ភ្នំពេញ៖ ថ្ងៃឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង ២លាននាក់(២,០២២,៩២០នាក់) ក្នុងនោះភ្ញៀវជាតិមានប្រមាណ ២ លាននាក់ (២,០០៦,១១៧នាក់) និងភ្ញៀវបរទេសចំនួនជាង១ម៉ឺននាក់(១៦,៨០៣នាក់)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។
តួលេខនេះបើតាមក្រសួងទេសចរណ៍ គឺកើនឡើង ៧៦.៦៥% បើធៀបនឹងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០២២ ឆ្នាំមុន។
បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរចំនួនជាង ៤ សែននាក់ (៤៥៥,៨៣២នាក់) ខេត្តព្រះសីហនុប្រមាណ ៣ សែននាក់ (៣៣៨,៥៥២នាក់) ខេត្តសៀមរាបចំនួនជាង ៣សែននាក់ (៣៣៧,៧៦៩នាក់) ខេត្តកំពតប្រមាណ ៣ សែននាក់ (៣៣០,៦៥៩នាក់)ខេត្តបាត់ដំបងចំនួនជាង ១ សែននាក់(១៥៨,១១០នាក់) ខេត្តកែបប្រមាណ ៩ ម៉ឺននាក់(៨៨,៣៥៦នាក់) ខេត្តត្បូងឃ្មុំចំនួនជាង ៨ ម៉ឺននាក់ (៨៤,៦៨៣នាក់) និងខេត្តកំពង់ចាមប្រមាណ ៧ ម៉ឺននាក់ (៧៦,៩០១នាក់)។
កំណើនភ្ញៀវទេសចរនេះ ដោយសាររដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានា បានរៀបចំជាពិធីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំ មានការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) ការបាញ់កាំជ្រួចអបអរសាទរ និងការបង្ហោះគោមជាដើម ដែលជាការទាក់ទាញភ្ញៀវទេសចរ មានការកើនឡើងជាខ្លាំង៕