លោក អ៊ូ វីរះ ប្រធានវេទិការអនាគតបានលើកឡើងថា ការដាក់លេខរៀង ឬការដាក់ចំណាត់ថ្នាក់ ក្នុងថ្នាក់រៀន គឺជាការបង្រៀនសិស្សឱ្យដណ្ដើមគ្នាយកឈ្នះ-ចាញ់ ជាជាងការដែលសិស្សចង់ចេះចង់ដឹង។ បើតាមលោក អ៊ូ វីរះ ដដែល ការដាក់ចំណាត់ថ្នាក់សម្រាប់សិស្ស គឺជាគ្រោះថ្នាក់ការរារាំងដល់សកម្មភាពការជួយគ្នាក្នុងការសិក្សា ត្បិតសិស្សានុសិស្ស គិតតែពីខ្លួនឯង ធ្វើយ៉ាងណាមិនចង់ឱ្យមិត្តរួមថ្នាក់ខ្លាំងពូកែជាងខ្លួន ឬជោគជ័យជាងខ្លួនឡើយ។ មួយវិញទៀត ការដាក់ចំណាត់ថ្នាក់នេះ ធ្វើអោយសិស្សដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ មានភាពក្រអើតក្រទម ដោយសារចំណេះដឹងរបស់ខ្លួន។ ទោះយ៉ាងណាការលើកឡើងនេះ ត្រូវបានលោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ច្រានចោល ដោយអះអាងថា នៅលើពិភពលោកប្រព័ន្ធនៃការវាយតម្លៃ ឬការឱ្យចំណាត់ថ្នាក់នៅតែត្រូវបានគេយកមកប្រើប្រាស់។
លោក ឈត ប៊ុនថង បញ្ជាក់ថា ចំណុចសំខាន់នៃការដាក់ចំណាត់ថ្នាក់សម្រាប់សិស្ស គឺជាការទទួលបាននូវការវាស់ស្ទង់ពីកម្រិតគុណភាពនៃសិស្ស ថាតើពួកគេចេះដឹងកម្រិតណា ហើយគ្រូអាចបំប៉នបន្ថែមចំពោះសិស្សដែលមានចំណាត់ថ្នាក់ទាប ឬពិន្ទុទាប។ ចំណុចសំខាន់មួយទៀត វាជាការលើកទឹកចិត្តដែរសម្រាប់សិស្សដែលរៀនពូកែ។
ដើម្បីលម្អិតកាន់តែច្បាស់ សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាង លោក គីម ចាន់ចាវ ជាមួយនឹងលោកវាគ្មិនទាំងពីររូបដូចទៅ៖