លោក ហ៊ូ ក្រើន នាយអង្គការ ហេឡែនខេល័រ(Helen Keller) បានលើកឡើងថា បញ្ហាសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្សីរួមជាមួយនឹងបញ្ហាជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសការកើនឡើងលើតម្លៃ ធនធានកសិកម្ម និងតម្លៃស្បៀងអាហារដែលបាននិងកំពុងញាំញីដោយផ្ទាល់ដល់អ្នកផលិត និងអ្នកបរិភោគជាពិសេសកសិករក្រីក្រ។ លោក ហ៊ូ ក្រើន បញ្ជាក់បែបនេះក្នុងសិក្ខាសាលាណែនាំគម្រោង « លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ គ្រួសារកសិករក្រីក្រ តាមរយៈកម្មវីធីផលិតកម្មស្បៀង ជាលក្ខណៈគ្រួសារ » ដែលរៀបចំដោយ អង្គការ ហេឡែនខេល័រ សហការជាមួយក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ ។
លោកបញ្ជាក់បន្ថែមថា ដោយមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គម្រោងនេះនឹងគាំទ្រអ្នកផលិត តាមរយៈសហករណ៍កសិកម្មដែលមានស្រាប់ ដើម្បីពង្រឹងសមត្ថភាពពួកគេក្នុងការផលិតអាហារចម្រុះមុខ មានសារជាតិចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាពសម្រាប់បរិភោគ និងលក់ដូរលើទីផ្សារក្នុងតម្លៃសមស្រប។ ស្បៀងអាហារដែលនឹងផលិតតាមរយៈគម្រោងនេះ នឹងត្រូវបានលក់បញ្ចុះតម្លៃដល់គ្រួសារកសិករដែលមានប័ណ្ណ ក្រ1 និង ក្រ2 ព្រមទាំងគ្រួសារដែលមានស្ត្រីមានផ្ទៃពោះ និងគ្រួសារមានកូនអាយុក្រោម ២ឆ្នាំ។
បើតាមលោកនាយអង្គការ ហេឡែនខេល័រ(Helen Keller) គម្រោងនេះនឹងបន្តរួមចំណែកជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទក្នុងការពង្រឹងសម្ថភាពក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថ្នាក់ខេត្តក្នុងការសម្របសម្រួលភាគីពាក់ព័ន្ធឲ្យធ្វើការរួមគ្នាក្នុងលើកកម្ពស់សន្តិសុខស្បៀង និង អាហារូបត្ថម្ភក្នុងខេត្តនីមួយៗ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានលើកឡើងថា បច្ចុប្បន្ននេះ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានយន្តការល្អប្រសើរសម្រាប់សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ថ្មីៗនេះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានបញ្ចប់ការបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្តនៅទូទាំងប្រទេស ដែលនឹងជួយសម្របសម្រួលភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យមានភាពប្រសើរឡើង រួមចំណែកក្នុងការលើកកម្ពស់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ ប្រជាពលរដ្ឋក្នុងខេត្តនីមួយៗ៕