សហរដ្ឋអាមេរិកបានក្លាយជាប្រទេសចុងក្រោយគេដែលតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដជាចាំបាច់លើភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីចិនបានប្រកាសបើកព្រំដែនឡើងវិញនៅសប្តាហ៍ក្រោយ។
វិធានការតឹងរ៉ឹងបែបនេះក៏ត្រូវបានអនុវត្តនៅប្រទេសអ៊ីតាលី ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ និងឥណ្ឌា ផងដែរ។
ទីក្រុងប៉េកាំងបាននិយាយថា ច្បាប់នៃការការពារការឆ្លងកូវីដគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើ “វិទ្យាសាស្រ្ត” ហើយបានចោទប្រកាន់ប្រទេសមួយចំនួនថាបាន “បំភ័ន្ត” ស្ថានការណ៍នៅប្រទេសចិន។នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារទី២៦-២៧ ធ្នូឆ្នាំ២០២២ ប្រទេសចិនបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើររបស់ប្រជាជនខ្លួនទៅនិងមកពីបរទេស។
អាជ្ញាធរបាននិយាយថា ចាប់ពីថ្ងៃទី 8 ខែមករា ២០២៣ ការធ្វើចត្តាគីស័កសម្រាប់អ្នកដំណើរដែលចូលប្រទេសចិននឹងត្រូវបញ្ចប់ ហើយបើកការស្នើសុំធ្វើលិខិតឆ្លងដែនឡើងវិញ។គេហទំព័រទេសចរណ៍បានរាយការណ៍ថាមានការកើនឡើងនៃចរាចរណ៍បន្ទាប់ពីការប្រកាសកែប្រែច្បាប់ធ្វើដំណើរបែបនេះ។
សហរដ្ឋអាមេរិកបាននិយាយថា ចាប់ពីថ្ងៃទី 5 ខែមករា២០២៣ អ្នកដំណើរទាំងអស់ដែលធ្វើដំណើរពីប្រទេសចិន ហុងកុង និងម៉ាកាវ នឹងត្រូវតែធ្វើតេស្ត Covid ជាចាំបាច់មុនចូលសហរដ្ឋអាមេរិក ដើម្បី “កាត់បន្ថយការរីករាលដាល” នៃជំងឺកូវីដ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខភាពអាមេរិក បាននិយាយថា អ្នកដំណើរតាមជើងយន្តហោះនឹងត្រូវធ្វើតេស្ត Covid មិនលើសពីពីរថ្ងៃមុនពេលចេញដំណើរ។ សេចក្ដីថ្លែងការណ៍បានបន្ថែមថាអ្នកដែលធ្វើតេស្តវិជ្ជមានលើសពី 10 ថ្ងៃមុនពេលហោះហើរត្រូវផ្តល់ឯកសារបញ្ជាក់ពីការជាសះស្បើយពី Covid ជំនួសឱ្យលទ្ធផលតេស្តអវិជ្ជមាន។
សេចក្ដីថ្លែងការណ៍ក៏បានចោទប្រកាន់ប្រទេសចិនផងដែរពីការខកខានក្នុងការផ្តល់នូវទិន្នន័យ Covid “គ្រប់គ្រាន់ និងតម្លាភាព” ដែល “សំខាន់” សម្រាប់ការត្រួតពិនិត្យការឆ្លងកូវីដកើនឡើង “ប្រកបដោយប្រសិទ្ធភាព” ។ចំនួនអ្នកស្លាប់ពិតប្រាកដប្រចាំថ្ងៃនៅក្នុងប្រទេសចិន គេមិនដឹងច្បាស់ឡើយ ដោយសារតែមន្ត្រីចិនបានបញ្ឈប់ការចេញផ្សាយទិន្នន័យកូវីដ។ របាយការណ៍និយាយថា មន្ទីរពេទ្យភាគច្រើនមានមនុស្សស្លាប់ដោយកូវីដជាពិសេសមនុស្សចាស់។
ទោះយ៉ាងណានៅព្រឹកថ្ងៃពុធទី២៨ ធ្នូនេះ លោក Wang Wenbin អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន បានចោទប្រកាន់ប្រទេសលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយថា “បំភ្លៃ” ស្ថានភាព Covid របស់ចិន”។លោកបាននិយាយថា ប្រទេសចិនជឿជាក់ថាការឆ្លើយតបចំពោះ Covid របស់ប្រទេសទាំងអស់គួរតែ “ផ្អែកលើវិទ្យាសាស្ត្រ និងសមាមាត្រ” ។លោក Wang បានអំពាវនាវឱ្យមាន “កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាឱ្យការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយសុវត្ថិភាព រក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល និងលើកកម្ពស់ការងើបឡើងវិញកំណើនសេដ្ឋកិច្ច”។ គណៈកម្មការអឺរ៉ុបបាននិយាយថា គណៈកម្មាធិការសន្តិសុខសុខភាពរបស់ខ្លួននឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ទី២៩ ធ្នូ ដើម្បីពិភាក្សាអំពី “វិធានការដែលអាចធ្វើទៅបានចំពោះស្ថានភាព Covid របស់ប្រទេសចិន ” ។ប៉ុន្តែប្រទេសសមាជិកសហភាពអឺរ៉ុបមួយគឺ អ៊ីតាលី បានរឹតបន្តឹងរួចហើយចំពោះអ្នកដំណើរមកពីប្រទេសចិន។រដ្ឋមន្ត្រីសុខាភិបាល Orazio Schillaci បាននិយាយថាវិធានការនេះគឺ “ចាំបាច់ដើម្បីធានាឱ្យមានការតាមដាន និងកំណត់អត្តសញ្ញាណ” នៃប្រភេទវីរុសថ្មីណាមួយ និងដើម្បី “ការពារប្រជាជនអ៊ីតាលី”។
ប្រភព៖ BBC ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២