លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមរៀបចំការសម្ដែងសិល្បៈទស្សនីយភាពផង បានដឹកនាំសិល្បករសិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព និងក្រុមគុនល្បុក្កតោនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ហ្វឹកហាត់សម្ដែង របាំ និងក្បាច់គុណ។ បើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ថាការហ្វឹកហាត់នេះ ដើម្បីអបអរមីទ្ទិញខួប៤៤ឆ្នាំនៃ ទិវាជ័យជម្នះ ៧ មករា ក្រោយខកខានរៀបចំរយៈពេល២ឆ្នាំ។
ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌បានឱ្យដឹងបន្ថែមទៀតថា សិល្បៈទស្សនីយភាពសម្រាប់យកទៅសម្តែង ក្នុង ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣នេះ បានសម្រិតសម្រាំងសិល្បៈជាច្រើនទម្រង់បូកបញ្ចូលគ្នា ដោយនឹងបង្ហាញពីភាពដ៏អស្ចារ្យ និងច្នៃប្រឌិតនៃដូនតាខ្មែរជំនាន់ដើម។ ក្នុងនោះមានដូចជាវង់ភ្លេងកន្ត្រឹមមិញ របាំក្បាច់បុរាណ ក្បាច់គុនល្បុក្កតោ ក៏ដូចជាការបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការបង្កបង្កើនផល ផ្នែកកសិកម្ម និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា មីទ្ទិញ ៧ មករា ត្រូវបានគណបក្សកាន់អំណាចផ្អាករៀបចំរយៈពេល ២ ឆ្នាំមកហើយ គឺឆ្នាំ២០២១ និង២០២២ ក្រោមហេតុផលការរាតក្បាតនៃជំងឺកូវីដ១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ម្សិលមិញ បានចេញការជូនដំណឹងបិទផ្លូវពីមហាវិថីសុធារស ចាប់ពីស្ដុបជលផល ដល់ផ្លូវឧកញ្ញា ឈុន និងពីកំណាត់តីរ វិថីព្រះសីសុវត្ថិចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ ព្រមទាំងកំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងទីតាំងជុំវិញនៃការរៀបចំមីទ្ទិញ ៧ មករា ដែលកំណត់យកមជ្ឈមណ្ឌលសន្និបាទកោះពេជ្យជាកន្លែងរៀបចំពិធី៕