loader

តើវីរុសកូវីដ១៩ បំប្លែងថ្មី XBB កាចសាហាវដូចព័ត៌មានដែលកំពុងចែកចាយលើបណ្តាញសង្គមមែនទេ?

ភ្នំពេញ៖ខណៈប្រទេសធំៗមួយចំនួនបានផ្ទុះឡើងនូវអត្រាឆ្លងកើនតែច្រើនឡើងនូវវីរុសកូវីដ១៩ ប្រភេទថ្មី XBB និង XBB.1.5 រួចមក នៅកម្ពុជាឯណោះវិញ មានការចែករំលែកតៗគ្នានូវអត្ថបទមួយដែលនិយាយបកស្រាយពីកូវីកបំប្លែងថ្មី XBBនេះ ថាជាមេរោគបំប្លែងថ្មីនេះ មានភាពកាចសាហាវ។ ប្រការនេះ កំពុងបង្កឱ្យមានការភ័ន្តច្រលំនិងជ្រួលច្របល់លើបណ្តាញសង្គម។

ខ្លឹមសារក្នុងអត្ថបទដែលត្រូវបានចែករំលែកតៗគ្នានោះបានរៀបរាប់ថា៖

រោគសញ្ញានៃមេរោគ XBB គឺអ្នកផ្ទុកគ្មានក្អក គ្មានគ្រុនក្តៅអ្វីនោះទេ តែមានអាការៈ ឈឺសន្លាក់ ឈឺក្បាល

ឈឺក ឈឺខ្នងផ្នែកខាងលើ មានជំងឺរលាកសួត និងការបាត់បង់ចំណង់អាហារទូទៅ។

អត្ថបទខាងលើនេះបន្តថា វីរុសកូវីដ១៩ បំប្លែងថ្មី XBBនេះ មានជាតិពុល ៥ ដងច្រើនជាងប្រភេទ Delta ហើយមានអត្រាមរណភាពខ្ពស់ជាង។  XBB នេះ មានការចម្លងលឿន ហើយមានសភាពធ្ងន់ធ្ងរខ្លាំង ហើយជួនកាលមិនមានរោគសញ្ញាច្បាស់លាស់អ្វីនោះទេ។

អត្ថបទខាងលើដដែល បានបន្តទៀតថា វីរុសបំប្លែងថ្មី XBB នេះ គឺធ្វើតេស្តច្រមុះជាទូទៅគឺអវិជ្ជមានសម្រាប់ COVID-Omicron XBB ហើយករណីអវិជ្ជមានមិនពិតនៃការធ្វើតេស្តច្រមុះកំពុងកើនឡើង។  នេះមានន័យថា មេរោគអាចរីករាលដាលនៅក្នុងសហគមន៍ និងឆ្លងដោយផ្ទាល់ដល់សួត ដែលនាំឱ្យកើតជំងឺរលាកសួតដោយមេរោគ ដែលនាំឱ្យស្ត្រេសផ្លូវដង្ហើមស្រួចស្រាវ។

ជាងនេះទៀត XBB បានក្លាយទៅជាការឆ្លងខ្លាំង ហើយមេរោគឆ្លងខ្ពស់ និងកាចសាហាវ។

អត្ថបទនេះត្រូវបានចែករំលែកលើបណ្តាញសង្គមតៗគ្នារហុតអ្នកនាំពាក្យក្រសួងសុខាភិបាលបដិសេធថាមិនមានភាពច្បាស់លាស់។

 

អត្ថបទផ្សព្វផ្សាយខាងលើ ក៏ណែនាំឱ្យជៀសវាងកន្លែងដែលមានមនុស្សច្រើន រក្សាចម្ងាយមួយម៉ែត្រកន្លះ ទោះបីនៅកន្លែងបើកចំហក៏ដោយ ត្រូវពាក់ម៉ាស់ពីរជាន់ ពាក់ម៉ាសឱ្យបានសមរម្យ លាងដៃឱ្យបានញឹកញាប់ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ (មិនក្អក ឬកណ្តាស់)។

ចុងបញ្ចប់នៃសំណេរក្នុងអត្ថបទដែលបានចែករំលែកនោះ បានផ្តាំផ្ញើកុំរក្សាទុកព័ត៌មាននេះចំពោះខ្លួនអ្នកពោលគឺត្រូវចែករំលែកឱ្យបានច្រើនតាមតែអាចធ្វើទៅបានជាមួយសាច់ញាតិ និងមិត្តភ័ក្តិផ្សេងទៀត ជាពិសេសអ្នកផ្ទាល់។

រូបភាពវីរុសកូវីដ១៩ បំប្លែងថ្មីXBB។រូបភាពពីសារព័ត៌មានបរទេស។

 

តែចំពោះមុខនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានបដិសេធការបកស្រាយចំពោះព័ត៌មានខាងលើនេះ ថាគ្មានភាពច្បាស់លាស់។ លោកស្រី ឱ វណ្ណឌីន ប្រាប់សារព័ត៌មានក្នុងស្រុកថា វីរុសកូវីដ១៩ ប្រភេទថ្មី XBB នេះ មិនមានសភាពធ្ងន់ធ្ងរដូចការលើកឡើងក្នុងអត្ថបទដែលបានចែករំលែកតៗគ្នាលើបណ្តាញសង្គមនោះទេ ពោលគឺវីរុសកូវីដ១៩ ប្រភេទថ្មី XBB នេះមានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរួបនេះ ក្រើនរំលឹកដាស់តឿនថា បើសិនជាគ្នាការការពារ និងការចាក់វ៉ាក់សាំងបានគ្រប់ចំនួនត្រឹមត្រូវនោះទេ នោះវីរុសនេះនឹងអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរ។ដូច្នេះ វិធានការចំពោះមុខលោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានជាប់លាប់ ពិសេសទៅទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូស។

លោកស្រី ឱ​វណ្ណឌីន បដិសេធចំពោះខ្លឹមសារនៃអត្ថបទនេះថា គ្មានភាពច្បាស់លាស។

 

យ៉ាងណាមិញ បើយើងផ្ទៀងផ្ទាត់អត្ថបទខាងលើដែលអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលជាមួយនឹងការពន្យល់នានានៅលើគេហទំព័រអង្គការសុខភាពពិភពលោក(WHO)ដែលបានចុះផ្សាយវិញ ឃើញថាវីរុសកូវីដ១៩ ប្រភេទថ្មី XBB និង XBB.1.5 នេះ ត្បិតតែមានការចម្លងរហ័សមែន តែវីរុសនេះមិនមែនជាជំងឺអ្វីធ្ងន់ធ្ងរពេកនោះទេ ពោលគឺអាចព្យាបាលជាសះស្បើយករណីទទួលបានការព្យាបាលទាន់ពេលវេលា។

WHO បានរាយការណ៍ថា XBB មានមែកធាងមួយទៀតគឺ XBB1.5 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។​ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅដើមខែមករានេះថា វីរុសអូមីក្រុងបំប្លែងថ្មីចុងក្រោយបង្អស់មានឈ្មោះថា XBB1.5។

កូវីដបំប្លែងថ្មី XBB.1.5 បង្កឱ្យមានអាការៈស្រដៀងទៅនឹងប្រភេទមេរោគអូមីក្រុងដែលមានដូចជា Alpha, Beta, Gamma និង Delta។ អ្នកឆ្លងមេរោគប្រភេទថ្មីនេះ ភាគច្រើនមានរោគសញ្ញាដូចជំងឺផ្តាសាយ ពោលគឺហៀរសំបោរ ឈឺបំពង់ក ក្អក ឈឺក្បាល និងក្តៅខ្លួនជាដើម។ តាមការឱ្យដឹងពីសាស្រ្តាចារ្យ Gupta បាននិយាយថា អ្នកជំងឺអាចធ្វើតេស្តរកមេរោគនេះបានតាមយៈការប្រើប្រាស់ឧបករណ៍ធ្វើតេស្តស្តង់ដារដូចជា Antigen Rapid Test (ART)។

គួរបញ្ជាក់ថា កូវីដបំប្លែងថ្មី XBB.1.5 បានវិវត្តពីមេរោគ XBB ដែលឆ្លងរីករាលដាលនៅចក្រភពអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ មេរោគ XBB អាចយកឈ្នះប្រព័ន្ធការពាររាងកាយរបស់មនុស្សនិងសត្វបាន ប៉ុន្តែវាពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំផ្លាញកោសិការបស់មនុស្សនោះទេ។

វេជ្ជបណ្ឌិត Ewan Harrison មកពីវិទ្យាស្ថាន Wellcome Sanger នៅខេមប្រ៊ីជយល់ថា កូវីដបំប្លែងថ្មី XBB.1.5 នេះ ប្រហែលជាលេចឡើងនៅពេលដែលនរណាម្នាក់បានឆ្លងមេរោគអូមីក្រុងពីរប្រភេទផ្សេងគ្នា។ លោកវេជ្ជបណ្ឌិតបន្តថា ក្រូម៉ូស៉ូមបន្តិចពីមេរោគមួយនឹងទៅភ្ជាប់ជាមួយក្រូម៉ូស៉ូមមេរោគទីពីរ ហើយ វានឹងចម្លងមេរោគនេះបន្ត។

រូបភាពតំណាងXBB។រូបភាពពីសារព័ត៌មានបរទេស។

 

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា កូវីដបំប្លែងថ្មី XBB.1.5 មានសន្ទុះនៃការឆ្លងច្រើនជាងប្រភេទមេរោគកូវីដផ្សេងទៀតដែលបានឃើញកន្លងមក។ ប៉ុន្តែ WHO បាន​បញ្ជាក់ថា ​រហូត​មក​ទល់នឹងពេល​នេះ​ ពុំមានការបង្ហាញពី​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​បង្ក​គ្រោះថ្នាក់ដល់ជីវិត ជា​ជាង​មេរោគអូមីក្រុងមុនៗ​នោះ​ទេ។

សាស្រ្តាចារ្យ Gupta បានក្រែងរំលឹកថា ប្រជាជនមួយចំនួនហាក់មិនមានការព្រួយបារម្ភឡើយអំពីកូវីដបំប្លែងថ្មីនេះ ប៉ុន្តែក្រុមដែលងាយរងគ្រោះគួរតែបន្តការប្រុងប្រយ័ត្ន ជាពិសេសមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដើម្បីបង្ការ និងអ្នកជំងឺកំពុងព្យាបាលដោយប្រើសារធាតុគីមីជាដើម៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x