានរារាំងមិនឱ្យពួកគាត់ធ្វើដំណើរមកខាងមុខពន្ធនាគារឡើយ ដោយហេតុថា មិនចង់ឱ្យមានការស្ទះផ្លូវ ឬប៉ះពាល់ដល់ផ្លូវសារធារណៈ ខណៈដែលជាក់ស្ដែងផ្លូវនេះជាផ្លូវក្នុងភូមិមានសភាពស្ងប់ស្ងាត់។
«បង្ហោះត្រង់ហ្នឹងដូចតែគ្នាតាសបង បង្ហោះសិនទៅ! ផ្លូវកែងផ្លូវមានឡានគេបត់។ ឡានចៀសគ្នាទៅមិនបុកគាត់ហើយចឹងមិនបញ្ហាទៀត»
ទោះបីជាមន្ត្រីពន្ធនាគារហាមឃាត់ដោយហេតុផលនេះក្ដី តែក្រុមអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ទាំងនោះនូវតែស្នើសុំឱ្យអនុញ្ញាតិឱ្យពួកគេទៅបង្ហោះខាងមុខក្លោងទ្វាម្ដង ២ នាក់ តែមន្ត្រីពន្ធនាគារនៅតែមិនព្រមឡើយ។ ទោះមិនបានទៅដល់ខាងមុខពន្ធនាគារ តែក្រុមស្រ្តីទាំងនោះ បានស្រែកខ្លាំងៗដើម្បីជាសារលើកទឹកចិត្តដល់មេសហជីពរបស់ពួកគេ។
«ឈឹម ស៊ីថរ ពួកយើងមកសួរសុខទុក្ខអ្នក! ឈឹម ស៊ីថរ ខ្ញុំមកសួរសុខទុក្ខ ឈឹម ស៊ីថរ! ឈឹម ស៊ីថរ ពួកយើងមិនទុកអ្នកឱ្យនៅទីនេះទេ! ខុសគ្មានប៉ុន្មានជំហ៊ានសោះហេតុអីមិនឱ្យខ្ញុំទៅ? សុខចិត្តទុកពួកយើងឈរឱ្យស្ទះផ្លូវ តែប៉ុន្មានជំហ៊ានមិនឱ្យខ្ញុំនឹងអាលទៅផ្ទះវិញលឿនៗទេ វាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋ»
កញ្ញា ឈឹម ស៊ីថរ ត្រូវបានជាប់ពន្ធនាគារជាលើកទី ២ ដោយប៉ូលីសអន្តោប្រវេសន្ត៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ បានចាប់និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពីមេដឹកនាំសហជីពរូបនេះត្រឡប់មកពីកិច្ចប្រជុំមួយនៅឯប្រទេសអូស្ត្រាលី។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយឡែកពីគ្នា ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែង មេសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ និងស្នើឱ្យមានការសម្របសម្រួល រកដំណោះស្រាយវិវាទការងារជាមួយកម្មករ-និយោជិតដោយយុត្តិធម៌ និងត្រឹមត្រូវ។
រឿងក្ដីកញ្ញា ឈឹម ស៊ីថរ មកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញបានបិទការស៊ើបសួរ ដោយបញ្ជូនទៅជំនុំជម្រះ ហើយមេធាវីកំពុងប្ដឹងសារទុកបន្ទាប់ពីតុលាការសម្រេចមិនអនុញ្ញាតិឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្នុងសំណុំរឿងនេះ។