ទោះបីជាសហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ និងជំរុញឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ឲ្យដោះលែងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ឲ្យផ្ដល់តួនាទីអនុប្រធានទី១ នៃរដ្ឋសភាដល់បក្សប្រឆាំងឡើងវិញ និងឲ្យផ្ដល់អភ័យឯកសិទ្ធិសភាដល់មេបក្សប្រឆាំង ក៏ដូចឲ្យរដ្ឋាភិបាលកម្ពុជាធានាដល់ការវិលត្រឡប់របស់លោកសម រង្ស៊ី មកកម្ពុជាវិញ ដោយគ្មានការចាប់ខ្លួនជាដើមនោះ មកដល់ពេលនេះ លោកសម រង្ស៊ី នៅមិនទាន់វិលត្រឡប់មកកម្ពុជាវិញទេ។ តើការយឺតយ៉ាវរបស់លោកសម រង្ស៊ី ក្នុងការវិលមកមាតុប្រទេសវិញនេះ អាចធ្វើឲ្យសាបដល់កិច្ចអន្តរាគមន៍របស់សហគមន៍អន្តរជាតិទេ? តើលោកសម រង្ស៊ី គួរវិលចូលមកប្រទេសវិញនៅពេលណា?
សូមស្ដាប់បទវិភាគដែលរៀបរៀងជូនដោយលោក ណុល ដារ៉ា ដូចតទៅ៖
សហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ចាប់ពីក្រោយពេលមានការវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ឲ្យរបួសធ្ងន់ធ្ងរ និងក្រោយពេលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទ ដកតំណែងលោកកឹម សុខា កូតាមកពីគណបក្សសង្គ្រោះជាតិ ពីអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាក្រោយពេលមានការដកសមាជិភាព និងអភ័យឯកសិទ្ធិសភារបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឲ្យសមត្ថកិច្ចអាចចាប់ខ្លួនលោក ពាក់ព័ន្ធនឹងករណីដែលលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានចោទប្រកាន់ពីបទបរិហារកេរ្តិ៍។
បណ្ដាស្ថានទូត ប្រទេស និងស្ថាប័នអង្គការអន្តរជាតិធំៗ ដែលបានធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ គណៈកម្មការសិទ្ធិមនុស្សសភាអាស៊ាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី (Human Rights Watch for Asia Division) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធមនុស្ស មានមូលដ្ឋាននៅទីក្រុងហ្សឺណេវ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នករាយការណ៍អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធសេរីភាពបញ្ចេញមតិ និងការជួបប្រជុំសាធារណៈ ព្រឹទ្ធសភានៃប្រទេសអូស្ត្រាលី សេចក្តីសម្រេចចិត្តរបស់សភាសហភាពអឺរ៉ុប គំរាមផ្តាច់ជំនួយ ៤៣៥លានដុល្លារ លិខិតទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ១៥រូប ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការថ្កោលទោសចំនួន២ដង ក៏ដូចជាស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ហើយនិងសេចក្តីថ្លែការណ៍ថ្កោលទោសរបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសទាំងនោះ គេក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង ទាំងអ្នកនយោបាយ ទាំងអ្នកគាំទ្រ ថែមទាំងឲ្យដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារ រួមទាំងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺលោកហុង សុខហួរផងដែរ។ ជាមួយគ្នា គេក៏បានទាមទារឲ្យរដ្ឋសភាកម្ពុជា ផ្ដល់តំណែងអនុប្រធានទី១នៃរដ្ឋសភា ដល់លោកកឹម សុខា វិញ និង ជាងនោះទៅទៀត គេបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់អភ័យឯកសិទ្ធិសភាដល់លោកសម រង្ស៊ី ឡើងវិញ និងធានាការវិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចជាដើម។
តាំងពីពេលមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់មកនោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅមិនទាន់វិលត្រឡប់មកកម្ពុជាវិញទេ។ តើការបន្តស្នាក់នៅបរទេសរបស់លោកសម រង្ស៊ី អាចធ្វើឲ្យសាបឥទ្ធិពលបរទេសដែលខំជួយអន្តរាគមន៍លោកដែរឬទេ? តើលោកសម រង្ស៊ី គួរចូលប្រទេសនៅពេលណា?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកកែម ឡី មានប្រសាសន៍ថា បើលោកសម រង្ស៊ី បន្តស្នាក់នៅខាងក្រៅប្រទេស គ្មានសេចក្ដីក្លាហានចូលមកប្រទេសវិញទេ នោះការដាក់សម្ពាធពីសហគមន៍អន្តរជាតិនឹងបាត់បង់ទម្ងន់ ហើយលោកសម រង្ស៊ី អាចនឹងបាត់បង់ឱកាសទាំងស្រុង ក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ៖ «ជាទូទៅ បើសិនជាគាត់មក ហើយមានការចាប់ដាក់ពន្ធនាគារ ករណីមួយពីរបីហ្នឹង គឺទម្ងន់នៃការដាក់សម្ពាធជាលក្ខណៈអន្តរជាតិហ្នឹង ខ្ពស់ជាងនេះ ហើយខ្លាំងជាងនេះ អាចរហូតទៅដល់ការផ្ដាច់កូតា ការផ្ដាច់ជំនួយពីសម្ព័ន្ធមិត្តអឺរ៉ុបអីផ្សេងៗ ឬមួយក៏អាចរហូតទៅដល់ការកោះប្រជុំសមាជិកព្រមព្រៀងទីក្រុងប៉ារីស។ អ៊ីចឹង ដំបៅកម្ពុជាហ្នឹង អាចនឹងវះកាត់ព្យាបាលបានឆាប់ជាជាង»។
យ៉ាងណាក៏ដោយ លោកកែម ឡីបន្តថា ជីវិតនយោបាយមិនអាចនៅជាអមតៈបានទេ។ លោកថា បើលោកសម រង្ស៊ី មិនអាចមានលទ្ធភាពវិលចូលមកប្រទេសវិញបានទេ នោះគណបក្សសង្គ្រោះជាតិអាចរៀបចំភាពជាអ្នកដឹកនាំថ្មី ដល់ក្មេងៗដែលមានភាពឆ្លាតវៃ ហើយការដឹកនាំជាក្រុម នោះចលនានៃការគាំទ្រអាចខ្លាំងឡើង នាំឲ្យសន្ទុះនៃការព្យាបាលក៏លឿនផងដែរ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថា មានប្រសាសន៍ថា តាមការយល់របស់លោក ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះរដ្ឋាភិបាលកម្ពុជា គឺជាសញ្ញាណល្អមួយសម្រាប់លោកសម រង្ស៊ី ជាពិសេសគឺគណបក្សសង្គ្រោះជាតិ។ លោកសាស្ត្រាចារ្យសូ ចន្ថា បន្ថែមថា អ្វីដែលជាបញ្ហានោះ គឺរដ្ឋាភិបាលមិនបានអើពើនឹងប្រតិកម្មរបស់មជ្ឈដ្ឋានអន្តរជាតិនោះទេ រហូតដល់មិនមានការជួបចរចាជាមួយគណបក្សប្រឆាំង បើទោះជាមានការស្នើសុំជាបន្តបន្ទាប់ក្ដី។
លោកសាស្ត្រាចារ្យសូ ចន្ថា បន្តថា ជាការល្អសម្រាប់ប្រជាប្រិយភាពរបស់លោកសម រង្ស៊ី បើសិនជាលោកហ៊ានចូលមកប្រឈមនឹងការចាប់ខ្លួនរបស់រដ្ឋាភិបាលនៅពេលនេះ។ «ប្រសិនបើលោកសម រង្ស៊ី ចូលមកពេលនេះ ខ្ញុំគិតថា ប្រជាប្រិយភាពរបស់លោកជារឿងល្អ ជារឿងវិជ្ជមាន ដែលលោកហ៊ានប្រឈមនឹងការដាក់ទោសទណ្ឌរបស់រដ្ឋាភិបាល ដែលលោកគិតថា ជាអំពើអយុត្តិធម៌នោះ។ ក៏ប៉ុន្តែបើយើងគិតម្យ៉ាងទៀត ខ្ញុំគិតថា គណបក្សនេះអាចផ្ដល់ឱកាសឲ្យលោកសម រង្ស៊ី នៅក្រៅ ដើម្បីធ្វើកិច្ចការជាមួយនឹងសហគមន៍អន្តរជាតិនានា ដើម្បីចូលរួមតាមដាន ឃ្លាំមើល និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ហើយគួរទុកឱកាសឲ្យមេដឹកនាំផ្សេងទៀតឧទាហរណ៍ដូចលោកកឹម សុខាជាដើម ដើម្បីធ្វើការដឹកនាំគណបក្សនេះនៅក្នុងស្រុក ក្នុងគោលដៅពង្រឹងការគាំទ្របន្ថែមទៀត»។
ផ្អែកតាមអ្នកវិភាគទាំងពីរខាងលើឃើញថា បើលោកសម រង្ស៊ី ចូលមកប្រទេសវិញនៅពេលនេះ នោះបញ្ហារបស់ប្រទេសកម្ពុជាអាចនឹងឆាប់ចប់ ហើយលោកសម រង្ស៊ី ក៏មានប្រជាប្រិយភាពខ្លាំង ក៏ប៉ុន្តែ បើលោកបន្តនៅក្រៅប្រទេស នោះគណបក្សសង្គ្រោះជាតិត្រូវរៀបចំភាពជាអ្នកដឹកនាំថ្មី ដល់ក្មេងៗដែលមានភាពឈ្លាសវៃ ហើយដឹកនាំជាក្រុម ដើម្បីទទួលបានការគាំទ្រខ្លាំង៕