ប៉េកាំង៖ យោងតាមរ៉យទ័រ យោធាចិនបានធ្វើសមយុទ្ធប្រយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី៨
មករា ឆ្នាំ២០២៣ ដែលជាសមយុទ្ធលើកទីពីរក្នុងរយៈពេលមួយខែចុងក្រោយនេះ។ក្រសួងការពារជាតិកោះតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានឃើញយន្តហោះចិនចំនួន ៥៧ គ្រឿងកំពុងប្រតិបត្តិការណ៍។
ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងកំពុងបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ចទៅលើដែនកោះមួយនេះ។បញ្ជាការកងទ័ពរំដោះប្រជាជនចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថាកងកម្លាំងរបស់ខ្លួនបានរៀបចំ “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធប្រយុទ្ធជាក់ស្តែង” នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហារលើដី និងការវាយលុកតាមសមុទ្រ។សេចក្តីថ្លែងការណ៍បានបន្ថែមថាគោលបំណងនៃសមយុទ្ធនេះគឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និង “ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់”។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទទី៩ មករា ឆ្នាំ២០២៣ថាក្នុងរយៈពេល 24 ម៉ោង ខ្លួនបានរកឃើញយន្តហោះចិនចំនួន 57 គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន 4 គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ រួមទាំងយន្តហោះចំនួន 28 គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។
ក្នងចំណោមយន្តហោះទាំង ២៨គ្រឿង ខ្លះបានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់ហាមឃាត់មិនផ្លូវការរវាងភាគីទាំងពីរ រួមទាំងយន្តហោះចម្បាំង Su-30 និង J-16 ខណៈដែលយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពដឹកគ្រាប់បែកនុយក្លេអ៊ែរចំនួនពីរផងដែរបានហោះហើរទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់។
ប្រទេសចិនបានធ្វើសមយុទ្ធស្រដៀងគ្នាកាលពីចុងខែមុន ដោយតៃវ៉ាន់បានរាយការណ៍ថាយន្តហោះចិនចំនួន 43 គ្រឿងបានឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់។ ប្រទេសចិនមិនដែលបោះបង់ជម្រើសក្នុងការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះទេ។ពេលនេះចិនបាននិងកំពុងអនុវត្តការលុកលុយយោធាជាទៀងទាត់ចូលទៅក្នុងដែនទឹក និងលំហអាកាសនៅជិតកោះតៃវ៉ាន់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ចិនបានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីដំណើរទៅទីក្រុងតៃប៉ិរបស់ប្រធានសភា សហរដ្ឋអាមេរិកNancy Pelosi។ តៃវ៉ាន់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយនិយាយថាមានតែប្រជាជន ២៣ លាននាក់របស់កោះតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន។ ទីក្រុងប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំងជាពិសេសការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ រួមទាំងការលក់អាវុធឱ្យដែនកោះនេះផងដែរ។សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើន មិនទាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែបានផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់៕
ប្រភព៖ Reuters ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣