ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យស៊ើបអង្កេតជាបន្ទាន់ ករណីមន្ដ្រីនគរបាលចរាចរណ៍ លើផ្លូវជាតិលេខ៣ និងជនជាតិចិនម្នាក់បានផ្ទុះហិង្សាដាក់គ្នា ខណៈករណីនេះជនជាតិចិនបានបង្ហោះលើបណ្ដាញសង្គម ដោយបង្ហាញការមិនសុខចិត្តដែលប៉ូលិសចរាចរណ៍ខេត្តតាកែវផាកពិន័យមិនអនុវត្តតាមច្បាប់និងបានបង្កហិង្សាលើរូបរាងកាយថែមទៀតផង។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យស៊ើបអង្កេតជាបន្ទាន់ករណី មន្ដ្រីនគរបាលចរាចរណ៍លើផ្លូវជាតិលេខ ៣ និងជនជាតិចិនម្នាក់បានកើតហេតុបង្កហិង្សាដាក់គ្នា កាលពីដើមខែមករាកន្លងមក។ នេះបើផ្អែកតាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការនរគបាលចុះផ្សាយកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។
អគ្គស្នងការនគរបាលជាតិបន្ថែមថា ការស៊ើបអង្កេតនេះជនជាតិចិនម្នាក់ដែលកើតហេតុហិង្សាក្នុងករណីនេះក៏ត្រូវបានហៅមកស្រាវជ្រាវសួរនាំដូចគ្នា។
វិទ្យុស្រ្តីបានព្យាយាមទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ជាច្រើនលើកច្រើនសាតែលោកមិនទទួលទូរស័ព្ទ។
បើតាមអគ្គស្នងការនរគបាលជាតិបានរៀបរាប់ឱ្យដឹងថា មន្ដ្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាមីខ្លួនជនជាតិចិន ដែលបានបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គមគឺត្រូវបាននាំមកសាកសួរ ដើម្បីធ្វើឲ្យមានតម្លាភាព និងស្មើភាពគ្នារវាងភាគីទាំងពីរ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវនេះ ត្រូវធ្វើឡើងព្រមគ្នាតែម្ដងដោយទី១៖ពិនិត្យលើការអនុវត្តតួនាទីភារកិច្ច អាប្បកិរិយា ពាក្យសម្ដីរបស់មន្ដ្រីនគរបាលចរាចរណ៍។ ករណីការស៊ើបអង្កេតរកឃើញថាប៉ូលិសចរាចរណ៍មានកំហុសមែន នោះនឹងត្រូវដាក់ពិន័យរដ្ឋបាល វិន័យកងកម្លាំងនគរបាលជាតិ។
និងទី២ គឺស្រាវជ្រាវលើបុគ្គលជនជាតិចិន ដែលបង្ហោះសារតាមបណ្ដាញសង្គម ក្រោយមានការលើកឡើងថា បានប្រើប្រាស់ពាក្យសម្ដី កាយវិការច្រងេងច្រងាក និងបើកបរលើសល្បឿនកំណត់រហូតដល់ជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ គោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដកបញ្ឈរជើងទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធការចាប់អ្នកធ្វើដំណើរ ជាជនជាតិចិនម្នាក់ផាកពិន័យលើសច្បាប់កំណត់ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា។
ករណីនេះ ជនជាតិចិនម្នាក់មានគណនីហ្វេសប៊ុក崔健 (CUI JIAN) ហើយបានសរសេរថា ខ្លួនជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន បានរៀបរាប់ថា កាលពីថ្ងៃទី០១ខែមករាឆ្នាំ២០២៣ រូបគេត្រូវប៉ូលិសចរាចរណ៍ផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់។ ជនជាតិចិនរូបនោះបន្ថែមថា រូបគេមិនបានបើកបរខុសច្បាប់នោះទេ ហើយថាប៉ូលិសបានប្រាស់ហិង្សាបណ្ដាលខ្លួនមានរបួសស្នាមថែមទៀតផង។
ជនជាតិចិនសរសេរលើគណនីហ្វេសប៊ុកថាក្នុងសម្តីដើមថា៖« នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់ ៣០%។ ប៉ូលីសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ 100$។ ខ្ញុំថតរូបប្រមូលភស្តុតាង ជុំវិញការប្រមូលលុយមិនចេញវិក្កយបត្រ ពេលនោះប៉ូលិស ៥ នាក់មកឆក់យកឧបករណ៍វីដេអូ និងទូរសព្ទដៃ និងវាយដំខ្ញុំ របួសជាច្រើនកន្លែង។ជនជាតិចិននោះបន្តទៀតថា៖ ប៉ូលិសបានលុបរូបថតទាំងអស់របស់ខ្ញុំដែលប្រមូលភស្តុតាង ហើយខ្ញុំត្រូវបានគេសុំឱ្យចាកចេញដោយគ្មានវិក្កយបត្រចំនួន ៥០ ដុល្លារ។»។
វិទ្យុស្រ្តីក៏ពុំទាន់អាចទាក់ទងសុំការឆ្លើយតបពីជនជាតិចិនដែលកើតហិង្សាជាមួយប៉ូលិសចរាចរណ៍ខេត្តតាកែវបានដែរនៅថ្ងៃនេះ ដោយលេខទូរស័ព្ទដែលជនជាតិចិនរូបនេះបង្ហោះលើគណនីហ្វេសប៊ុកបានបិទទូរស័ព្ទ។
តែយ៉ាងណា គណនីហ្វេសប៊ុករបស់ជនជាតិចិនឈ្មោះ CUI JIAN បានបន្តរៀបរាប់ដោយចាត់ទុកករណីនេះថានឹងធ្វើឱ្យខូចមុខមាត់កម្ពុជា ដែលការសម្លុតជនជាតិចិននេះបានក្លាយជាស្រមោលក្នុងចិត្តប្រជាជនចិន។ ជនជាតិចិនរូបនេះថែមទាំងសរសេរបែបរិះគន់ថា ប៉ូលិសជាច្រើនប្រើរូបភាព ឃោរឃៅដូចចោរប្លន់ ពួកគេមានឥទ្ធិពលខ្លាំងលើសង្គម និងបង្កផលអាក្រក់ដល់ប្រទេសជាតិនិងសង្គម។
បន្ថែមពីនេះ ជនជាតិចិនរូបនោះក៏សរសេរបែបចំអថា ពេលរូបគេត្រឡប់ទៅផ្ទះវិញ គេនឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាខាតបង់យ៉ាងធំធេង។ តែយ៉ាងណា ជនជាតិចិនម្នាក់នេះ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់មន្ត្រីសាធារណៈដែលអាក្រក់ទាំងនេះ៕