ប្រទេសហ្វីលីពីនសន្យាថានឹងបើកបម្រើសេវាកម្មយ៉ាងពេញលេញឡើងវិញនៅថ្ងៃច័ន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនី ដែលបណ្តាលឱ្យជើងហោះហើរចំនួនជាង ៣០០ ត្រូវអាក់ខាន។ជាមួយគ្នាក៍មានការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំធុរកិច្ច និងសមាជិកកំពូលរបស់ព្រឹទ្ធសភា ដើម្បីឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់។
(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)
តាមការឱ្យដឹងពីសារព័ត៌មាន Reuters លោក Cesar Chiong អ្នកគ្រប់គ្រងទូទៅក្នុងអាកាសយានដ្ឋានអន្តរជាតិម៉ានីលបាននិយាយថា ការដាច់ភ្លើងនៅអាកាសយានដ្ឋាន Ninoy Aquino បណ្តាលមកពីការផ្គត់ផ្គង់ថាមពលបឋម និងថាមពលបន្ទាប់បន្សំមិនគ្រប់គ្រាន់។ លោកបន្តថា ពួកលោកត្រូវការយ៉ាងហោចណាស់ ៧២ ម៉ោង ដើម្បីឱ្យវាត្រឡប់មកដំណើរការប្រក្រតីវិញ។
គួរបញ្ជាក់ថា ក្នុងចំណោមជើងហោះហើរចំនួន ៣៦១ ខ្សែ មានខ្លះត្រូវបានពន្យារពេល ឯខ្លះទៀតត្រូវបានលុបចោល ឬហោះប្តូរទិសដៅទៅកាន់អាកាសយានដ្ឋានក្នុងតំបន់ផ្សេងទៀតភ្លាមៗ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំថ្មីនេះ។ ហេតុការណ៍នេះបានប៉ះពាល់ទៅដល់អ្នកដំណើរប្រហែលជាង ៦ម៉ឺននាក់ (៦០,000 នាក់)។
លោក Chiong បានបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃច័ន្ទនេះ អាកាសយានដ្ឋានខាងលើបានគ្រប់គ្រងជើងហោះហើរអតិបរមា ១៥ដងក្នុងមួយម៉ោង ដែលពេលធម្មតា អាកាសយានដ្ឋាននេះមានជើងហោះហើរអតិបរមា ២០ដងក្នុងមួយម៉ោង។
យ៉ាងណាមិញ អាកាសយានដ្ឋាននេះបានជាប់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតក្នុងចំណោមច្រកទ្វារអន្តរជាតិ របស់ពិភពលោក ដោយសារតែមានការធ្លាក់ជើងហោះហើរទៀងទាត់ ហើយធ្លាប់មានប្រវត្តិពន្យារពេល ឬបោះបង់ចោលកំណែទម្រង់អាកាសយានដ្ឋាន ដោយសារតែជម្លោះរវាងអាជ្ញាធរព្រលានយន្តហោះនិងអ្នកម៉ៅការ។
បើទោះជាបែបនេះក្តី នៅថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំថ្មីនេះ អាកាសយានដ្ឋានចំនួន ៤ មានមនុស្សឈរតម្រង់ជួរទិញសំបុត្រយ៉ាងកកកុញ ខណៈដែលអ្នកដំណើរដែលនឿយហត់ផ្សេងទៀត បានដេកនៅលើកៅអី ឬនៅលើឥដ្ឋក្នុងព្រលានយន្តហោះ៕
ប្រភព៖ Reuters ថ្ងៃច័ន្ទ ទី០២ ខែមករា ឆ្នាំ២០២៣