en     km
en     km

អាកាសធាតុនៅកម្ពុជានឹងបន្តចុះត្រជាក់ក្នុងរង្វង់ពី១៥ ទៅ២២អង្សារ

Share

ភ្នំពេញ៖ សីតុណ្ហភាពនៅកម្ពុជានឹងអាចចុះត្រជាក់ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងរង្វង់ពី ១៥ដល់២២អង្សារ ជាពិសេសបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ(ថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា) កម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជាចុះត្រជាក់ ដោយបណ្តាខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាបរួមមានខេត្តមណ្ឌលគីរី រតនគីរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ដោយសីតុណ្ហភាពអប្បបរមានាពេលព្រឹក និងពេលយប់មានក្នុងរង្វង់ពី ១៥អង្សារ ដល់១៩អង្សារ។ ចំណែកតំបន់ទំនាបកណ្តាល នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ដោយសីតុណ្ហភាពអប្បរមាស្ថិតក្នុងរង្វង់ ១៨អង្សារ ដល់២២អង្សារ។ ដោយឡែកនៅតំបន់មាត់សមុទ្រវិញ មានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ សីតុណ្ហភាពអប្បរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៩ទៅ២២អង្សារ។

ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕

សេចក្តីជូនដំណឹង៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

Share

Image
Image
Image