នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការគាំទ្រពីអង្គការក្លែនអន្តរជាតិ បានរៀបចំសិក្ខាសិលារំលឹកឡើងវិញស្ដីពីការចូលរួមរបស់អ្នកកាសែតក្នុងវិស័យអនាម័យ និងផ្សព្វផ្សាយ ស្ដីពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)តាមគោលការណែនាំថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានប្រកាសផ្សព្វផ្សាយអំពីគោលការណ៍ណែនាំនេះ ដល់ប្រតិបត្តិករនានា កាលពីពេលកន្លងទៅ។ លោក គីម ចាន់ចាវ រាការណ៍
បើតាមក្រសួងអភិវឌ្ឍន៍ជនបទ ទោះបីជាអត្រាទទួលបានសេវាអនាម័យជាមូលដ្ឋាននៅជនបទ មានការកើនឡើង ក៏ដូចជាកំនើននៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនត្រូវការការយកចិត្តទុកដាក់ដោះស្រាយបន្ថែម។ បញ្ហាទាំងនោះរួមមាន ទី១សេវាកម្មមានកម្រិតទាបសម្រាប់គ្រួសាររស់នៅក្នុងតំបន់បរិស្ថានប្រឈម ទី២កង្វះខាតសេវាកម្មសម្រាប់ជនពិការ និងជនចាស់ជរា ទី៣ការបន្ទោរបង់ពាសវាលពាសកាលក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច ទី៤ភាពខុសគ្នានៃសេវាទឹកស្អាត និងអនាម័យតាមសាលារៀន ទី៥កង្វះខាតសេវាទឹកស្អាត និងអនាម័យនៅតាមមណ្ឌលសុខភាព ទី៦វិសមភាពយេនឌ័រក្នុងការទទួលបានសេវាទឹកស្អាត ការរស់នៅស្អាត និងអនាម័យជនបទ ទី៧គម្លាតសេវាទឹកស្អាត និងអនាម័យរវាងគ្រួសារមានការអប់រំខ្ពស់ និងគ្រួសារមិនចេះអក្សរ ទី៨គម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងអ្នកមាន និងអ្នកក្រ និងទី៩ គម្លាតរវាងសេវាទឹកស្អាត និងអនាម័យរវាងតំបន់ក្រុង ឬទីប្រជុំជន និងតំបន់ជនបទ។
លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងសិក្ខាសិលានេះថា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវសូចនាករស្ដីពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)បាន គឺទាមទារឱ្យគ្រួសារ ឬតាមផ្ទះទាំងអស់ក្នុងប្រទេសត្រូវមានបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវអវត្តមានផ្ទះណាមួយនោះឡើយ។
«គ្រួសារមួយ ឬក៏ខ្នងផ្ទះមួយមិនមានបង្គន់ប្រើប្រាស់គាត់នៅតែបន្ទោបង់ពាសវាលពាសកាលទៀតនោះ គឺភូមិហ្នឹង មិនអាចសម្រេចបាន(ODF)ទេ (ODF)ហ្នឹងគឺការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ អញ្ចឹងបើភូមិមួយអវិជ្ជមានអត់បានអនុវត្តការបន្ទោបង់ក្នុងបង្គន់ត្រឹមត្រូវភូមិហ្នឹងអត់បាន(ODF)ទេ និយាយដោយខ្លី ដល់ភូមិហ្នឹងអត់បាន(ODF)ឃុំហ្នឹងក៏អត់បាន(ODF) ព្រោះឆ្លងគ្នា គោលការណ៍ថ្មីឆ្លងគ្នា។ ភូមិអត់បាន(ODF) ឃុំអត់បាន(ODF)។ ឃុំអត់បាន(ODF) ស្រុកក៏អត់បាន(ODF)ដែរ។ ហើយដល់ស្រុកអត់បាន(ODF)ខេត្តក៏អត់បាន(ODF) គិតទៅជាបញ្ហារួមរបស់យើងទាំងអស់គ្នាក៏ប៉ុន្តែបង្ករឡើងដោយធាតុតូចមួយ នៃគ្រួសារមួយដែលគ្មានការបន្ទោបង់ក្នុងបង្គន់ត្រឹមត្រូវ»
ការបន្ទោបង់ពាសវាលពាសកាលបាននាំឱ្យកង្វក់បរិស្ថាន ហើយប៉ះពាល់ដល់បញ្ហាអនាម័យទឹកស្អាតផងដែរ។ ក្នុងសិក្ខាសាលានេះដែរ លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងដោយយោងតាមស្ថានភាពប្រជាសាស្ត្ររបស់ក្រសួងផែនការ គឺបញ្ហាអនាម័យទឹកស្អាត ក៏បានជំរុញឱ្យមានជំងឺក្រេះក្រិនផងដែរ។
«ស្ថានភាពប្រជាសាស្ត្ររបស់ក្រសួងផែនការ ដែលបានប្រមូលទិន្នន័យយើងឃើញមានខេត្តស្ទឹងត្រែង និងរតនៈគិរីដែលមានខ្ពស់ជាងគេ ហើយសួរថាកត្តាដែលធ្វើឱ្យក្មេងក្រេះក្រិនវាមានកត្តាច្រើនហើយកត្តាមួយដែលខ្ញុំចង់និយាយ គឺអនាម័យទឹកស្អាតជាបញ្ហាប្រឈមមួយដែរ នៅពេលដែលក្មេងអត់មានអនាម័យ ជាពិសេសឪពុកម្ដាយអត់មានអនាម័យនៅពេលដែលគាត់បញ្ចុកកូនឬមួយក៏ការរៀបចំរបស់កូនហ្នឹង ធ្វើឱ្យក្មេងហ្នឹងអត់មានអនាម័យ អត់មានអនាម័យធ្វើឱ្យកូនហ្នឹងហូបទៅធ្វើឱ្យគាត់មានសុខភាពអត់ល្អ គឺថាធ្វើឱ្យគាត់រាគរុស នៅពេលដែលក្មេងរាគរុសច្រើនពោះវៀនរបស់គាត់អត់អាចស្រូបនូវសារធាតុចិញ្ចឹមអីផ្សេងៗ»
សូមជម្រាបថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យ ដែលជាការរួមចំណែកលើកកម្ពស់សុខាភាពសាធារណៈ និងជាជំហ៊ានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា៕