en     km
en     km

សង្គមស៊ីវិលអំពាវនាវរកយុត្តិធម៌ដល់អ្នកស្លាប់និងអ្នករងរបួសលើផ្លូវវេងស្រេងកាលពី៩ឆ្នាំមុន

Share

សង្គមស៊ីវិលជាច្រើនស្ថានប័នៅថ្ងៃនេះបាន អំពាវនាវឱ្យអាជ្ញាធរ ស្វែងរកយុត្តិធម៌សម្រាប់អ្នកដែលបានរងរបួស ស្លាប់ និងអ្នកដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន រងការចោទប្រកាន់ និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ កាលពី៩ឆ្នាំមុន  នៅលើផ្លូវវេងស្រេង។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០២៣នេះ គឺជាខួប៩ឆ្នាំ នៃការបាញ់ប្រហារនៅផ្លូវវេងស្រេងលើកម្មករដែលតវ៉ាលើមហាវិថីវេងស្រេងកាលពីឆ្នាំ២០១៤ ដើម្បីឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ ដុល្លារ។ អង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យអាជ្ញាធរ មានយុត្តិធម៌សម្រាប់អ្នកដែលបានរងរបួស ស្លាប់ និងអ្នកដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ។

មកដល់ពេលនេះ នៅមិនទាន់មានការចាត់វិធានការលើជនល្មើស ដែលបានបាញ់សម្លាប់កម្មករ ៤នាក់ និងការបាត់ខ្លួនកុមារម្នាក់អាយុ១៥ឆ្នាំនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ នៅថ្ងៃទី៣ ខែមករានេះ។

ប្រភពដដែលបានអះអាងបន្ថែមថា រយៈពេល ៩ ឆ្នាំនេះ មិនទាន់មានយុត្តិធម៌សម្រាប់កម្មករ ដែលរងការបាញ់ប្រហារនៅផ្លូវវេងស្រេងនៅឡើយទេ។ កុមារាម្នាក់ដែលបានបាត់ខ្លួនមកទល់ពេលនេះ មានឈ្មោះថា ខឹម សាផាត ត្រូវបានសង្គមស៊ីវិលបញ្ជាក់ថា ក្រុមគ្រួសាររបស់កុមារារូបនោះទទួលរងភាពឈឺចាប់ និងស្រពិចស្រពិលអំពីស្ថានភាពកូនរបស់ខ្លួន។ សង់តា្រល់បន្ថែមថា ក្រុមគ្រួសារកុមារា ខឹម សាផាត ត្រូវតែទទួលបាននូវចម្លើយ សន្តិភាពផ្លូវចិត្ត និងយុត្តិធម៌ ពីការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័សទៅលើការបាត់ខ្លួនរបស់សាផាត។

នៅថ្ងៃនេះដែរ អង្គការសង់ត្រាល់បានរៀបចំវិធី បង្សុកូលរំលឹកវិញ្ញាណក្ខន្ធដល់កម្មករដែលស្លាប់ កាលពី៩ឆ្នាំ នៃព្រឹត្តិការណ៍បង្ក្រាប នៅលើផ្លូវវេងស្រេង និងនៅរោងចក្រយ៉ាកជីន ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ លោក ស្រី កែវ សុខម៉េង ម្ដាយរបស់កម្មករ ផេង កុសក ដែលត្រូវបានស្លាប់ក្នុងការតវ៉ាកាលនោះ បានលើកឡើងដោយទឹកភ្នែកថា លោកស្រីមិនភ្លេចទេ ឱ្យតែជីវិតនៅមានលោកស្រីនៅតែចូលរួមទាមទារកយុត្តិធម៌ដល់កូនប្រុសលោកស្រីដែរ។

លោកស្រី កែវ សុខម៉េង

វិទ្យុស្ដ្រីបានសុំការឆ្លើយតបពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែរតែមិនលើកទូរសសព្ទ និងមិនអាចទាក់ទងបាន។

លោក មឿន តុលា

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ សិទ្ធិមនុស្សសង់ត្រាល់លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឥឡូវនេះ អាចអស់ពីសាទែន ប្រហែលជាត្រូវការដូរសាទែនថ្មី។

សូមរម្លឹកថា ក្រៅពីប្រជាពលរដ្ឋ៤នាក់មាន លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោកផេង កុសល បានស្លាប់កាលពីឆ្នាំ២០១៤ និងការបាត់ខ្លួនកុមារា ខឹម សាផាត ក៏មានកម្មករ និងអ្នកការពារសិទិ្ធមនុស្ស ចំនួន ២៣ នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសពីបទល្មើសមួយចំនួនទាក់ទងនឹងការធ្វើបាតុកម្មផងដែរ៕

Share

Image
Image
Image