ភ្នំពេញ៖ កម្ពុជាប្រកាសទទួលស្វាគមន៍ចំពោះទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ខណៈកម្ពុជាត្រៀមរួចជាស្រេច ក្នុងការទទួលទេសចរចិន និង ទេសចរអន្តរជាតិផ្សេងៗទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
ខ្លឹមសារនៃសេចក្តីជូនដំណឹងបានឱ្យដឹងថា ទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា ព្រោះចិនជាប្រទេសធំមានប្រជាជនច្រើន និងជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក។
ក្រសួងបន្ដថា មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់)។ ចំនួននេះនាំមកនូវចំណាយ ទេសចរណ៍ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្នើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)ផងដែរ។
ដោយឡែក ទេសចរចិនមកកម្ពុជាវិញ នៅឆ្នាំ២០១៩ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់)។ បើគិតជាចំណូលវិញស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI)សរុប។
សូមបញ្ជាក់ថា អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិន មានការផ្លាស់ប្តូរយ៉ាងរហ័សនិងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅ ទេសចរណ៍ក្នុងពិភពលោក ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញមកប្រទេសរបស់ចិន៕