en     km
en     km

បុណ្យទន្លេត្រូវបានសម្រេចធ្វើឡើងវិញក្រោយខកខានរយៈពេល២ឆ្នាំ

Share

ក្រោយខកខានរយៈពេល ២ ឆ្នាំ នៃការរៀបចំបុណ្យរម្លឹកគុណដល់ទន្លេ ពេលនេះរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំឡើងវិញ ដោយមានរយៈពេលវែងជាងឆ្នាំកន្លងទៅ។ បុណ្យទន្លេឆ្នាំនេះត្រូវបានជ្រើសរើសខេត្ត កំពង់ធំ ជាទីតាំងរៀចំពិធី ចាប់ពីថ្ងៃទី៨ ដល់១០ ខែមីនា ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសារជាប់គ្នា និងថ្ងៃសៅរ៍ អាទិត្យ ដូច្នេះបុណ្យទន្លេនឹងបន្ថែមដល់ថ្ងៃទី១១ និង១២ ខែមីនា បន្ដទៀត។

ស្ទឹងសែននៃក្រុងកំពង់ធំ មានទឹកហូរមកពីបឹងទន្លេសាប ហើយកំពង់ធំគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ។ប្រការនេះលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ សម្រេចយកខេត្តនេះ ជាកន្លែងរៀបចំពីធីលើកទី៧។

គួរជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំលើកឡើងថា បុណ្យទន្លេឆ្នាំនេះ នឹងរៀបចំឱ្យបានល្អ ដោយលោកធ្លាប់មានបទពិសោធន៍សហការរៀបចំកាលពីឆ្នាំ២០២០ម្ដងហើយនៅខេត្តបាត់ដំបង។

យ៉ាងណារដ្ឋមន្ដ្រីទេសចរណ៍ ក៏ជំរុញឱ្យការតាំងពិព័រណ៍ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋ ដើម្បីឱ្យផលិតផលសិប្បកម្ម កសិកម្ម លក់ចេញនៅនឹងកន្លែងផងដែរ៕

Share

Image
Image
Image