ផលវិបាកលើអាហារូបត្ថម្ភ ដោយសារការកើនឡើងថ្លៃអាហារហូកចុកនៅឆ្នាំ២០២២នេះ បានប៉ះពាល់ដល់គ្រួសារក្រីក្រនៅជនបទ ដែលរងអស្ថិរភាពសេដ្ឋកិច្ច ហើយពួកគេត្រូវសម្រេចចិត្តកាត់បន្ថយអាហារមានតម្លៃខ្ពស់ និងការចំណាយសំខាន់ៗក្នុងគ្រួសាររួមទាំងការថែទាំសុខភាពផងដែរ។ ក្នុងនោះ ស្ត្រីមកពីគ្រួសារក្រីក្រដែលងាយរងគ្រោះ ត្រូវបានគេរំពឹងថានឹងក្លាយជាមនុស្សដំបូងដែលទទួលរងការលះបង់ភាពចម្រុះមុខនៃរបបអាហារ។
លោក គីម ចាន់ចាវ រាយការណ៍
អង្គការ ហេឡែនខេល័រ(Helen Keller) បានលើកយកការស្ទង់មតិលើតម្លៃម្ហូបអាហារប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឡើងដោយកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា ដែលបានបង្ហាញថា តម្លៃសម្រាប់មុខទំនិញម្ហូបអាហារជាមូលដ្ឋានបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០២១មក។ ការចំណាយលើមុខម្ហូបសំខាន់ៗដូចជា បន្លែស្លឹក ស៊ុត ត្រី ប្រេងឆាជាដើម បាននឹងកំពុងកើនតម្លៃចន្លោះពី ១៧.៤% ទៅ ៤២% នៅក្នុងខែកក្កដា ឆ្នាំ២០២២ នេះបើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០២១។
ផលវិបាកលើអាហារូបត្ថម្ភ ដោយការកើនឡើងតម្លៃនេះ បានប៉ះពាល់ដល់គ្រួសារក្រីក្រនៅជនបទ ដែលក្នុងគ្រាដំបូងពួកគេទទួលរងអស្ថិរភាពសេដ្ឋកិច្ច ហើយត្រូវបានកាត់បន្ថយអាហារណាដែលមានតម្លៃខ្ពស់ និងការចំណាយសំខាន់ៗក្នុងគ្រួសារ ដូចជាការថែទាំសុខភាព ជាហេតុជះឥទ្ធិពលអវិជ្ជមានដល់គុណភាព និងភាពចម្រុះមុខនៃរបបអាហារ និងសុខភាពរបស់ពួកគេ និងកុមារ។ ស្ត្រីមកពីគ្រួសារក្រីក្រគឺងាយរងគ្រោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាមនុស្សដំបូងដែលទទួលរងការលះបង់ភាពចម្រុះមុខនៃរបបអាហារនេះ នៅពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុ និងប្រាក់ចំណូលពួកគេមានបញ្ហា។
បើតាមអង្គការ ហេឡែនខេល័រ ដដែល តម្លៃនៃវត្ថុធាតុដើមសម្រាប់ផលិតកម្មកសិកម្ម ដូចជាជីក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យកសិករក្នុងស្រុកជួបការលំបាកក្នុងការផលិតដំណាំឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងផ្គត់ផ្គង់ទៅទីផ្សារ។ ជាមួយគ្នានេះ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក នៅឆ្នាំ២០២២ កន្លងមក បណ្តាលមកពីការកើនឡើងតម្លៃប្រេងឆៅនៅអន្តរជាតិ ដែលជាលទ្ធផលនៃសង្រ្គាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងតម្រូវការខ្ពស់នៅក្នុងទីផ្សារប្រេងសាំងចិន និងអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មបានរាយការណ៍កាលពីខែមិថុនា ឆ្នាំ២០២២ ថាតម្លៃលក់រាយប្រេងឥន្ធនៈធម្មតា និងម៉ាស៊ូតនៅកម្ពុជា បានកើនឡើងប្រហែល ២.៦៥% និង ១០.៩១% រៀងគ្នាត្រឹមខែមិថុនា ឆ្នាំ២០២២។ ការកើនឡើងនៃថ្លៃដើមនេះបាន ជះឥទ្ធិពលអវិជ្ជមានទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ដែលបានរួមចំណែកដល់ការកើនឡើងតម្លៃនេះ ហើយប៉ះពាល់ដោយផ្ទាល់លើថ្លៃដើមផលិតនឹងបានធ្វើឱ្យអ្នកផលិត កាត់បន្ថយផលិតកម្មកសិកម្ម និងប៉ះពាល់ដល់ភាពអាចរកបានរបស់អ្នកប្រើប្រាស់។
ជុំវិញវិបត្តិលើវិស័យកសិកម្មនេះ លោក ម៉ក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងសិក្ខាសាលាណែនាំគម្រោង«លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» នៅថ្ងៃទី៣០ ខែធ្នូនេះ ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកំណត់ការលើកកម្ពស់វិស័យកសិកម្មសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ (ចតុកោណទី១)។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម វិសាលភាព និងល្បឿនថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម (បើកទូលាយ) ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្ម តាមបែបប្រពលវប្បកម្ម (ស៊ីជម្រៅ) ដោយពឹងផ្អែកជាសំខាន់ លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ យន្តូបនីយកម្ម ព្រមទាំងការលើកកម្ពស់ផលិតភាព និងពិពិធភាវូបនីយកម្មផលិត កម្មផ្សេងៗទៀត រួមទាំងការចិញ្ចឹមសត្វនិងវារីវប្បកម្មផង។
ដោយមានការគាំទ្រពី BMZ តាមរយៈ GIZ-MUSEFO និងការសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (CARD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងសុខាភិបាល អង្គការ IRRI និង UNI4COOP អង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា នឹងការចូលរួមចំណែកជាមួយភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមមួយចំនួនជាមួយនឹងការផ្តោតជាពិសេសលើការកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងអសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភក្នុងចំណោមគ្រួសារក្រីក្រ ដែលបណ្តាលមកពីតម្លៃអាហារឡើងខ្ពស់នេះ។
គម្រោងនឹងគាំទ្រអ្នក ផលិតតាមរយៈសហគមន៍កសិកម្មដែលមានស្រាប់ ផ្តល់ធនធានសម្រាប់ផលិតកម្មកសិកម្ម និងជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពកសិករ ក្នុងការផលិតអាហារចម្រុះ មានសារជាតិចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងលក់ដូរសម្រាប់ចំណូលគ្រួសារ។ អាហារដែលផលិតនឹងត្រូវលក់បញ្ចុះតម្លៃដល់គ្រួសារក្រ ១ និង២ ព្រមទាំងគ្រួសារដែលមានស្ត្រីមានផ្ទៃពោះ ម្តាយបំបៅដោះកូន ឬកុមារអាយុក្រោម២ឆ្នាំ។ គម្រោងក៏នឹងបណ្តុះបណ្តាលយុវជន (អាយុចន្លោះពី ១៨-៣០ឆ្នាំ) ដើម្បីធ្វើការផ្សព្វផ្សាយ និងការអប់រំតាមរយៈកម្មវិធីមិត្តអប់រំមិត្ត។ យុវជនទាំងនេះនឹងដើរតួជាអ្នកជើងឯកអាហារូបត្ថម្ភ និងផ្សព្វផ្សាយសារសំខាន់ៗ ស្តីពីការទទួលទានអាហារ ដែលនាំឱ្យមានសុខភាពល្អ និងការផ្លាស់ប្តូរឥរិយាបថវិជ្ជមានលើអាហារូបត្ថម្ភ នៅក្នុងសហគមន៍គោលដៅតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕