ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ស្តីពី ផលនេសាទតាមដាយត្រីនៅភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឱ្យដឹងថា បរិមាណត្រីនេសាទដែលបាននៅឆ្នាំនេះ បានកើនឡើងប្រមាណ ៤០% បើធៀបផលនេសាទកាលពីឆ្នាំ ២០២១-២០២២ ឆ្នាំមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងកសិកម្មបញ្ជាក់ថា បរិមាណត្រីដែលនេសាទតាមដាយត្រីនៅឆ្នាំនេះ មានចំនួន ១៤៨១ តោនកើនឡើងជាងឆ្នាំមុន ដែលនេសាទបានត្រឹមតែ ៨៩០ តោនតែប៉ុណ្ណោះ។
បរិមាណត្រីកើនឡើងបែបនេះ សម្រាប់ក្រសួងយល់ឃើញថា គឺជាលទ្ធផលកើតចេញពីវិធានការទប់ស្កាត់បទល្មើសនេសាទដែលមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅបឹងទន្លេសាបក្នុងរដូវត្រីពងអំឡុងឆ្នាំ ២០២២ កន្លងទៅ។
សម្រាប់ក្រសួងកសិកម្មផលត្រីកើនឡើងដូច្នេះ ជាបច្ច័យមួយរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបានមួយចំណែក ព្រោះប្រជាពលរដ្ឋអាចរកទិញត្រីមកទទួលទានក្នុងតម្លៃថោកសមរម្យ។
ដោយឡែកប្រភេទត្រីដែលនេសាទបានមានដូចជា ត្រីរៀល ៤៥% ត្រីស្លឹកឫស្សី៣០% ត្រីខ្នងវែង៥% ត្រីច្រកែង ២% ត្រីកញ្ជ្រូក ៣% ត្រីឈ្វាត ៥% និងត្រីចម្រុះ១០%។ ចំណែកប្រជាពលរដ្ឋដែលមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ទុកទទួលទានក្នុងគ្រួសារនិងលក់បន្ត មានចំនួនប្រមាណ ៨ ពាន់នាក់ ដែល ៩០% ជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗ។
តាមរយៈសេចក្តីជួនដំណឹងដដែល ក្រសួងកសិកម្មបានរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចចូលរួមទប់ស្កាត់បទល្មើសនេសាទ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដើម្បីថែរក្សាធនធានជលផលឱ្យមាននិរន្តភាព។ ក្រសួងក៏ឆ្លៀតរំលេចក្នុងសេចក្តីជូនដំណឹង ពីទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ ករណីប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់៕