en     km
en     km

សង្គមស៊ីវិលនិងមេធាវីចាត់ទុកការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាកំហុសរបស់តុលាការ

Share

ខណៈដែលក្រុមកូដករណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មទាមទារសិទ្ធិការងារ នៅរសៀលថ្ងៃទី០៦ ខែមករានេះ មេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ ចាត់ទុកករណីរឿងក្ដីមេដឹកនាំសហជីពនេះ ជាកំហុសនីតិវិធីនៃស្ថាប័នតុលាការ និងនៅតែស្នើឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ ដើម្បីលើកកម្ពុស់សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។ លោក គីម ចាន់ចាវ រាយការណ៍

មេធាវីការពារក្ដីឱ្យមេដឹកនាំសហជីពក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះថា កូនក្ដីរបស់ខ្លួនពិតជាមិនទទួលបានដីកាដែលបញ្ជាក់ថា មិនឱ្យចេញទៅក្រៅប្រទេសមែន មុនពេលកញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាថ្មី។ នេះជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៥ ខែមករា។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចាកចេញទៅក្រៅប្រទេសរបស់កញ្ញា ឈឹម ស៊ីថរ ដោយគ្មានការអនុញ្ញាតពីតុលាការ គឺជាការបំពានកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការរបស់កញ្ញា ឈឹម ស៊ីថរ។

សេចក្ដីថ្លែងការណ៍បញ្ជាក់ក្នុងទម្រង់ដើមថា៖ «ជនត្រូវចោទ ឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន»។

សេចក្តីថ្លែងការណ៍បន្តថា ការដែលកញ្ញា ឈឹម ស៊ីថរ លើកឡើងថា មិនទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។ សេចក្តីថ្លែងការណ៍បន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរ ប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

 

រឿងក្ដីកញ្ញា ឈឹម ស៊ីថរ មកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញបានបិទការស៊ើបសួរ ដោយបញ្ជូនទៅជំនុំជម្រះ ហើយមេធាវីកំពុងប្ដឹងសារទុកបន្ទាប់ពីតុលាការសម្រេចមិនអនុញ្ញាតិឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្នុងសំណុំរឿងនេះ។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតនិងឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជា(អាដហុក)បានប្រាប់វិទ្យុស្ត្រី នៅរសៀលថ្ងៃទី០៦ ខែមករានេះថា បើសិនជាកញ្ញា ឈឹម ស៊ីថរ ជាប់បម្រាបតុលាការហេតុអីបានជា អំឡុងពេលដែលកញ្ញាកំពុងរៀបចាកចេញពីប្រទេស សមត្ថកិច្ចមិនចាប់ខ្លួន? ហើយមួយវិញទៀត ពេលមេសហជីពរូបនេះទៅដល់បរទេសហេតុអីក៏ត្រឡប់មកវិញ?

«បើសិនជាមានបម្រាមហេតុអីពេលដែលគាត់ចេញទៅក្រៅមិនចាប់គាត់ មិនកាក់គាត់។ នេះជាហេតុផលមួយដែលបើយើងមើលទៅ ប្រព័ន្ធយុត្តិធម៌ស្រុកយើង ហាក់ដូចជាការធ្វើដោយចេតនា ឬមួយក៏ជាការគុំគួន ឬមួយក៏ជាការសងសឹក ជាការព្រមាន ឬគំរាមកំហែង មិនមែនជាប្រព័ន្ធតុលាការដែលរកយុត្តិធម៌ជូនពលរដ្ឋនោះទេ។ នេះជាការកត់សម្គាល។ ទី២ខ្ញុំមើលទៅបើសិនជាគាត់មានចេតនា គាត់មកវិញធ្វើស្អី នេះហើយដែលខ្ញុំចង់និយាយ ចឹងហើយការដែលគាត់ធ្វើកន្លងមកនេះ គាត់ធ្វើជួយការងារដល់ ជួយរកយុត្តិធម៌ដល់បុគ្គលិកដែលពីដើមគេ ទីគេថាផ្អាក ផ្អាកដោយកូវីដ-១៩ ក្រោយមកគេរំសាយបញ្ឈប់តែម្ដង។ ចំណុចហ្នឹងហើយដែលធ្វើឱ្យប្រទេសកម្ពុជាយើងហាក់ដូចជាមានច្បាប់ដែរប៉ុន្តែមិនបានអនុវត្ត»

លោក សំ ចំរើន មេធាវីការពារក្ដីឱ្យ កញ្ញា ឈឹម ស៊ីថរ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមករា នេះថា ក្រុមមេធាវីកំពុងពិភាក្សាជាមួយនឹងតំណាងសហជីព ដែលនៅក្រៅឃុំដើម្បីរកដំណោះស្រាយបន្ត ធ្វើយ៉ាងណាដើម្បីឱ្យតុលាការទម្លាក់បទចោទនិងអនុញ្ញាតិឱ្យ កញ្ញា ឈឹម ស៊ីថរ បាននៅក្រៅឃុំ។

«យើងកំពុងពិភាក្សាជាមួយនឹងកូនក្ដីផុសផុលច្រើនណាស់ បច្ចុប្បន្នព្រោះរឿងហ្នឹងដូចជាផ្ទួនៗគ្នាដែរ រឿងអង្គសេចក្ដីក៏ដើរ រឿងសុំនៅក្រៅឃុំក៏ដើរវាវក់វីមែនទែនណា៎។ យើងកំពុងជជែក ឥលូវកំពុងសួរពួកគាត់ដែលអ្នកនៅក្រៅឃុំ ហើយជជែកគ្នា។ ហ្នឹងហើយសហជីពគាត់៥នាក់ ហើយនឹងគ្នាគាត់ ដែលនៅក្រៅហ្នឹងយើងជួបសួរគាត់»

ក្រោយជំនួបជាមួយមេធាវីក្រុមកូដករណាហ្គាវើលដ៍ បាននាំគ្នាធ្វើកូដកម្មនៅមុខបនល្បែងណាហ្គាវើលដ៍បន្តនៅ រសៀលថ្ងៃដដែល ដោយមានបដាសរសេរនូវខ្លឹមសារទាមទារ «ដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ»។ ក្នុងនាមជាអ្នកជំនាញច្បាប់ផង និងជាអ្នកធ្លាប់ជាប់ពន្ធនាគារផងនោះ លោក យី សុខសាន្តបានលើកឡើងនូវបទពិសោធន៍យ៉ាងដូច្នេះថា៖ «ខ្ញុំខ្លួនឯងផ្ទាល់ ដែលខ្ញុំធ្លាប់ជាប់ពន្ធនាគារ ដែលគេដោះលែងឱ្យខ្ញុំនៅក្រៅឃុំគឺថា គេមានបម្រាមឱ្យខ្ញុំមួយ មានលក្ខខណ្ឌទី១ មិនឱ្យខ្ញុំដូរផ្ទះ ទី២ មិនឱ្យខ្ញុំចេញក្រៅប្រទេស ហើយឱ្យខ្ញុំគោរពទៅតាមនីតិវិធីរបស់តុលាការ នៅពេលដែលគេកោះហៅហ្នឹង ហើយខ្ញុំបានផ្ដិតមេដៃទៅលើលិខិតស្នាមហ្នឹងហា៎។ ហើយខ្ញុំត្រូវទៅបង្ហាញខ្លួននៅសង្កាត់របស់ខ្ញុំទៀត អាហ្នឹងខ្ញុំធ្វើ គោរពទៅតាមនីតិវិធី។ យល់ថា កំហុសនេះឯង ជាកំហុសនីតិវិធីនេះឯង តុលាការត្រូវតែដោះលែងគាត់ ឱ្យមានសេរីភាពវិញ»។

មន្ត្រីសិទ្ធិមនុស្សដដែលនេះបានលើកឡើងពីភាពសកម្មរបស់កញ្ញា ឈឹម ស៊ីថរ កន្លងមក ក្នុងនាមជាប្រធានសហជីពដែលព្យាយាមរកដំណោះស្រាយជូនកម្មករនិយោជិត តែបែរជាត្រូវបានគេចាប់ខ្លួន។

«គាត់រកមធ្យោបាយក្នុងការ គេហៅថាអន្តរាគមន៍ទៅលើក្រសួង-ស្ថាប័នដែលពាក់ព័ន្ធហ្នឹងគ្រប់ច្រកល្ហកអស់ហើយ បានគាត់សម្រេចចិត្តធ្វើកូដកម្មចុងក្រោយនេះ ហើយរយៈពេលមួយឆ្នាំ អត់បានលទ្ធផលអីទាំងអស់ ហើយអាជ្ញាធរអល់ឯកក្នុងការចូលរួមដោះស្រាយ ហាក់មិនហ៊ានដោះស្រាយជាមួយក្រុមហ៊ុនឯកជនហា៎។ មិនយកច្បាប់មកជជែកគ្នា មកចរចា។ ហើយចេះតែ គាត់រងការរំលោភពីថៅកែក្រុមហ៊ុន ប៉ុន្តែចុងក្រោយអាជ្ញាធរចាប់គាត់ទៀត ចំណុចនេះដែលមិនបានដោះស្រាយហើយ ចាប់គាត់ផ្ដន្ទាទោសគាត់ទៀត»។

មកដល់ពេលនេះមានរយៈពេល ៥ សប្តាហ៍ហើយ ដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានជាប់ពន្ធនាគារជាលើកទី ២ ដោយប៉ូលីសអន្តោប្រវេសន្ត៍  នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២២ បានចាប់និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពីមេដឹកនាំសហជីពរូបនេះត្រឡប់មកពីកិច្ចប្រជុំមួយនៅឯប្រទេសអូស្ត្រាលី។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយឡែកពីគ្នា ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែង មេសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ និងស្នើឱ្យមានការសម្របសម្រួល រកដំណោះស្រាយវិវាទការងារជាមួយកម្មករ-និយោជិតដោយយុត្តិធម៌ និងត្រឹមត្រូវ។ ចំណែកអង្គការសង្គមស៊ីវិលមួយចំនួន បង្ហោះសារជាប្រចាំក្នុងចេតនាទាមទារឱ្យដោះលែង កញ្ញា ឈឹម ស៊ីថរ។ តួយ៉ាង នៅថ្ងៃទី០៦ ខែមករានេះ ពួកគេបានបង្ហោះនូវសារដូចគ្នាថា «បញ្ឈប់ការលាបពណ៌ ដោះលែងស៊ីថរ! គុកគ្មានអ្វីគួរឱ្យខ្លាច អ្វីដែលខ្លាចគឺ គ្មានសិទ្ធិសេរីភាព»។

 

លើសំណុំរឿងនេះ វិទ្យុស្ត្រីមិនទាន់អាចសុំការបំភ្លឺពី លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ គិតត្រឹមថ្ងៃទី០៦ ខែមករានេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ លោក យី សុខសាន្ត លើកឡើងថា ដើម្បីស្ដារមុខមាត់ប្រទេសជាតិ រដ្ឋាភិបាល ឬតុលាការ គួរទម្លាក់ការចោទប្រកាន់លើសកម្មជន ឬមេសហជីព ដូចកញ្ញា ឈឹម ស៊ីថរ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់៕

Share

Image
Image
Image