en     km
en     km

កម្លាំងចម្រុះកម្ពុជា-ថៃបន្តរុករកជួយសង្គ្រោះមនុស្សក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត

Share

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមរបស់អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុស្ត្រី ត្រឹមរសៀលម៉ោង៣រសៀល ថ្ងៃទី២៩ ខែធ្នូនេះឱ្យដឹងថា កម្លាំងអន្តរាគមន៍ចម្រុះមានការចូលរួមពីកម្លាំងសង្រ្គោះប្រទេសថៃផង បាននិងកំពុងបន្តរុករក និងជួយសង្គ្រោះមនុស្សក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ខណៈកម្លាំងចម្រុះបានពន្លត់អគ្គីភ័យស្ទើរទាំងស្រុងហើយ។

(លោក គីម ចាន់ចាវ រាយការណ៍ពីព័ត៌មាននេះ)

យ៉ាងយោចណាស់មានមនុស្សប្រមាណ១៥០០នាក់ ក្នុងនោះជាភ្ញៀវមកលេងល្បែងមានចំនួនជាង១០០០នាក់រីឯបុគ្គលិកកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានជាង៥០០នាក់ ត្រូវបានរាយការណ៍ថា មានវត្តមានក្នុងពេលអគ្គិភ័យចាប់ផ្តើមឆាបឆេះកាលពីយប់ម៉ោង១១និង៤០នាទីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២។

តែរហូតមកទល់ម៉ោង ៣ រសៀលថ្ងៃទី២៩ខែធ្នូនេះ លោក សុទ្ធ គឹមកុលមុន្នី មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរាយការណ៍ប្រាប់វិទ្យុស្ត្រីថា មានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ ១១នាក់និងអ្នករងរបួសធ្ងន់មានចំនួន ៥៧ នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅប្រទេសថៃ។

លោក សុទ្ធ គឹមកុលមុន្នី បញ្ជាក់បន្ថែមទៀតថា កងកម្លាំង ដែលមានសម្ភារៈបរិក្ខាសង្គ្រោះ និងឧត្ថម្ភាសចក្រផងនោះ នៅកំពុងតាមដានសភាពការណ៍នៅឡើយទេ ព្រោះខ្លាចក្រែងនៅសល់អណ្ដាតភ្លើង ឆេះនៅត្រង់ចំណុចតូចណាមួយនៃអគារនេះដែលក្រុមរុករកចូលមិនដល់។

«ជារួមយើងគ្រប់គ្រងបានហើយ ប៉ុន្តែស្ថានភាពយើងនៅបន្តទៅទៀតដោយសារទីតាំងតំបន់វាធំ ពិបាកក្នុងការចូលរុករកដែរ យើងកំពុងតែធ្វើតទៅទៀត មិនទាន់បញ្ចប់នៅឡើយ។ យើងត្រៀមអត់ទាន់ដកថយទេ មិនទាន់ចប់ទេ»

លោក សុទ្ធ គឹមកុលមុន្នី មន្ត្រីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ រូបភាពពីបណ្ដាញសង្គម លោក សុទ្ធ គឹមកុលមុន្នី។

 

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា បើតាមតួលេខបឋម អ្នករងគ្រោះដែល ជាភ្ញៀវចូលទៅលេងមានប្រមាណ១,០០០នាក់  ហើយភាគច្រើនគឺជាជនជាតិថៃ។ ក្នុងបេសកកម្មអន្តរាគមន៍នោះផងដែរ គឺមានការសហការពីកងកម្លាំងរបស់ភាគីថៃផងដែរ។

«ភាគច្រើនអ្នករងគ្រោះ ហើយនឹងអ្នកធ្វើការហ្នឹងភាគច្រើនជនជាតិថៃ ជាពិសេសអ្នកចូលលេងហ្នឹងជនជាតិថៃ។ ចឹងក្នុងការអន្តរាគមន៍ហ្នឹងមានទាំងកម្លាំងកម្ពុជាយើង និងកម្លាំងថៃ។ ហើយកម្លាំងកម្ពុជាយើងមានកងថ្មើរជើង៥១ ប៉ុន្មានរយនាក់ដែរទៅចូលរួមហ្នឹង ហើយនឹងកង៧១១បញ្ជូនពីភ្នំពេញទៅបន្ថែមទៀត ចំណែកភាគីថៃនៅមិនទាន់ដឹងតួលេខនៅឡើយទេ។ តែក្នុងនោះយើងក៏មានកម្លាំងយោធា និងនគរបាលខេត្តចូលអន្តរាគមន៍ដែរ»

មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយខាងលើបញ្ជាក់ថា សាកសពជនរងគ្រោះដែលរកឃើញជាបន្តបន្ទាប់ ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែតនេះ  ត្រូវនាំយកទៅតម្កល់នៅវត្តត្រាច ដែលមានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនបញ្ជូនឱ្យសាច់ញាតិតាមតំបន់គោលដៅនានា៕

 

   

Share

ព័ត៌មានទាក់ទង

Image