ករណីវាយកម្ទេចចេតិយបុរាណដែលមានអាយុកាល១២៣ឆ្នាំ ដែលឆ្លងកាត់រាជ្យវង្សជាច្រើនជំនាន់ នៅក្នុងវត្តបុទុមវត្តី បានកើតទៅជារឿងចម្រូងចម្រាស់ថ្មីម្តងទៀត សម្រាប់សារធាណៈមតិ បន្ទាប់ករណីស្រដៀងនេះ គឺកុដិបុរាណចំនួន ៣ ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីកសាងចេតិយជំនួសវិញ។
ទាំងការវាយកម្ទេចចេតិយបុរាណ នៅវត្តបទុមវត្តី និងការវាយកម្ទេចកុដិបុរាណ នៅវត្តឧណ្ណាលោម ត្រូវបានគេលើកនូវហេតុផលប្រហាក់ប្រហែលគ្នាផងដែរ នោះគឺមកពី«ការភ័ន្តច្រឡំ»។ យ៉ាងណាករណីនេះទៀតសោទ គេមិនឃើញមានការដាក់ទោសទណ្ឌពីអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
ជុំវិញករណីបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិនៅតាមទីវត្តអារាមនេះ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានបង្ហាញនូវការសោកស្ដាយចំពោះការបាត់បង់ ដូចដែលក្រសួងវប្បធម៌និងវិចិត្រសិល្បះដែរ ប៉ុន្ដែលោកព្រួយបារម្ភខ្លាចក្រែងថាអាចនឹងមានសម្បត្តិបេតិភណ្ឌផ្សេងទៀតនៅកម្ពុជា ដោយហេតុថាពលរដ្ឋ ជាពិសេសព្រះសង្ឃមួយចំនួនហាក់មិនបានយល់ដឹងពីសារៈសំខាន់នៃបេតិភណ្ឌ។
ចំណែក លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានដាក់ការស្ដីបន្ទោសចំពោះសកម្មភាព វាយកុដ ឬចេតិយបុរាណ ដោយមិនបានពិភាក្សាជាមួយក្រសួងវប្បធម៌សិននោះ ថាជាទង្វើធ្វើអ្វីស្រេចតែអំពើចិត្ត។ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះយល់ថា រឿងនេះគួរតែមានកិច្ចអន្តរាគមន៍ដោះស្រាយឱ្យបានម៉ត់ចត់ បើពុំដូច្នោះទេ សារាចររបស់រដ្ឋាភិបាលដែលចេញហាមវាយកំទេចអាគារបុរាណនោះនឹងលែងមានតម្លៃ។
ដើម្បីលម្អិតថាតើរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ គួរមានការអន្តរាគមន៍បែបណា ជៀសវាងកុំឱ្យមានករណីស្រដៀងនេះកើតឡើងទៀតនោះ? សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយនឹងវាគ្មិនទាំងពីររូប ដូចតទៅ!