en     km
en     km

ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀនដាក់គោលនយោបាយក្នុងបក្សស្រដៀងនឹងរដ្ឋមន្ដ្រីកសិកម្មថ្មី

Share

លោក សុក ហាច ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ដាក់គោលនយោបាយជួយកសិករមិនឱ្យរកស៊ីខាត និងកាត់បន្ថយថ្លៃដើមនៃការផលិតក្រោយចុះចូលបក្សប្រកួតប្រជែង។ ខណៈគោលនយោបាយនេះ ស្រដៀងគ្នានិងរដ្ឋមន្ដ្រីកសិកម្ម ចង់កាត់បន្ថយថ្លៃដើមនៃការផលិតរបស់កសិករដូចគ្នា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣នេះ ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោកបណ្ឌិត សុក ហាច ដែលទើបចូលរួមរស់ជាមួយគណបក្សភ្លើងទៀនលើកឡើងថា គោលនយោបាយរបស់លោកក្នុងគណបក្សភ្លើងទៀន គឺរកទីផ្សារការងារ និងទីផ្សារកសិផលដល់ប្រជាពលរដ្ឋ។
លោកបានថ្លែងនៅក្នុងកម្មវិធីសំណេះសំណាល ថ្នាក់ដឹកនាំមូលដ្ឋាន នៅខេត្តបាត់ដំបង ដោយសង្កត់ធ្ងន់ថា គោលនយោបាយរបស់បក្សគឺជួយកសិករកុំឱ្យរកស៊ីខាត និងកាត់បន្ថយនៃការចំណាយដើមក្នុងការផលិត ដូចជាថ្លៃដើមនៃជីកសិកម្មជាដើម។

ការលើកឡើងរបស់អតីតបុគ្គលិកនៃធនាគារពិភពលោករូបនេះ ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មកាលពីពេលកន្លងទៅ ដែលលោកនិយាយពីការកាត់បន្ថយចំណាយដើមនៃការផលិត តែរក្សាតម្លៃទំនិញឱ្យនៅដដែល។ លោករដ្ឋមន្ដ្រីកសិកម្មធ្លាប់បញ្ជាក់ថា ការរក្សាតម្លៃលក់ចេញ មិនតម្លើងថ្លៃបែបនេះដោយសារអាចប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគ។ លោករដ្ឋមន្រ្តីបានសិក្សាលើប្រទេសជិតខាង ឃើញថាមានតម្លៃថ្លៃដើមនៃការផលិតថោកជាងនៅកម្ពុជាដល់ទៅ ៣០ភាគរយ។


តែលោក យ៉ង សាំងកុមារ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្ម ធ្លាប់បានលើកឡើងដែរថា ដំណោះស្រាយដែលល្អសម្រាប់ឱ្យវិស័យកសិកម្មមានភាពប្រសើរឡើង គឺធ្វើឱ្យថ្លៃដើមថោក និងការលក់ចេញថ្លៃ នោះនឹងមានភាពចំពេញច្រើន។
យ៉ាងណា បើតាមរបាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញថា កសិករប្រមាណ ៩០ភាគរយបានជាប់បំណុល។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះគឺ បំណុលក្នុងវិស័យកសិកម្មកើនឡើងពី១ប៊ីលានទៅ១,៦ប៊ីលានដុល្លារអាមេរិក។
របាយការណ៍រដ្ឋាភិបាលកម្ពុជាក៏បង្ហាញដែរថា កម្ចីនៅក្នុងវិស័យកសិកម្មកើនឡើង ១១ភាគរយនៅឆ្នាំ២០២០ និងកើនឡើង២១ភាគរយនៅឆ្នាំ២០២១។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ ក៏បានលើកឡើងពីហានិភ័យនៃបំណុលនៅក្នុងស្រទាប់ពលរដ្ឋនេះដែលបង្ហាញថា កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើង១៤ភាគរយនៅឆ្នាំ២០១២ទៅ១៤៥ភាគរយនៅឆ្នាំ២០២១ ដែលនេះនៅមិនទាន់គិតកម្ចីក្រៅផ្លូវការ ឬកម្ចីជាលក្ខណៈឯកជនទេ៕

Share

ព័ត៌មានទាក់ទង

Image