ភ្នំពេញ៖ យុវជនដែលមានជំនឿ មានការអប់រំ មានការគោរពប្រតិបត្តិសាសនាផ្សេងៗនៅកម្ពុជានាពេលបច្ចុប្បន្ន បានលើកឡើងថា ជំនឿនិងការអប់រំទ្រឹស្តីរបស់សាសនានីមួយៗ មិនបានធ្វើឱ្យមនុស្សប្រព្រឹត្តអំពើអាក្រក់ និងមិនធ្វើឱ្យសន្តិភាពនៅក្នុងពិភពលោកបាត់បង់នោះទេ។ ពួកគេយល់ថា ប្រការដែលនាំឱ្យមានទំនាស់ផ្នែកខាងជំនឿ ឬសាសនា ឈានទៅរកការបំផ្លាញសន្តិភាព ទំនាស់ជាតិសាសន៍តាមរយៈការប្រើប្រាស់ពាក្យប្រមាថ ការប្រើអំពើហិង្សា រហូតដល់កើតមានការកាប់សម្លាប់គ្នាដោយយកសាសនាជាខែល គឺបង្កឡើងដោយអ្នកដែលមិនទាន់យល់ច្បាស់ពីទ្រឹស្តី និងការអប់រំរបស់សាសនា។
រៀបចំដោយលោក ម៉ៅ សំណាង អ្នកសារព័ត៌មានវិទ្យុស្ត្រីហ្វេសអឹម ១០២ នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានសេចក្តីដូចតទៅ៖
«ដោយសារខ្ញុំជាជនជាតិអ៊ីស្លាម មានមិត្តភក្តិជាច្រើនបានឆ្ងល់ពីខ្ញុំ… ខ្ញុំព្យាយាមពន្យល់ទៅកាន់ពួកគាត់ ឧទាហរណ៍ដូចជាការមិនញ៉ាំសាច់ជ្រូកជាដើម គាត់ឆ្ងល់ថា ហេតុអ្វីបានជាអ៊ីស្លាមមិនអនុញ្ញាតិឱ្យពួកខ្ញុំញ៉ាំសាច់ជ្រូក តាមការពិតតាមសាសនា អ៊ីស្លាមបានពន្យល់ថា សត្វជ្រូកជាសត្វដែលកខ្វក់ កើតចេញពីកាកសំណល់ផ្ទះបាយរបស់មនុស្ស…»។ នេះជាការរៀបរាប់ឱ្យដឹងពីរបៀបនៃការគោរពប្រតិបត្តិជំនឿខ្លះៗ នៅក្នុងសាសនាអ៊ីស្លាម ដោយយុវតីខ្មែរអ៊ីស្លាមម្នាក់ គឺកញ្ញា ម៉ាន់ អាស៊ីហ្សាស់ ។
នាងស្លៀកសម្លៀកបំពាក់ជានារីជនជាតិអ៊ីស្លាម មានរុំក្បាលដោយកន្សែងខ្មៅជុំជិតសក់របស់ខ្លួន។ និយាយបណ្តើរលើកដៃធ្វើកាយវិការពន្យល់មួយៗបណ្តើរ សាសនិកអ៊ីស្លាមរូបនេះឱ្យដឹងទៀតថា ដើម្បីឱ្យការរស់នៅមានសុខសន្តិភាព រវាងជាតិសាសន៍ដែលមានការគោរពសាសនាផ្សេងគ្នា និងមិនមានការរើសអើងដល់គ្នានោះ ក្នុងនាមកញ្ញាជាសាសនិកអ៊ីស្លាមមួយរូប កញ្ញាតែងប្រកាន់ខ្ជាប់នូវការគោរពលើគោលការណ៍អប់រំរបស់សាសនាអ៊ីស្លាម និងពន្យល់ពីហេតុផលផ្សេងៗទៅកាន់អ្នកដែលមិនទាន់យល់ពីសាសនាអ៊ីស្លាមជានិច្ច។
អាស៊ីហ្សាស់ បានពន្យល់ទៀតថា៖ « អ្នកដែលមិនយល់ពីទ្រឹស្តីសាសនានេះ ច្រើនតែបង្កការលំបាកដល់សាសនា និងអ្នកដទៃ ហើយបានធ្វើឱ្យកិត្តិយសរបស់សាសនាអាប់ឱន សាសនារងការប្រមាថដោយរូបភាពផ្សេងៗ »។
អាស៊ីហ្សាស់ បានចាត់ទុកអ្នកកាន់សាសនាអ៊ីស្លាមត្រឹមត្រូវតាមទ្រឹស្តីសាសនា ថាជាការចូលរួមចំណែកមួយកសាងសន្តិភាពនៅក្នុងសង្គម និងនៅក្នុងពិភពលោក ដែលផ្ទុយពីអ្នកមិនយល់ពីការទូន្មានរបស់សាសនាអ៊ីស្លាម ដូចជាពួកភេរវកម្មអ៊ីស្លាមជ្រុលនិយមអាយស៊ីស (ISIS) ជាដើម។
យុវតីសាសនិកអ៊ីស្លាម វ័យ ២៣ ឆ្នាំរូបនេះ បានសម្គាល់ថា ៖ « ទោះបីកន្លងទៅប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកគោរពព្រះពុទ្ធសាសនា មានការរើសអើងចំពោះអ្នកកាន់សាសនាអ៊ីស្លាមក៏ពិតមែន ក៏ប៉ុន្តែនៅកម្ពុជានាបច្ចុប្បន្ននេះ មិនមានការរើសអើងសាសនាដូចពេលមុននោះទេ អ្នកមានជំនឿ ឬកាន់សាសនាផ្សេងៗ មានការគោរពគ្នាទៅវិញទៅមកបានល្អប្រសើរ ដែលជាសញ្ញាបញ្ជាក់ថា កម្ពុជាមិនមានការរើសអើងសាសនា។
ចំណែកយុវជនមានសម្បុរស រាងតូចស្តើង ជានិស្សិតសិក្សាផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុត ប៉ុនសែ ជាគ្រិស្តសាសនិកមួយរូប បាននិយាយថា នៅក្នុងការអប់រំរបស់សាសនាគ្រិស្ត មិនបានបង្រៀនមនុស្សឱ្យស្អប់គ្នានោះទេ ។ « គ្រិស្តសាសនា បង្រៀនមនុស្សឱ្យចេះចែករំលែកសេចក្តីស្រឡាញ់ទូទៅដល់គ្នា និងអប់រំឱ្យមនុស្សធ្វើអំពើល្អដល់គ្នាទៅវិញទៅមក ព្រមទាំងមានគោលដៅកសាងសន្តិភាព សេចក្តីសុខឱ្យមនុស្សនៅក្នុងពិភពលោកកាន់តែប្រសើរឡើង។
យុវជន ហ៊ុត ប៉ុនសែ យល់ឃើញថា បញ្ហាទំនាស់សាសនាដែលមាននៅក្នុងពិភពលោកក្នុងពេលកន្លងទៅ និងនាបច្ចុប្បន្ននេះ គឺកើតឡើងដោយសារតែបុគ្គលមួយក្រុមតូច មិនទាន់បានស្គាល់ច្បាស់ពីការអប់រំពិតប្រាកដរបស់សាសនានីមួយៗ ហើយភាគច្រើនមនុស្សតែងយកបញ្ហាផ្ទាល់ខ្លួនទៅទម្លាក់កំហុសលើសាសនា ។
ហ៊ុត ប៉ុនសែ បានបង្ហាញពីការយល់ឃើញរបស់ខ្លួនបន្តទៀតថា ត្បិតនៅក្នុងសង្គមមនុស្សមានប្រជំនឿ និងសាសនាផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែប្រសិនបើបុគ្គលម្នាក់ៗចេះយល់ពីគ្នា នោះទំនាស់នៅក្នុងសង្គម ឬទំនាស់សាសនា នឹងមិនកើតមានឡើយ ។
យុវជនម្នាក់ទៀតឈ្មោះ ផាត សុបញ្ញា ជាជនជាតិភាគតិចគួយ មានអាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ ។ យុវជនជនជាតិដើមគួយរូបនេះ បាននិយាយថា ជនជាតិដើមភាគតិចគួយ ជាជនជាតិមួយដែលមានជំនឿលើការគោរពចំពោះសាសនាអ្នកតា ដែលត្រូវបានគេចាត់ទុកថាជាបុព្វបុរសជំនាន់ដើម ហើយជនជាតិនេះតែងប្រាថ្នាចង់ឱ្យការរស់នៅរបស់ខ្លួន និងប្រជាជននៅក្នុងសហគមន៍របស់ខ្លួនទាំងអស់ រស់នៅមានសេចក្តីសុខជានិច្ច។
សុបញ្ញាបន្តថា៖ « ជនជាតិគួយ មិនដែលបំពាន ឬធ្វើឱ្យប៉ះពាល់ដល់សេចក្តីសុខរបស់សាសនា ឬជាតិសាសន៍ផ្សេងៗឡើយ»។
សុបញ្ញា បន្ថែមថា ការមិនយល់ពីជំនឿ និងទំនៀមទម្លាប់ប្រពៃណីជនជាតិដើមកន្លងទៅ ប្រជាជនខ្មែរដែលកាន់សាសនាផ្សេងៗ តែងចោទប្រកាន់ជនជាតិដើមភាគតិចគួយ ថាចេះធ្វើអំពើ និងមានការរើសអើងជនជាតិដើមភាគតិចគួយជានិច្ច ប៉ុន្តែការពិតមិនដូច្នេះនោះទេ។ សុបញ្ញាយល់ថា ការរើសអើងជាតិសាសន៍ និងជំនឿសាសនាអាចបង្កឱ្យកើតមានទំនាស់នៅក្នុងសង្គមមនុស្សបាន ជាឧទាហរណ៍ជាក់ស្តែង ដូចជាបញ្ហាបង្កឡើងដោយក្រុមអាយស៊ីសនាពេលបច្ចុប្បន្នជាដើម ដែលកំពុងធ្វើឱ្យកើតមានចលាចលនៅទូទាំងពិភពលោក។
ជាពុទ្ធសាសនិមួយរូប និងជាមន្ត្រីគម្រោងផ្នែកសន្តិភាពរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក គង់ ឧត្តម បាននិយាយថា ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន មិនមានការរើសអើងបញ្ហាជំនឿសាសនានោះទេ។ លោកថាក្នុងនោះដែរ ព្រះពុទ្ធសាសនា បានដើរតួនាទីជួយដល់សង្គមបានយ៉ាងច្រើន រហូតដល់សាសនាមួយនេះ បានក្លាយជាសាសនារបស់រដ្ឋ ហើយអ្នកដែលមានជំនឿសាសនាផ្សេងៗ ក៏បានចូលរួមជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍផងដែរ។
មន្ត្រីគម្រោងផ្នែកសន្តិភាពរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក គង់ ឧត្តម បានបង្ហាញពីការសម្គាល់របស់ខ្លួនថា ប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃ មានការយល់ដឹងច្រើនពីបញ្ហាអន្តរជំនឿ ដោយឡែកអ្វីដែលគម្រោងសន្តិភាពរបស់លោកចង់បាននោះ គឺចង់បង្កើនទំនាក់ទំនងគ្នាឱ្យបានកាន់តែល្អប្រសើរ រវាងយុវជនដែលមានជំនឿ និងកាន់សាសនាផ្សេងៗនៅក្នុងសង្គមកម្ពុជា ព្រោះយុវជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គមជាតិ។ ការស្វែងយល់ឱ្យបានច្បាស់ពីជំនឿ និងសាសនាពីសំណាក់យុវជន នឹងធ្វើឱ្យសង្គមជាតិមានសន្តិភាព៕