អ្នកទោសចំនួន២៨៣នាក់ នឹងត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោសនៅថ្ងៃ៧មករាខាងមុខនេះ ដែលជាទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតទាំង២៨៣នាក់រួចហើយ។ នេះបើតាមការបញ្ជាក់ពីលោក គឺម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
បើតាមការបញ្ជាក់ពីលោករដ្ឋលេខាធិការដដែលថា ក្នុងចំណោមទណ្ឌិតទាំង២៨៣នាក់ មានស្ដ្រីសរុបចំនួន ២៧ នាក់តែប៉ុណ្ណោះ ត្រូវបានបន្ថយទោស និងលើកលែងទោស។ ក្នុងនោះបន្ថយទោសត្រឹម ៣ខែ មានស្រី្ដ១៧នាក់ បន្ថយទោសត្រឹម ៦ ខែ មានស្រី្ដ ០៩នាក់ និងមានការលើកលែងទោសដល់ ស្រី្ដ ១នាក់ផងដែរ។ បើគិតពីចំនួនស្ដ្រីធៀបទៅនឹងបុរស គឺស្ដ្រីមានចំនួនមិនដល់១០ភាគរយទេ ដែលត្រូវបានដោះលែង។
បើតាមសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅធ្លាប់លើកឡើងថា ការដោះលែងទណ្ឌិតផ្តោតសំខាន់ទៅលើអ្នកដែលបានកែប្រែខ្លួនបានល្អ។ នៅពេលដែលទៅរស់នៅក្នុងសហគមន៍វិញ សម្ដេចថា ទណ្ឌិតទាំងនោះត្រូវធ្វើអំពើល្អ និងកែប្រែខ្លួន ប៉ុន្តែនៅពេលដែលបន្តប្រព្រឹត្តបទល្មើសទៀត កម្លាំងសមត្ថកិច្ចនឹងចាប់យកមកឃុំខ្លួនវិញ។
កាលពីពេលចុងឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យបានធ្វើការប្រមូលផ្ដុំដើម្បីស្នើសុំឱ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនមនសិកាផងដែរ។ តែបើតាមសង្គមស៊ីវិលដែលតាមដានលើរឿងនេះបានលើកឡើងថា អ្នកទោសនយោបាយ និងសកម្មជនមនសិកា មិនមានឈ្មោះក្នុងបញ្ជីលើលលែងទោស និងបន្ធូរបន្ថយទោសទេ នៅថ្ងៃទី៧ ខែមករា ខាងមុខនេះទេ។
សូមរម្លឹកថា ក្នុងជំពូកទី ២ នៃការលើកលែងទោស និងបន្ធូរបន្ថយទោសដែលចេញព្រះរាជក្រឹត្យដោយព្រះមហាក្សត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៥ដង ក្នុងមួយឆ្នាំ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក៕