នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ ក្រុមមេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនបនល្បែងណាហ្កាវើលដ៍ បានជួបពិភាក្សាជាមួយនឹងតំណាងសហជីព ដែលនៅក្រៅឃុំដើម្បីរកដំណោះស្រាយបន្ត។ ទោះយ៉ាងណា ពួកគេនៅតែចាត់ទុកករណីនេះ ជាកំហុសនីតិវិធីនៃស្ថាប័នតុលាការ និងនៅតែស្នើឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ មានសេរីភាពឡើងវិញ។
លោក គីម ចាន់ចាវ រាយការណ៍
មេធាវីការពារក្ដីឱ្យមេដឹកនាំសហជីពក្រុមហ៊ុនណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺលោក សំ ចំរើន បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះថា ក្រុមមេធាវីកំពុងពិភាក្សាជាមួយនឹងតំណាងសហជីព ដែលនៅក្រៅឃុំ ដើម្បីរកដំណោះស្រាយបន្ត ធ្វើយ៉ាងណាដើម្បីឱ្យតុលាការទម្លាក់បទចោទ និងអនុញ្ញាតិឱ្យ កញ្ញា ឈឹម ស៊ីថរ បាននៅក្រៅឃុំ។
«យើងកំពុងពិភាក្សាជាមួយនឹងកូនក្ដីផុសផុលច្រើនណាស់ បច្ចុប្បន្នព្រោះរឿងហ្នឹងដូចជាផ្ទួនៗគ្នាដែរ រឿងអង្គសេចក្ដីក៏ដើរ រឿងសុំនៅក្រៅឃុំក៏ដើរវាវក់វីមែនទែនណា៎។ យើងកំពុងជជែក ឥលូវកំពុងសួរពួកគាត់ដែលអ្នកនៅក្រៅឃុំ ហើយជជែកគ្នា។ ហ្នឹងហើយសហជីពគាត់៥នាក់ ហើយនឹងគ្នាគាត់ ដែលនៅក្រៅហ្នឹងយើងជួបសួរគាត់»
លោកមេធាវីបន្តថា កូនក្ដីរបស់ខ្លួនពិតជាមិនទទួលបានដីកាដែលបញ្ជាក់ថា មិនឱ្យចេញទៅក្រៅប្រទេសមែន មុនពេលកញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាថ្មី។ នេះជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៥ ខែមករា។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចាកចេញទៅក្រៅប្រទេសរបស់កញ្ញា ឈឹម ស៊ីថរ ដោយគ្មានការអនុញ្ញាតពីតុលាការ គឺជាការបំពានកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការរបស់មេសហជីពរូបនេះ។
រឿងក្ដីកញ្ញា ឈឹម ស៊ីថរ មកដល់ពេលនេះ សាលាដំបូងរាជធានីភ្នំពេញបានបិទការស៊ើបសួរ ដោយបញ្ជូនទៅជំនុំជម្រះ ហើយមេធាវីកំពុងប្ដឹងសារទុកបន្ទាប់ពីតុលាការសម្រេចមិនអនុញ្ញាតិឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្នុងសំណុំរឿងនេះ។
«អាហ្នឹងយើងយល់ផ្សេងគ្នា តុលាការគេយល់ថាគាត់បំពាន ប៉ុន្តែយើងយល់អត់ទេដោយសារគាត់អត់បានទទួលដំណឹង រឿងផ្សេងគ្នាចឹងហា៎»
មកដល់ពេលនេះមានរយៈពេល ៥ សប្តាហ៍ហើយ ដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានជាប់ពន្ធនាគារជាលើកទី២ ដោយប៉ូលីសអន្តោប្រវេសន្ត៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា ចាប់និងបានបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពីមេដឹកនាំសហជីពរូបនេះត្រឡប់មកពីកិច្ចប្រជុំមួយនៅឯប្រទេសអូស្ត្រាលី៕