en     km
en     km

អង្គការចំនួន ៤ បានផ្អាកដំណើរការនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានធ្វើទុក្ខបុកម្មេញលើបុគ្គលិកស្រី

Share

 

ទីភ្នាក់ងារជំនួយអន្តរជាតិចំនួន ៤ ដែលក្នុងនោះរួមមានអង្គការ Save the Children បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូនេះថា ពួកគេបានផ្អាកដំណើរការកម្មវិធីមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមតាលីបង់។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូកន្លងទៅនេះ ប្រទេសអាហ្វហ្គានីដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានដាក់បញ្ជាហាមឃាតមិនឱ្យមានបុគ្គលិកជាស្រ្តីទៅបម្រើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសឡើយ។ បទបញ្ជានេះត្រូវអនុវត្តរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ការដាក់បញ្ជានេះកើតឡើងដោយសារស្ត្រីមួយចំនួនមិនបានប្រកាន់ខ្ជាប់ទៅនឹងរបៀបស្លៀកពាក់តាមបែបអ៊ីស្លាមដែលបានកំណត់ដោយក្រុមតាលីបង់។

តាមប្រភពដដែលបានបន្តថា​ អង្គការមិនមែនរដ្ឋាភិបាលចំនួនបីមានដូចជា អង្គការ Save the Children ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស និងអង្គការអន្តរជាតិ CARE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេកំពុងផ្អាកដំណើរការកម្មវិធីរបស់ពួកគេ ខណៈដែលពួកគេកំពុងរង់ចាំការបញ្ជាក់បន្ថែមអំពីបទបញ្ជារបស់ក្រុមតាលីបង់។

លើសពីនេះ សេចក្តីថ្លែងការណ៍បាននិយាយដូច្នេះថា ពួកគេមិនអាចបំពេញតម្រូវការរបស់កុមារ ស្ត្រី និងបុរសក្នុងប្រទេសអាហ្វហ្គានីស្ថានបានឡើយ ប្រសិនបើគ្មានវត្តមានរបស់បុគ្គលិកស្រីចូលរួមនោះទេ។ ម្យ៉ាងទៀត ប្រសិនបើគ្មានស្ត្រីជំរុញកិច្ចការនោះទេ ក៏ពួកគេនឹងមិនអាចដឹងឮរឿងរ៉ា​វរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលមានភាពខ្វះខាតចាប់តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ។

ចំណែកឯ អង្គការក្រៅរដ្ឋាភិបាលមួយទៀត គឺទីភ្នាក់ងារជំនួយអន្តរជាតិ AfghanAid បាននិយាយថា ខ្លួនកំពុងផ្អាកប្រតិបត្តិការភ្លាមៗ ខណៈពេលដែលខ្លួនបានពិគ្រោះជាមួយអង្គការផ្សេងទៀត ហើយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតកំពុងចាត់វិធានការស្រដៀងគ្នានេះដែរ។

ដោយឡែក គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកដំណើរការនៅក្នុងប្រទេស ដោយលើកឡើងពីហេតុផលស្រដៀងគ្នានេះដែរ។ IRC បានបង្ហាញពីទិន្នន័យរបស់ខ្លួនថា ខ្លួនមានបុគ្គលិកជាង ៨,000 នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលក្នុងនោះស្រ្តីមានចំនួនជាង ៣,000 នាក់។

យ៉ាងណា​មិញ អ្នកនាំពាក្យរបស់រដ្ឋបាលតាលីបង់ លោក Zabihullah Mujahid បានវាយបកចំពោះការរិះគន់នេះ ដោយនិយាយថា ស្ថាប័នទាំងអស់ដែលចង់ប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានកាតព្វកិច្ចគោរពតាមច្បាប់របស់ប្រទេស។ លោក Mujahid បានបន្តថា លោកនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយមិនល្អ ឬធ្វើការគំរាមកំហែងទាក់ទិននឹងការសម្រេចចិត្តរបស់មេដឹកនាំរបស់លោក ក្រោមពាក្យថាជាជំនួយមនុស្សធម៌នោះទេ៕

 

ប្រភព៖ Reuters​ ថ្ងៃច័ន្ទ ទី២៦ ខែធ្នូ​ ឆ្នាំ២០២២

Share

Image
Image
Image