ក្រុមបាតុករអ៊ីរ៉ង់រាប់រយនាក់ បានដុតបំផ្លាញទង់ជាតិប្រទេសបារាំងនៅពីមុខស្ថានទូតបារាំងក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ទី៨ ខែមករា២០២៣ ក្នុងគោលបំណងតវ៉ាប្រឆាំងនឹងការផ្សាយរូបគំនូរជីវចលបែបតិះដៀលរដ្ឋាភិបាលអ៊ីរ៉ង់។
(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)
តាមការផ្សាយរបស់សារព័ត៌មាន AP បានឱ្យដឹងថា ទស្សនាវដ្ដីបារាំង Charlie Hebdo បានឈ្លៀតឱកាសផ្សព្វផ្សាយរូបគំនូរជីវចលរបស់ Ayatollah Ali Khamenei គាំទ្រលើចលនាតវ៉ាក្នុងករណីការស្លាប់របស់ Mahsa Amini ដោយចោទប្រកាន់អ្នកស្រីថា បានរំលោភបំពានលើរបៀបស្លៀកសំលៀកបំពាក់របស់ស្រ្តីឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ង់។
តាមប្រភពដដែលបានបន្តថា បាតុករអ៊ីរ៉ង់រាប់រយនាក់ ក្នុងនោះក៏មានសិស្សានុសិស្សមកពីសាលាសាសនាផងនោះបានស្រែកថា «ប្រទេសបារាំងសមតែស្លាប់» ហើយបានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថាបានប្រមាថដល់ប្រទេសអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងជំរុញឱ្យទីក្រុងប៉ារីសបញ្ឈប់ ការស្អប់ខ្ពើមចំពោះទីក្រុងតេអេរ៉ង់។
យ៉ាងណាមិញ អ៊ីរ៉ង់បានព្រមានបារាំងជុំវិញរឿងគំនូរជីវចលនេះ ថាបានប្រមាថប្រទេសខ្លួន និងវាជារឿងមិនសមរម្យឡើយ ក្នុងការយកករណីនេះទៅផលិតជាគំជីវចល និងផ្សាយជាសាធារណៈ។ ម្យ៉ាងទៀត បារាំងធ្វើនេះក្នុងបំណងប្រារព្ធខួបការវាយប្រហារដ៏សាហាវរបស់ក្រុមជ្រុលនិយមអាល់កៃដាមកលើការិយាល័យរបស់ទស្សនាវដ្ដីប៉ារីសកាលពីឆ្នាំ២០១៥។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានប្រតិកម្មនឹងគំនូរជីវចលបារាំង ដោយថាបារាំងកំពុងប្រមាថតិះដៀលលើអ៊ីរ៉ង់ ដោយយកលេសថា ទាមទារសេរីភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
សូមជម្រាបថា ទស្សនាវដ្តីបារាំងឈ្មោះ Charlie Hebdo មានប្រវត្តិយូរយារណាស់មកហើយក្នុងការបោះពុម្ពរូបថ្លុកអាសអាភាសចំអកអ្នកកាន់សាសនាឥស្លាម។ ប្រជាជនអ៊ីរ៉ង់ភាគច្រើនហាក់សម្តែងការមិនពេញចិត្ត ជាពិសេសពួកគេយល់ថា ទស្សនាវដ្តីបារាំងនេះមានគោលដៅប្រមាថចំពោះអ្នកកាន់សាសនាអ៊ីស្លាម។ ក្រុមជ្រុលនិយមអាល់កៃដាពីរនាក់មានសញ្ជាតិបារាំង បានវាយប្រហារការិយាល័យទស្សនាវដ្តីបារាំងនៅក្នុងឆ្នាំ២០១៥ ដោយបានសម្លាប់អ្នកគំនូរជីវចលចំនួន ១២ នាក់ ហើយមានគោលដៅវាយប្រហារផ្សេងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
បន្ទាប់ពីការមានផ្សព្វផ្សាយរូបគំនូរជីវចលនេះរួចអាជ្ញាធរនៅទីក្រុងតេអេរ៉ង់បានបិទនូវវិទ្យាស្ថានស្រាវជ្រាវបារាំងកាលពីថ្ងៃព្រហស្បតិ៍ដែលវិទ្យាស្ថានបារាំងនេះមានអាយុកាលរាប់សិបទសវត្សរ៍មកហើយជាពិសេសអ៊ីរ៉ង់ថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ៕
ប្រភព៖ AP ថ្ងៃច័ន្ទ ទី៩ ខែមករា ឆ្នាំ២០២៣