en     km
en     km

ប្រទេសចិនអនុញ្ញាតឱ្យអ្នកដំណើរមកប្រទេសចិនមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីខែមករា

Share

មន្ត្រីចិនបានរាយការណ៍ថា ប្រទេសចិនសម្រេចលុបចោលការដាក់ឱ្យអ្នកធ្វើដំណើរចេញចូលប្រទេសចិនធ្វើចត្តាឡីស័កដោយគិតចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាការប្រែមុខមាត់ថ្មីចុងក្រោយគេបង្អស់នៃគោលនយោបាយសូន្យ-កូវីដរបស់ប្រទេសចិន។

បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ គណៈកម្មាការសុខភាពជាតិចិនបានរាយការណ៍ថា ប្រទេសចិននឹងបើកប្រទេសសារជាថ្មីឡើងវិញ បន្ទាប់ពីព្រំដែនចិនបានផ្អាកដំណើរការរាល់ការចេញចូលអស់រយៈពេលជាងបីឆ្នាំមកហើយ ក្រោយពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។
យ៉ាងណាមិញ បើទោះបីជាភ្ញៀវមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្តី ក៏ប៉ុន្តែអ្នកដំណើរទាំងអស់ដែលឆ្លងដែនចូលមកប្រទេសចិនត្រូវការធ្វើតេស្ត PCR ក្នុងរយៈពេល ៤៨ ម៉ោងមុនជើងហោះហើរមកកាន់ប្រទេសចិនជាដាច់ខាត។
តាមប្រភពដដែលបានបន្តថា ការបើកដំណើរការប្រទេសចិនសារជាថ្មីនេះ ត្រូវធានាបាននូវសិទ្ធិអាទិភាពខ្ពស់ចំពោះអ្នកដែលមានទិដ្ឋាការការងារ និងការសិក្សា ឬ មកលេងក្រុមគ្រួសារនៅក្នុងប្រទេសចិន។ ដោយឡែក ពុំមានព័ត៌មានណាមួយបានបញ្ជាក់ថា ទិដ្ឋាការទេសចរណ៍ត្រូវបានដាក់បញ្ចូលដែរឬយ៉ាងណានោះទេ។
បន្ថែមពីនេះ ច្បាប់ថ្មីនេះបានធ្វើឱ្យប្រជាពលរដ្ឋចិនមានការសប្បាយរីករាយក្រៃលែង ពីព្រោះថាពួកគេអាចធ្វើដំណើរទៅក្រៅប្រទេសសារជាថ្មីម្តងទៀត។ ជាភស្តុតាង ទីភ្នាក់ងារទេសចរណ៍កំពូលៗក្នុងប្រព័ន្ធអនឡាញរបស់ប្រទេសចិន បានឱ្យដឹងថា ចាប់ផ្តើមមានសន្ទុះចរាចរណ៍នៃការទិញសំបុត្រដើរកម្សាន្តកើតមានឡើង បន្ទាប់ពីមានការប្រកាសជាសាធារណៈអំពីដំណឹងខាងលើ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងមានអ្នកឆ្លងកូវីដថ្មីនាក់ជារៀងរាល់ថ្ងៃក្នុងចំនួនប្រមាណ ៤,000 នាក់ និងមានអ្នកស្លាប់ក្នុងចំនួនតិចតួចបំផុត។ រីឯកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីក្រុងប៉េកាំងបានបញ្ឈប់ការបង្ហាញស្ថិតិនៃអ្នកឆ្លងកូវីដនេះទាំងស្រុង។ ប៉ុន្តែក្រុមហ៊ុនទិន្នន័យសុខភាពរបស់អង់គ្លេស Airfinity បានប៉ាន់ប្រមាណថា ប្រទេសចិនមានអ្នកឆ្លងមេរោគនេះជាង ១ លាននាក់ និងអ្នកស្លាប់មានប្រមាណជា ៥,000 នាក់ ក្នុងរយៈពេលមួយថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
ជាការកត់សម្គាល់ គោលនយោបាយសូន្យ-កូវីដ បានបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យប្រជាពលរដ្ឋចិនធុញទ្រាន់នឹងការរឹតបន្តឹងនេះជាខ្លាំង គួបផ្សំនឹងការធ្វើតេស្តម្តងហើយម្តងទៀត៕

ប្រភព៖ BBC ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២

Share

ព័ត៌មានទាក់ទង

Image