en     km
en     km

សម្តេច ស ខេង ចាត់ទុកការជួញដូរមនុស្សជាបទល្មើសមិនប្រពៃណីតែជាបទល្មើសសកលមួយមានការវិវឌ្ឍន៍ស្មុគ្រស្មាញ

Share

ភ្នំពេញ៖ សម្តេច ស ខេង ចាត់ទុកការជួញដូរមនុស្សជាបទល្មើសមិនប្រពៃណី តែជាបទល្មើសសកលមួយ ដែលមាននៅគ្រប់ប្រទេស ហើយបែបផែននៃការជួញដូរមនុស្សមានច្រើនប្រភេទ និងមានការវិវឌ្ឍន៍ស្មុគ្រស្មាញ។ ជាងនេះសម្តេចថា ឧក្រិដ្ឋជនមានវិធីច្រើនក្នុងការប្រើប្រាស់សម្រាប់ការជួញដូរមនុស្សនេះ ដែលទាមទារឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងចូលរួមបង្ការបទល្មើសនេះ។

លោក គីម ចាន់ចាវ រាយការណ៍

បុរសខ្មែរ៣នាក់ ដែលត្រូវបានជួញដូរ ជាទាសករនៅលើទូកនេសាទ នៅឆ្នំា ២០១៧ ។ Photo: Taken form USAID Cambodia Countering Trafficking-in-Persons Program’s facebook page

 

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រិស្ទសាសនិក ត្រូវចូលរួមប្រយុទ្ធប្រឆាំងការជួយដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ដោយសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះសម្តេច ស ខេង បានថ្លែងដោយចាត់ទុកការជួញដូរមនុស្សនេះ ជាបទល្មើសមិនប្រពៃណី តែវាជាបទល្មើសសកលមួយ ដែលមាននៅគ្រប់ប្រទេស ហើយបែបផែននៃការជួញដូរមនុស្ស មានច្រើនប្រភេទ និងមានការវិវឌ្ឍន៍ស្មុគ្រស្មាញ មិនមែនជាការជួញដូរសាមញ្ញដែលងាយនឹងមើលឃើញនោះឡើយ។ 

«មានការវិវឌ្ឍន៍ស្មុគ្រស្មាញណាស់ មិនមែនជាការជួញដូរសាមញ្ញដែលយើងងាយនឹងមើលឃើញនោះទេ។ ពីមុនយើងធ្លាប់ជួបប្រទះការដែលគេមករកគូស្រករ កសាងគ្រួសារនៅនឹងស្រុកយើង បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅ ពិសេសកូនស្រី ដោយមិនបានគិត ឬមួយក៏មិនបានយល់ដោយអចេតនា ដោយជឿការឃោសនារបស់គេ ដោយបណ្ដោយឱ្យកូនរបស់ខ្លួន ទៅនៅជាមួយគេ សង្ឃឹមថាបានសុខសប្បាយ បានផលប្រយោជន៍ តែទីបំផុតគេយកទៅធ្វើបាប ធ្វើទុកបុកម្នេញ។ អាហ្នឹងក៏អាច ក៏នៅតែមានដែរករណីខ្លះមិនមែនអត់ទេ។ ប៉ុន្តែឥលូវ ប្រភេទបទល្មើសបានវិវឌ្ឍន៍ថ្មីៗទៀត តាមការលួងលោម តាមការបោកបញ្ឆោត ដើម្បីនឹងយកផលប្រយោជន៍សម្រាប់ក្រុមឧក្រិដ្ឋជននោះ»

អាជ្ញាធរ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២៣​នាក់​ពី​ចំការ​ដាំ​ដំណាំ​មួយ​កន្លែង​នៃ​ទីក្រុង​ ALOR​ SETAR​។ Phot: Taken from The Star News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ចាក់ថា ក្រសួងបានបង្ក្រាបនូវបទល្មើសបច្ចេកវិទ្យាធំៗ ដូចជាករណីបង្ខាំងមនុស្ស ការវាយដំ ការបង្ខាំងរំលោភសិទ្ធិឱ្យនៅធ្វើការច្រើនម៉ោងមិនឱ្យជួបមនុស្សផ្សេងៗ មិនឱ្យចុះមកដី និងមិនឱ្យចេញមកក្រៅជាដើម។ បន្ថែមពីនេះសម្តេច ស ខេង នៅបញ្ជាក់ថា នៅមានវិធីច្រើនណាស់ដែលឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ការជួញដូរមនុស្សនេះ ដែលទាមទារឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងចូលរួមបង្ការបទល្មើសនេះ។

ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ២០ ខែកក្កដា បានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពជួញដូរមនុស្សជាសកលប្រចាំឆ្នាំ២០២២។ ក្នុងរបាយការណ៍នោះបង្ហាញថា កម្ពុជាបានរអិលធ្លាក់ទៅចំណាត់ថ្នាក់កម្រិតទី៣ ឬបញ្ជីខ្មៅ។ ក្នុងបញ្ជីខ្មៅនេះ សម្តេច ស ខេង បង្ហាញក្តីកង្វល់ថា កម្ពុជាអាចនឹងរងទណ្ឌកម្មមួយចំនួនរបស់អាមេរិក ទាក់ទងនឹងសិទ្ធិមនុស្សនិងការជួញដូរមនុស្ស។ សម្តេច ស ខេង បានសម្តែងនូវក្តីភ្ញាក់ផ្អើល ដ្បិតថា រដ្ឋាភិបាលកម្ពុជា ដោយមានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស តែងតែធ្វើសកម្មភាពបង្រ្កាបបទល្មើសជាប្រចាំ។ យ៉ាងណាសម្តេច ស ខេង អះអាងថា កម្ពុជានៅតែមានឆន្ទៈ និងបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងអស់ដោយស្មោះត្រង់៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង