en     km
en     km

អ្នកនយោបាយ និងអ្នកវិភាគ បារម្ភពីសេរីភាពការបោះឆ្នោតក្រោយពីនាយករដ្ឋមន្រ្តីព្រមានលោក គង់ គំា ករណីរិះគន់បក្សកាន់អំណាច

Share

សម្តេច ហ៊ុន សែន បានព្រមានលោក គង់ គាំ ដែលទើបក្លាយឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ចំពោះការរិះគន់របស់អ្នកនយោបាយជើងចាស់រូបនេះ មកលើគណបក្សកាន់អំណាច ដោយព្រមានចាត់វិធានការច្បាប់។ អ្នកនយោបាយនិងអ្នកវិភាគសង្គមយល់ថា សារព្រមាននេះឆ្លុះបញ្ចាំងពីការបោះឆ្នោតមួយដែលមិនមានភាពសេរីត្រឹមត្រូវ និងយុត្តិធម៌  ខណៈការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ នឹងមកដល់នៅរយៈពេលជាង ៦ ខែទៀតតែប៉ុណ្ណោះ។ លោក គីម ចាន់ចាវ រាយការណ៍បន្ត

 

រហូតមកដល់ពេលនេះ លោក គង់ គាំ ដែលទើបក្លាយជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ចំពោះការព្រមានពីមេដឹកនាំគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន ដែលថានឹងប្រើប្រាស់សិទ្ធិការពារខ្លួន បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជារបស់ខ្លួន។

ក្នុងពេលបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ ៧ ជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករានេះ សម្តេច ហ៊ុន សែន បានព្រមានអ្នកនយោបាយចាស់វស្សាវ័យជាង ៨០ ឆ្នាំ គឺ លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន អំពីការឆ្លើយតបនឹងការរិះគន់នេះ នូវជម្រើសពីរ គឺការប្រើប្រាស់ច្បាប់ និងការប្រើហិង្សា។ ជាមួយគ្នានេះសម្តចក៏ប្រកាសបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទបក្សប្រជាជនជា«ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។

«បើមិនឱ្យអាងអំណាចទៅអាងអីវ៊ី អញឆ្ងល់! សួរអ្ហែងទៅវិញមើល៍។ បើអ្ហែងចោទអញសុទ្ធតែចោរអញ្ចឹង( ចោរលួចសន្លឹកឆ្នោត) អញត្រូវតែផ្ដឹងទៅតុលាការ គ្រាន់បើហើយអញប្ដឹងទៅតុលាការ អញយកតុលាការទៅកាត់ក្ដី បើសិនអញប្រើកម្លាំងបញ្ជូនទៅវ៉ៃខ្នោះអ្ហែង ឬដាក់ក្រុមអ្នកលែងមួយក្រុមទៅផ្ទះអ្ហែង អ្ហែងមិនរត់ត្របល់យក។ តែយើងមិនធ្វើចឹងទេ យើងមិនញុះញង់ប្រជាជន មិនលើកទឹកចិត្តប្រជាជនប្រើហិង្សាណាមួយទេ។ ប៉ុន្តែគេកំពុងប្រើហិង្សាដើម្បីញុះញង់។ ប្រយ័ត្នដល់ញោម មិនខន្តីហើយលោកឯងក៏ព្រាត់ប្រាស់ដែរ។ និយាយគ្នាឱ្យហើយចឹងតែម្ដង»

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់សុំសិទ្ធិធ្វើនយោបាយឡើយវិញ យល់ថាការព្រមានពីអ្នកនយោបាយមានអំណាច មិនមែនជារឿងថ្មីក្នុងឆាកនយោបាយកម្ពុជាឡើយ គឺកើតមានចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ។ តែការព្រមាននេះ គ្រាន់តែឆ្លុះបញ្ចាំងពីការបោះឆ្នោតមិនមានភាពសេរីត្រឹមត្រូវ និងយុត្តិធម៌។ ព្រះអង្គថ្លែងប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៩ ខែមករានេះថា ការព្រមាននេះ គឺមិនសមស្របនឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជានោះឡើយ។

«រដ្ឋធម្មនុញ្ញយើង ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួនជុំវិញបញ្ហាជាតិ បញ្ហាអន្តរជាតិ។ ដូច្នេះបើសិនជាខ្មែរយើងមួយក្រុម ឬមួយរូបយល់ឃើញផ្សេងពីការយល់ឃើញរបស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលអត់មានសិទ្ធិធ្វើទុកបុកម្នេញលើសាធារណៈជននោះទេ»

លោក មាស នី អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា យល់ថាការព្រមានពីថ្នាក់ដឹកនាំបក្សកាន់អំណាចចំពោះក្រុមអ្នករិះគន់នឹងបក្សប្រឆាំងនេះ គឺអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយត្រឹមត្រូវនឹងយុត្តិធម៌ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ មួយវិញទៀតលោក យល់ថា ការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ គឺត្រូវគិតចាប់តាំងពីសិទ្ធិធ្វើនយោបាយ មិនមែនគិតត្រឹមថ្ងៃបោះឆ្នោតនោះឡើយ។

«ត្រូវគិតតាំងពីដំណើរការ នៃការបំពេញតួនាទី ជាគណបក្សនយោបាយតំាងពីដើមទីទៅ។ អញ្ចឹងកាលណាលំហរសេរីភាព វាមិនមានគ្រប់គ្រាន់ ហើយបើពីថ្ងៃនេះទៅ រហូតដល់ថ្ងៃបោះឆ្នោតវាមានតែការគម្រាម ការបង្ក្រាប វាចង់មិនចង់ក៏ការបោះឆ្នោតហ្នឹង វានឹងអាចទទួលរងនូវការរិះគន់ ថាវាមិនសេរី និងយុត្តិធម៌ដែរណា៎។ អាហ្នឹងយើងអត់និយាយ ផ្ដោតពីរឿងថ្ងៃបោះឆ្នោតមានបញ្ហាអីកើតឡើងវាជារឿងថ្មីមួយទៀត»

បន្ថែមពីនេះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យល់ថា ផ្អែកតាមរដ្ឋធម្មនុញ្ញ បុគ្គលគ្រប់រូបអាចនិយាយស្តី បញ្ចេញមតិយោបល់បានតាមចិត្ត លើកលែងតែមានអំពើហិង្សា ឬការប្រមាថមើលងាយ។ រដ្ឋាភិបាលគ្រាន់តែទទួលសិទ្ធិពីរដ្ឋធម្មនុញ្ញ មិនមានសិទ្ធិបង្ក្រាបប្រជាពលរដ្ឋមិនឱ្យបញ្ចេញមតិជុំវិញបញ្ហាជាតិ បញ្ហាអន្តរជាតិ ឬប្រវត្តិសាស្ត្រឡើយ។

លោក គង់ គាំ ជាអតីតមន្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅក្រសួងការបរទេសអំឡុងទសវត្សរ៍ ៨០។ សម្តេច ហ៊ុន សែន ក៏បានលើកឡើងពីការដែលលោក គង់ គាំ បានប្ដូរពីការលើកសរសើរថ្ងៃ ៧ មករាដែលរំលឹកពីគុណសម្បត្តិគណបក្សកាន់អំណាច មកជាការរិះគន់វិញផងដែរ។ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីលោក គង់ គាំ បាននៅឡើយទេគិតត្រឹមល្ងាចថ្ងៃ០៩ ខែមករានេះ ដោយទូរសព្ទ ហៅចូលតែគ្មានអ្នកទទួល។

បន្ថែមពីការព្រមានខាងលើ មេបក្សកាន់អំណាច ក៏បានប្រាប់ដល់សហគមន៍អន្តរជាតិ កុំឱ្យគាំទ្រគណបក្សប្រឆាំង ត្បិតសម្តេច ហ៊ុន សែន យោងទៅតាមច្បាប់គណបក្សនយោបាយដែលសភានៃគណបក្សប្រជាជនរបស់ខ្លួនបានបង្កើតឡើងក្នុងពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចបានណែនាំឱ្យគណបក្សនយោបាយជាពិសេសបក្សប្រឆាំង មិនត្រូវវាយប្រហារគណបក្សប្រជាជនរបស់ខ្លួនឡើយ ដោយឃោសនាតែពីគោលនយោបាយរបស់ខ្លួនបានហើយ ដោយប្រៀបនឹងអាជីវករលក់ដូរយ៉ាងដូច្នេះដែរ គឺមិនវាយប្រហារផលិតផលអ្នកដទៃ។

លោក មាស នី ចាត់ទុកការប្រកួតប្រជែងដោយរិះគន់ រដ្ឋាភិបាល ឬគណបក្សដទៃក្នុងការឃោសនាបោះឆ្នោត គឺជារឿងទូទៅនិងជាសិទ្ធិស្របច្បាប់ តែត្រូវចៀសវាងពាក្យពេចន៍ជេរប្រមាថ។ ការលើកឡើងដោយប្តេជ្ញាក្នុងការផ្លាស់ប្ដូរកែគោលនយោយរបស់គណបក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នដែលមានស្រាប់ គឺជាបរិបទទូទៅ ដែលប្រសើរជាងការបង្កើតគោលនយោបាយសូត្រតាមគ្នា។

«ដល់សូត្រតាមគ្នាចឹងទៅវាធ្វើឱ្យគោលនយោបាយដែលបង្កើតឡើងហ្នឹងមិនចាប់អារម្មណ៍ដល់អ្នក មហាជនទូទៅប៉ុន្មានទេ ព្រោះគេថាអាហ្នឹងសូត្រតាមតែគ្នាហ្នឹង។ ខ្ញុំនៅចាំកាលពេលសង្គ្រោះជាតិគាត់ឃោសនា ឃើញចំណុចពីរដែលក្ដៅ ធ្វើឱ្យគណបក្សប្រជាជនពិបាកតបត ដូចជាពាក្យថាបង្កើនប្រាក់ខែមន្ត្រីរាជការ ហើយនឹងបង្កើននូវថវិការសម្រាប់អភវឌ្ឍន៍ឃុំសង្កាត់អីហ្នឹងហា៎។ ខ្ញុំឃើញគណបក្សប្រជាជនពិបាកឆ្លើយតបណាស់ ប៉ុន្តែផ្ទុយទៅវិញគណបក្សប្រជាជនបានខំប្រឹងធ្វើឱ្យប្រសើរឡើងនៅត្រង់ចំណុចពីរហ្នឹងដែរ»

អ្នកវិភាគរូបនេះ លើកទឹកចិត្តឱ្យគ្រប់គណបក្សនយោបាយប្រកួតប្រជែងដោយសមត្ថភាព រិះគន់បែបស្ថាបនា ដើម្បីប្រកួតទាំងសមត្ថភាព និងការវិភាគ ជាជាងការបែរមុខដាក់គ្នា ញិញធ្មេញដាក់គ្នាដូចសព្វថ្ងៃ ដែលនាំឱ្យសង្គមជាតិដើរយឺត៕

Share

ព័ត៌មានទាក់ទង

Image