en     km
en     km

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងរៀបចំផែនការឆ្លើយតបនឹងកូរ៉េខាងជើងករណីប្រើអាវុធនុយក្លេអ៊ែរ

Share

មន្រ្តីសេតវិមានរបស់សហរដ្ឋមេរិក បានចេញមុខព្រមានប្រទេសកូរ៉េខាងជើងចំៗកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលកំពុងរៀបចំគោលនយោបាយ ដើម្បីឆ្លើយតបឱ្យសាកសមបំផុត ប្រសិនបើប្រទេសកូរ៉េខាងជើងហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមានរបស់សហរដ្ឋអាមេរិកបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំគោលនយោបាយឆ្លើយតប សម្របសម្រួលប្រកបដោយតម្លាភាព និងគ្រោងរៀបចំយន្តការជាច្រើន ដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើងក្នុងការប្រើប្រាស់នុយក្លេអ៊ែរ។
តាមប្រភពសារព័ត៌មានដដែលបានបន្តថា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមរិកបានថ្លែងប្រាប់សារព័ត៌មាន បន្ទាប់ពីមានការភ័ន្តច្រឡំនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លើយតបរបស់សម្ព័ន្ធមិត្ត ពោលគឺប្រទេសកូរ៉េខាងជើងទាក់ទិននឹងការវាយប្រហារនុយក្លេអ៊ែរពីទីក្រុងព្យុងយ៉ាង។


គួរបញ្ជា្កក់ថា កាលពីថ្ងៃចន្ទ ទី៣ ខែមករានេះ លោក Biden បានចេញមុខបដិសេធនូវសំណួរដែលសួរថា តើសមប្រយុទ្ធនុយក្លេអ៊ែររួមមានលទ្ធភាពដែរឬទេរវាងសម្ព័ន្ធមិត្តទាំងពីរ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមរិកបានបំភ្លឺថា សមប្រយុទ្ធរួមគ្នាមិនដែលកើតមានឡើងទេ ពីព្រោះថាប្រទេសកូរ៉េខាងត្បូងមិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះឡើយ។
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបាននិយាយថា បើទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងត្បូង និងបន្តផ្តល់ជំនួយឱ្យប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងសមត្ថភាពការពារប្រទេសពីសំណាក់ប្រទេសកូរ៉េខាងជើង។
សូមរំលឹកថា ដោយសារតែសកម្មភាព និងសេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើង បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសំណាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបច្ចុប្បន្នប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាដើម្បីពង្រឹងការទប់ស្កាត់បន្ថែមទៀត៕

ប្រភព៖ CNA ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image