ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដោយបើកចំហរទៅកាន់អ្នកធ្លាប់ជេរប្រមាថរាជរដ្ឋាភិបាលគឺអាចមកលេងស្រុកកំណើតបានករណីគ្មានជាប់បណ្តឹងនៅតុលាការ។ ភ្លើងខៀវពីសម្តេច ហ៊ុន សែន នេះត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថាជារឿងល្អមួយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានប្រកាសក្ដែងៗថា អ្នកធ្លាប់ជេររាជរដ្ឋាភិបាលអាចចូលមកលេងស្រុកកំណើតបាន ករណីមិនមានដីកាចាប់ខ្លួន។
ការថ្លែងដោយបើកភ្លើងខៀវនេះ ធ្វើឡើងខណៈសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចូលរួមបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២២នេះ។ សម្រាប់សម្ដេច ហ៊ុន សែន ការប្រកាសឱ្យអ្នកធ្លាប់ទិចទៀនរដ្ឋាភិបាលអាចមកលេងកម្ពុជាក្នុងឱកាសពិធីបុណ្យណូអែលបាន ព្រោះសម្តេចចង់អ្នកទាំងនោះបានឃើញពីស្ថានភាពពិតប្រាកដរបស់កម្ពុជា ថាដូចការលើកឡើងរបស់ពួកគេដែរឬទេ។
ទាក់ទងរឿងនេះ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូនិយាយថា ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលបែបនេះ ជារឿងល្អមួយ ដោយលោកចាត់ទុកភាគីទាំងពីរសុទ្ធសឹងជាខ្មែរដូចគ្នា។ តែយ៉ាងណា ដើម្បីធានាដល់ការមកដល់ដោយសុវត្ថិភាព លោក អំ សំអាត សំណូមពរដល់ប្រជាពលរដ្ឋត្រូវបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងរិះគន់ក្នុងន័យស្ថាបនា។
មន្រ្តីផ្នែកសិទ្ធិមនុស្សរូបនេះ បានស្នើដល់រាជរដ្ឋាភិបាល ករណីមានការចោទប្រកាន់ និងការប្ដឹងផ្ដល់អ្វីមួយ ទាក់ទងដល់ការបញ្ចេញមតិ ត្រូវពិនិត្យមើលលើគោលការណ៍ស្មារតីនៃសេរីភាពការបញ្ចេញមតិ មុនពេលយកច្បាប់មកអនុវត្ត៕