សម្តេច ហ៊ុន សែន បានព្រមានចំពោះលោក គង់ គាំ ដែលទើបក្លាយឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ចំពោះការរិះគន់របស់អ្នកនយោបាយជើងចាស់រូបនេះ មកលើគណបក្សកាន់អំណាច ដោយវិធានការច្បាប់។ ការព្រមាននេះ អ្នកវិភាគបញ្ហាសង្គម បានបង្ហាញនូវក្ដីបារម្ភចំពោះសេរីភាពនៃការបោះឆ្នោតថ្នាក់ជាតិ ដែលមានរយៈពេលជាង៦ខែទៀតនោះ។ លោក គីម ចាន់ចាវ រាយការណ៍បន្ត
មេដឹកនាំគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានព្រមានអ្នកនយោបាយចាស់វស្សាវ័យជាង៨០ឆ្នាំ គឺ លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀនថា នឹងប្រើប្រាស់សិទ្ធិការពារខ្លួន បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជារបស់សម្តេច។ ការព្រមាននេះ ធ្វើឡើងក្នុងពេលបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា។
លោក គង់ គាំ ជាអតីតមន្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងក៏ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅក្រសួងការបរទេសអំឡុងទសវត្សរ៍៨០។ សម្តេចហ៊ុន សែនក៏បានលើកឡើងពីការដែលលោក គង់ គាំ បានប្ដូរពីការលើកសរសើរថ្ងៃ៧មករាដែលរំលឹកពីគុណសម្បត្តិគណបក្សកាន់អំណាច មកជាការរិះគន់វិញផងដែរ។
បើតាមមេបក្សកាន់អំណាចរូបនេះ បានប្រាប់ដល់សហគមន៍អន្តរជាតិ កុំឱ្យមានការគាំទ្រគណបក្សប្រឆាំង ត្បិតសម្តេចហ៊ុន សែន យោងទៅតាមច្បាប់គណបក្សនយោបាយដែលសភានៃគណបក្សប្រជាជនរបស់ខ្លួនបានបង្កើតឡើងក្នុងពេលកន្លងមក។ ជាមួយគ្នានេះសម្តចក៏ប្រកាសបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទបក្សប្រជាជនជា «ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។
ប្រមុខរដ្ឋាភិបាល បាន បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំង ដោយផ្ដល់ជម្រើសមានពីរ គឺវិធានការប្រាស់ច្បាប់ និងការប្រើហិង្សា។
«បើមិនឱ្យអាងអំណាចទៅអាងអីវ៊ី អញឆ្ងល់! សួរអ្ហែងទៅវិញមើល៍។ បើអ្ហែងចោទអញសុទ្ធតែចោរអញ្ចឹង( ចោរលួចសន្លឹកឆ្នោត) អញត្រូវតែផ្ដឹងទៅតុលាការ គ្រាន់បើហើយអញប្ដឹងទៅតុលាការ អញយកតុលាការទៅកាត់ក្ដី បើសិនអញប្រើកម្លាំងបញ្ជូនទៅវ៉ៃខ្នោះអ្ហែង ឬដាក់ក្រុមអ្នកលែងមួយក្រុមទៅផ្ទះអ្ហែង អ្ហែងមិនរត់ត្របល់យក។ តែយើងមិនធ្វើចឹងទេ យើងមិនញុះញង់ប្រជាជន មិនលើកទឹកចិត្តប្រជាជនប្រើហិង្សាណាមួយទេ។ ប៉ុន្តែគេកំពុងប្រើហិង្សាដើម្បីញុះញង់។ ប្រយ័ត្នដល់ញោម មិនខន្តីហើយលោកឯងក៏ព្រាត់ប្រាស់ដែរ។ និយាយគ្នាឱ្យហើយចឹងតែម្ដង»
លោក មាស នី អ្នកដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា យល់ថាការព្រមានពីថ្នាក់ដឹកនាំបក្សកាន់អំណាចចំពោះក្រុមអ្នករិះគន់នឹងបក្សប្រឆាំងនេះ គឺអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយត្រឹមត្រូវនឹងយុត្តិធម៌ដែលមានចែងក្នុងច្បាប់បោះឆ្នោត។ មួយវិញទៀតលោក យល់ថា ការបោះឆ្នោតដោយត្រឹមត្រូវនឹងយុត្តិធម៌ គឺត្រូវគិតចាប់តាំងពីសិទ្ធិធ្វើនយោបាយ មិនមែនគិតត្រឹមថ្ងៃបោះឆ្នោតនោះឡើយ៕
លើករណីការព្រលយសារនយោបាយចំពោះមេបក្សកាន់អំណាច មកលើបក្សប្រឆាំងនេះ បើតាមលោកមាស នី បានបង្ហាញនូវច្រកចំនួន២ ដើម្បីពិនិត្យទៅលើស្ថានភាពនេះ។
សូមនាងកញ្ញា លោក លោកស្រី រង់ចាំស្ដាប់ព័ត៌មាននេះពិស្ដារ ក្នុងការផ្សាយព័ត៌មានរយៈពេលពេញមួយម៉ោងរបស់វិទ្យុស្ត្រី នៅល្ងាចថ្ងៃទី១០ ខែមករានេះ ដោយមេត្រី!