en     km
en     km

​យុវជន​ថា​ ជំនឿ​និង​ការ​អប់រំ​សាសនា​ពិតប្រាកដ​ មិន​បាន​ធ្វើ​ឱ្យ​សន្តិភាព​ក្នុង​ពិភពលោក​បាត់បង់​នោះ​ទេ​

Share

muslim-student-religion-cover

​ភ្នំពេញ​៖​ យុវជន​ដែល​មាន​ជំនឿ​ មានការ​អប់រំ​ មានការ​គោរព​ប្រតិបត្តិ​សាសនា​ផ្សេងៗ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ បាន​លើក​ឡើង​ថា​ ជំនឿ​និង​ការ​អប់រំ​ទ្រឹស្តី​របស់​សាសនា​នីមួយៗ​ មិន​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​អំពើអាក្រក់​ និង​មិន​ធ្វើ​ឱ្យ​សន្តិភាព​នៅ​ក្នុង​ពិភពលោក​បាត់បង់​នោះ​ទេ​។​ ពួក​គេ​យល់​ថា​ ប្រការ​ដែល​នាំ​ឱ្យ​មាន​ទំនាស់​ផ្នែក​ខាង​ជំនឿ​ ឬ​សាសនា​ ឈាន​ទៅ​រក​ការ​បំផ្លាញ​សន្តិភាព​ ទំនាស់​ជាតិ​សាសន៍​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​ប្រមាថ​ ការ​ប្រើ​អំពើ​ហិង្សា​ រហូត​ដល់​កើត​មានការ​កាប់សម្លាប់​គ្នា​ដោយ​យក​សាសនា​ជា​ខែល​ គឺ​បង្ក​ឡើង​ដោយ​អ្នក​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​ទ្រឹស្តី​ និង​ការ​អប់រំ​របស់​សាសនា​។​

​រៀបចំ​ដោយ​លោក​ ម៉ៅ​ សំណាង​ អ្នក​សារព័ត៌មាន​វិទ្យុ​ស្ត្រី​ហ្វេ​ស​អឹ​ម​ ១០២​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ មាន​សេចក្តី​ដូច​តទៅ​៖​

«​ដោយសារ​ខ្ញុំ​ជា​ជនជាតិ​អ៊ី​ស្លា​ម​ មាន​មិត្តភក្តិ​ជា​ច្រើន​បាន​ឆ្ងល់​ពី​ខ្ញុំ​…​ ខ្ញុំ​ព្យាយាម​ពន្យល់​ទៅ​កាន់​ពួក​គាត់​ ឧទាហរណ៍​ដូច​ជា​ការ​មិន​ញ៉ាំ​សាច់​ជ្រូក​ជាដើម​ គាត់​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​អ៊ី​ស្លា​ម​មិន​អនុញ្ញាតិ​ឱ្យ​ពួក​ខ្ញុំ​ញ៉ាំ​សាច់​ជ្រូក​ តាម​ការ​ពិត​តាម​សាសនា​ អ៊ី​ស្លា​ម​បាន​ពន្យល់​ថា​ សត្វ​ជ្រូក​ជា​សត្វ​ដែល​កខ្វក់​ កើត​ចេញពី​កាក​សំណល់​ផ្ទះបាយ​របស់​មនុស្ស​…»​។​ នេះ​ជា​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​របៀប​នៃ​ការ​គោរព​ប្រតិបត្តិ​ជំនឿ​ខ្លះៗ​ នៅ​ក្នុង​សាសនា​អ៊ី​ស្លា​ម​ ដោយ​យុវតី​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​ គឺ​កញ្ញា​ ម៉ា​ន់​ អាស៊ី​ហ្សា​ស់​ ។​

​នាង​ស្លៀក​សម្លៀក​បំពាក់​ជានា​រី​ជនជាតិ​អ៊ី​ស្លា​ម​ មាន​រុំ​ក្បាល​ដោយ​កន្សែង​ខ្មៅ​ជុំ​ជិត​សក់​របស់​ខ្លួន​។​ និយាយ​បណ្តើរ​លើកដៃ​ធ្វើ​កាយវិការ​ពន្យល់​មួយៗ​បណ្តើរ​ សាសនិក​អ៊ី​ស្លា​ម​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ដើម្បី​ឱ្យ​ការ​រស់នៅ​មាន​សុខ​សន្តិភាព​ រវាង​ជាតិ​សាសន៍​ដែល​មានការ​គោរព​សាសនា​ផ្សេង​គ្នា​ និង​មិន​មានការ​រើសអើង​ដល់​គ្នា​នោះ​ ក្នុង​នាម​កញ្ញា​ជា​សាសនិក​អ៊ី​ស្លា​ម​មួយ​រូប​ កញ្ញា​តែង​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​លើ​គោលការណ៍​អប់រំ​របស់​សាសនា​អ៊ី​ស្លា​ម​ និង​ពន្យល់​ពី​ហេតុផល​ផ្សេងៗ​ទៅ​កាន់​អ្នក​ដែល​មិន​ទាន់​យល់​ពី​សាសនា​អ៊ី​ស្លា​ម​ជា​និច្ច​។​
​អាស៊ី​ហ្សា​ស់​ បាន​ពន្យល់​ទៀត​ថា​៖​ «​ អ្នក​ដែល​មិន​យល់​ពី​ទ្រឹស្តី​សាសនា​នេះ​ ច្រើន​តែ​បង្ក​ការ​លំបាក​ដល់​សាសនា​ និង​អ្នក​ដទៃ​ ហើយ​បាន​ធ្វើ​ឱ្យ​កិត្តិយស​របស់​សាសនា​អាប់ឱន​ សាសនា​រង​ការ​ប្រមាថ​ដោយ​រូបភាព​ផ្សេងៗ​ »​។​

​អាស៊ី​ហ្សា​ស់​ បាន​ចាត់​ទុក​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​ត្រឹមត្រូវ​តាម​ទ្រឹស្តី​សាសនា​ ថា​ជា​ការ​ចូលរួម​ចំណែក​មួយ​កសាង​សន្តិភាព​នៅ​ក្នុង​សង្គម​ និង​នៅ​ក្នុង​ពិភពលោក​ ដែល​ផ្ទុយ​ពី​អ្នក​មិន​យល់​ពី​ការ​ទូន្មាន​របស់​សាសនា​អ៊ី​ស្លា​ម​ ដូច​ជា​ពួក​ភេរវកម្ម​អ៊ី​ស្លា​ម​ជ្រុលនិយម​អាយ​ស៊ី​ស​ (ISIS)​ ជាដើម​។​

​យុវតី​សាសនិក​អ៊ី​ស្លា​ម​ វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​ បាន​សម្គាល់ថា​ ៖​ «​ ទោះបី​កន្លង​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ មានការ​រើសអើង​ចំពោះ​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​ក៏​ពិតមែន​ ក៏​ប៉ុន្តែ​នៅ​កម្ពុ​ជានា​បច្ចុប្បន្ន​នេះ​ មិន​មានការ​រើសអើង​សាសនា​ដូច​ពេល​មុន​នោះ​ទេ​ អ្នកមាន​ជំនឿ​ ឬ​កាន់សាសនា​ផ្សេងៗ​ មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ប្រសើរ​ ដែល​ជា​សញ្ញា​បញ្ជាក់​ថា​ កម្ពុជា​មិន​មានការ​រើសអើង​សាសនា​។​

​ចំណែក​យុវជន​មាន​សម្បុរ​ស​ រាង​តូច​ស្តើង​ ជា​និស្សិត​សិក្សា​ផ្នែក​គីមី​ចំណីអាហារ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក​ ហ៊ុត​ ប៉ុន​សែ​ ជា​គ្រិស្ត​សាសនិក​មួយ​រូប​ បាន​និយាយ​ថា​ នៅ​ក្នុង​ការ​អប់រំ​របស់​សាសនា​គ្រិស្ត​ មិន​បាន​បង្រៀន​មនុស្ស​ឱ្យ​ស្អប់​គ្នា​នោះ​ទេ​ ។​ «​ គ្រិស្តសាសនា​ បង្រៀន​មនុស្ស​ឱ្យ​ចេះ​ចែករំលែក​សេចក្តី​ស្រឡាញ់​ទូទៅ​ដល់​គ្នា​ និង​អប់រំ​ឱ្យ​មនុស្ស​ធ្វើអំពើ​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​មាន​គោលដៅ​កសាង​សន្តិភាព​ សេចក្តីសុខ​ឱ្យ​មនុស្ស​នៅ​ក្នុង​ពិភពលោក​កាន់តែ​ប្រសើរ​ឡើង​។​

​យុវជន​ ហ៊ុត​ ប៉ុន​សែ​ យល់​ឃើញ​ថា​ បញ្ហា​ទំនាស់​សាសនា​ដែល​មាននៅ​ក្នុង​ពិភពលោក​ក្នុង​ពេល​កន្លង​ទៅ​ និង​នា​បច្ចុប្បន្ន​នេះ​ គឺ​កើតឡើង​ដោយសារ​តែ​បុគ្គល​មួយ​ក្រុម​តូច​ មិន​ទាន់​បាន​ស្គាល់​ច្បាស់​ពី​ការ​អប់រំ​ពិតប្រាកដ​របស់​សាសនា​នីមួយៗ​ ហើយ​ភាគច្រើន​មនុស្ស​តែង​យក​បញ្ហា​ផ្ទាល់ខ្លួន​ទៅ​ទម្លាក់​កំហុស​លើ​សាសនា​ ។​
​ហ៊ុត​ ប៉ុន​សែ​ បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​បន្ត​ទៀត​ថា​ ត្បិត​នៅ​ក្នុង​សង្គមមនុស្ស​មាន​ប្រជំ​នឿ​ និង​សាសនា​ផ្សេងៗ​គ្នា​ក៏​ពិតមែន​ ប៉ុន្តែ​ប្រសិនបើ​បុគ្គល​ម្នាក់ៗ​ចេះ​យល់​ពី​គ្នា​ នោះ​ទំនាស់​នៅ​ក្នុង​សង្គម​ ឬ​ទំនាស់​សាសនា​ នឹង​មិនកើត​មាន​ឡើយ​ ។​

​យុវជន​ម្នាក់​ទៀត​ឈ្មោះ​ ផាត​ សុ​បញ្ញា​ ជា​ជនជាតិភាគតិច​គួ​យ​ មាន​អាយុ​ ២៣​ ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ យុវជន​ជនជាតិ​ដើម​គួ​យ​រូប​នេះ​ បាន​និយាយ​ថា​ ជនជាតិ​ដើម​ភាគតិច​គួ​យ​ ជា​ជនជាតិ​មួយ​ដែល​មាន​ជំនឿ​លើ​ការ​គោរព​ចំពោះ​សាសនា​អ្នកតា​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុព្វបុរស​ជំនាន់​ដើម​ ហើយ​ជនជាតិ​នេះ​តែង​ប្រាថ្នា​ចង់ឱ្យ​ការ​រស់នៅ​របស់​ខ្លួន​ និង​ប្រជាជន​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ទាំងអស់​ រស់នៅ​មាន​សេចក្តីសុខ​ជា​និច្ច​។​

​សុ​បញ្ញា​បន្ត​ថា​៖​ «​ ជនជាតិ​គួ​យ​ មិន​ដែល​បំពាន​ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តីសុខ​របស់​សាសនា​ ឬ​ជាតិ​សាសន៍​ផ្សេងៗ​ឡើយ​»​។​

​សុ​បញ្ញា​ បន្ថែម​ថា​ ការ​មិន​យល់​ពី​ជំនឿ​ និង​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​កន្លង​ទៅ​ ប្រជាជន​ខ្មែរ​ដែល​កាន់សាសនា​ផ្សេងៗ​ តែង​ចោទប្រកាន់​ជនជាតិ​ដើម​ភាគតិច​គួ​យ​ ថា​ចេះ​ធ្វើអំពើ​ និង​មានការ​រើសអើង​ជនជាតិ​ដើម​ភាគតិច​គួ​យ​ជា​និច្ច​ ប៉ុន្តែ​ការ​ពិត​មិន​ដូច្នេះ​នោះ​ទេ​។​ សុ​បញ្ញា​យល់​ថា​ ការ​រើសអើង​ជាតិ​សាសន៍​ និង​ជំនឿ​សាសនា​អាច​បង្ក​ឱ្យ​កើត​មាន​ទំនាស់​នៅ​ក្នុង​សង្គមមនុស្ស​បាន​ ជា​ឧទាហរណ៍​ជាក់ស្តែង​ ដូច​ជា​បញ្ហា​បង្ក​ឡើង​ដោយ​ក្រុម​អាយ​ស៊ី​សនា​ពេល​បច្ចុប្បន្ន​ជាដើម​ ដែល​កំពុង​ធ្វើ​ឱ្យ​កើត​មាន​ចលាចល​នៅ​ទូ​ទាំង​ពិភពលោក​។​

​ជា​ពុទ្ធ​សាស​និ​មួយ​រូប​ និង​ជា​មន្ត្រី​គម្រោង​ផ្នែក​សន្តិភាព​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ លោក​ គង់​ ឧត្តម​ បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ មិន​មានការ​រើសអើង​បញ្ហា​ជំនឿ​សាសនា​នោះ​ទេ​។​ លោក​ថា​ក្នុង​នោះ​ដែរ​ ព្រះពុទ្ធ​សាសនា​ បាន​ដើរតួ​នាទី​ជួយ​ដល់​សង្គម​បាន​យ៉ាងច្រើន​ រហូត​ដល់​សាសនា​មួយ​នេះ​ បាន​ក្លាយជា​សាសនា​របស់​រដ្ឋ​ ហើយ​អ្នក​ដែល​មាន​ជំនឿ​សាសនា​ផ្សេងៗ​ ក៏​បាន​ចូលរួម​ជួយ​ឱ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​ផង​ដែរ​។​

​មន្ត្រី​គម្រោង​ផ្នែក​សន្តិភាព​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ លោក​ គង់​ ឧត្តម​ បាន​បង្ហាញ​ពី​ការ​សម្គាល់​របស់​ខ្លួន​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​ មានការ​យល់​ដឹង​ច្រើន​ពី​បញ្ហា​អន្តរ​ជំនឿ​ ដោយឡែក​អ្វី​ដែល​គម្រោង​សន្តិភាព​របស់​លោក​ចង់បាន​នោះ​ គឺ​ចង់​បង្កើន​ទំនាក់ទំនង​គ្នា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ រវាង​យុវជន​ដែល​មាន​ជំនឿ​ និង​កាន់សាសនា​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា​ ព្រោះ​យុវជន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​។​ ការ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​ជំនឿ​ និង​សាសនា​ពី​សំណាក់​យុវជន​ នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​សន្តិភាព​៕​

Share

Image
Image
Image