en     km
en     km

សម្តេចហ៊ុន សែន៖ វ៉ាក់សាំងដែលនៅសល់ក្នុងស្ដុក ដោយសារពលរដ្ឋមួយចំនួនមិនទៅចាក់ដូសទី៣បន្ត

Share

សម្តេចហ៊ុន សែន បញ្ចាក់ថា ប្រជាពលរដ្ឋមួយចំនួនដែលបានចាក់វាក់សាំងដូសទី២រួច ហាក់មិនអើពើចំពោះការចាក់វ៉ាក់សំាងដូសទី៣ដែលជាដូសជម្រុញឡើយ ដោយយល់ថាចាក់តែ២ដូសគឺគ្រប់គ្រាន់។ ការណ៍នេះធ្វើឱ្យចំនួនវ៉ាក់សាំងដែលនៅក្នុងស្ដុកនៅសល់ដោយគ្មានមនុស្សទៅចាក់ ហើយកម្ពុជាមិនអាចទទួលយកវ៉ាក់សាំងពីបរទេសបន្ថែមទៀតបាន។ លោក គីម ចាន់ចាវ រាយការណ៍

 

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានប្រជាជនប្រមាណ៤លាននាក់ទៀត នៅមិនទាន់ទទួលវ៉ាក់សាំងដូសទី៣ ដោយពួកគាត់យល់ច្រំឡំថា ចាក់តែពីដូសគឺគ្រប់គ្រាន់។ ការមិនចាក់វ៉ាក់សាំងបន្តបែបនេះ ធ្វើឱ្យចំនួនវ៉ាក់សាំង ក្នុងស្ដុកនៅសល់ ខណៈដែលប្រទេសជាមិត្ត ដែលភាគច្រើនជាប្រទេសមហាអំណាច កំពុងតែផ្ដល់វ៉ាក់សាំងមកកម្ពុជាជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលឃាត់ មិនទាន់ឱ្យដឹកមកកម្ពុជានោះទេ។ ការបញ្ជាក់បែបនេះពីសម្តេច ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នៅថ្ងៃទី២៦ ខែធ្នូនេះ។

 

«គឺនៅសល់មនុស្សប្រមាណ៤លាននាក់ទៀតដែលមិនទាន់មកយកដូសទី៣។ ឥលូវធ្វើឱ្យយើងវ៉ាក់សំាងណា៎ ប្រធានាធិបតីហ្ស៊ី ជីនភីង ប្រកាសឱ្យវ៉ាក់សាំងយើងចំនួន២០លានដូស ដឹកមក៥លានហើយ ឥលូវ១៥លានទៀតកុំទាន់ដឹកមកអី ព្រោះប្រើអត់ទាន់អស់។ សហរដ្ឋអាមេរិកប្រកាសឱ្យវ៉ាក់សាំងចំនួន៥លាន៥សែនដូស ដឹកមក២លានហើយ នៅសល់៥លាន៥សែនដូសទៀតគឺផ្អាកសិន កុំទាន់ដឹកមក ព្រោះវ៉ាក់សាំងនៅក្នុងឃ្លាំង៧លានដូសទៀតអត់ទាន់មានមនុស្សទៅទទួល។ ខ្លះចាក់ដល់ដូសទី៥ ប៉ុន្តែរឿងដូសទី២នេះ ដូសទី៣នេះ អត់ទាន់មានមនុស្សទៅទទួល ប្រហែលជាគាត់គិតថាទី១ គឹ២ដូសគ្រប់គ្រាន់ ទី២គាត់អត់ឃើញមនុស្សឆ្លង និងមនុស្សស្លាប់តទៀត។ ចឹងបានជាបញ្ហានេះបានក្លាយទៅជាចំណោទមួយដែលខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រុងប្រយ័ត្នមិនដឹងថាមានជំងឺ កើតឡើងទៀត បើយើងមានភាពផ្ស៊ាំសហគមកើតឡើង»

 

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបាន៩៥,២៤% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ក្នុងនោះប្រជាជនអាយុពី ១៨ឆ្នាំឡើង សម្រេចបាន ១០៣,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ កុមារអាយុ ០៥ឆ្នាំ មាន ១៤០,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ កុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៦៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។

 

សម្តេចហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង និងបន្តរួមគ្នាជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា អះអាងថាទោះបីជារលកថ្មីនៃកូវីដ-១៩ នៅតែបន្តកើតមានក៏ដោយ ក៏កម្ពុជាអាចបើកប្រទេសឡើងវិញលើគ្រប់វិស័យ រក្សាបាននូវសកម្មភាពសេដ្ឋកិច្ចសង្គមធម្មតា និងជំរុញកំណើនសេដ្ឋកិច្ចរឹងមាំចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ៕

Share

Image
Image
Image